ខ្មែរប៉ុស្ដិ៍ Close

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យបណ្តាប្រទេសក្នុងតំបន់​រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យបណ្តាប្រទេសក្នុងតំបន់​រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យបណ្តាប្រទេសក្នុងតំបន់​រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ទាមទារឱ្យមានសាមគ្គីភាព និងភាពជាដៃគូអន្តរជាតិ ខណៈជំងឺរាតត្បាតនេះ កំពុងបំផ្លិចបំផ្លាញជុំវិញពិភពលោក។

ការលើកឡើងនេះ ធ្វើឡើងតាមរយៈសារអបអរសាទរក្នុងឱកាសកម្ពុជារៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ ACC លើកទី២ តាមប្រព័ន្ធអ៊ីនធឺណែត ថ្ងៃទី១៩ ខែមីនា ក្រោមប្រធានបទ ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍ ដើម្បីវិបុលភាពរួមក្នុងអំឡុងពេលនិងក្រោយកូវីដ-១៩។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយស ACC ផងនោះ មានប្រសាសន៍ថា ប្រធានបទនៃកិច្ចប្រជុំនេះ ពិតជាប្រធានបទដ៏ល្អ និងមានទំនាក់ទំនងខ្លាំងណាស់ជាមួយស្ថានភាពបច្ចុប្បន្នរបស់ពិភពលោក។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «គ្មានប្រទេស ឬសង្គមណាមួយមានសុវត្ថិភាពនោះទេ បើយើងទាំងអស់គ្នាមិនមានសុវត្ថិភាពនោះ។ នៅពេលដែលយើងត្រូវបានបង្ខំឱ្យរស់នៅតាមទម្លាប់ថ្មី យើងចាំបាច់ត្រូវមាននវានុវត្តន៍ និងចក្ខុវិស័យក្នុងការប្រែក្លាយវិបត្តិទៅជាឱកាសមួយសម្រាប់កំណែទម្រង់ និងដំណើរឆ្ពោះទៅមុខ។ ក្នុងន័យនេះ ការវិនិយោគលើការអភិវឌ្ឍផ្អែកលើវប្បធម៌ និងការលើកកម្ពស់នវានុវត្តន៍ផ្អែកលើធនធាន និងភាពចម្រុះរបស់វប្បធម៌ សុទ្ធតែជាជម្រើសគោលនយោបាយចម្បងរបស់យើង។ សម្រាប់កម្ពុជា ទេសចរណ៍វប្បធម៌ និងនវានុវត្តន៍ឧស្សាហកម្មផ្អែកលើវប្បធម៌ គឺជាចំណុចខ្លាំងរបស់យើង។»

លោកនាយករដ្ឋមន្ត្រី បន្តថា ការប្តេជ្ញាចិត្តផ្នែកនយោបាយ និងធ្វើការរួមគ្នាដើម្បីជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ លើការអភិវឌ្ឍ និងនវានុវត្តន៍ ដោយមានវប្បធម៌ គឺជាចលករ ដើម្បីសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

គួរជម្រាបថា ACC ត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៊ី ក្រោមភាពជាដៃគូនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP ដែលមានសមាជិកចំនួន ៣៥២គណបក្ស រួមទាំងគណបក្សកំពុងកាន់អំណាច និងគណបក្សប្រឆាំងមកពី៥២ប្រទេស នៅទ្វីបអាស៊ី ក្នុងគោលបំណងចូលរួមលើកកម្ពស់ការតភ្ជាប់វប្បធម៌ និងសង្គមរវាងទ្វីបអឺរ៉ុប និងអាស៊ី ដើម្បីជាប្រយោជន៍ដល់ការរក្សាសន្តិភាព ការអភិវឌ្ឍ ការគ្រប់គ្រងបម្រែបម្រួលអាកាសធាតុ ជំនួយមនុស្សធម៌ ការជួយសង្គ្រោះប្រជាជនក្នុងគ្រោះមហន្តរាយ ជំងឺរាតត្បាតនានា និងការតភ្ជាប់ទំនងទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាដើម៕

អត្ថបទទាក់ទង