ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី នៅប្រទេសជប៉ុន

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 51
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី នៅប្រទេសជប៉ុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី នៅប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងសន្និសីទអន្តរជាតិលើកទី២៥នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះមួយលើមូលបទ«ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី-ការជម្នះភាពវឹកវរ» ព្រមទាំងចែករំលែកទស្សនៈវិស័យលើបរិបទសកលលោកបច្ចុប្បន្ន ចក្ខុវិស័យនាពេលអនាគត មាគ៌ាឆ្ពោះទៅមុខ និងការប្តេជ្ញាចិត្ត និងរួមចំណែករបស់កម្ពុជាក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្នុងពិភពលោក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ហើយនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិតប្តូរសារព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២ រួមមាន៖ 

ទី១- ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន 

ទី២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន។

ក្នុងឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបជាមួយឥស្សរៈជនជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុនជាច្រើនទៀត ហើយជាមួយគ្នានោះដែរ លោក នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដែលសហការរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និង ធនាគារមីហ្ស៊ូហូ (Mizuho)៕

អត្ថបទទាក់ទង