ខ្មែរប៉ុស្ដិ៍ Close

ប្រទេសជប៉ុនផ្តល់ថវិកាជាង៣លានដុល្លារ ដល់គម្រោងដើម្បីបញ្ចប់អំពើហិង្សា​លើកុមារក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ក្នុងប្រទេសកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 25
ប្រទេសជប៉ុនផ្តល់ថវិកាជាង៣លានដុល្លារ ដល់គម្រោងដើម្បីបញ្ចប់អំពើហិង្សា​លើកុមារក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ក្នុងប្រទេសកម្ពុជា ប្រទេសជប៉ុនផ្តល់ថវិកាជាង៣លានដុល្លារ ដល់គម្រោងដើម្បីបញ្ចប់អំពើហិង្សា​លើកុមារក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ក្នុងប្រទេសកម្ពុជា

ទោះបីជាកុមារប្រឈមនឹងហានិភ័យសុខភាពពីជំងឺកូវីដ-១៩ តិចជាងមនុស្សពេញវ័យ​ក៏​ដោយ ក៏មានរបាយការណ៍សកលមួយចំនួនបានបង្ហាញថា កុមារអាចនឹងមាន​ហានិភ័យ​ខ្ពស់ក្នុងការទទួលរងនូវអំពើហិង្សាដែលបណ្ដាលមកពីជំងឺរាតត្បាតនេះ។ ការរឹត​ត្បិតលើ​ការធ្វើដំណើរ ការបាត់បង់ប្រាក់ចំណូល ភាពឯកោ កន្លែងរស់នៅចង្អៀត និង​កម្រិតខ្ពស់​នៃភាពតានតឹង និងជំងឺថប់បារម្ភធ្វើឱ្យមានការកើនឡើងនូវលទ្ធភាពដែលកុមារ អាចជួប​ប្រទះ និងទទួលរងការរំលោភបំពានលើរាងកាយ និងផ្លូវចិត្តនៅផ្ទះ។ ជាការឆ្លើយ​តបទៅ​នឹង​បញ្ហាទាំងនេះ រដ្ឋាភិបាល​ជប៉ុន​និងអង្គការ ​យូនីសេហ្វ កំពុងចាប់ផ្តើមគម្រោងថ្មី​មួយ​ឈ្មោះ​ថា “ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារនៅកម្ពុជា ក្នុងអំឡុងពេល នៃការ​រាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងការស្តារឡើងវិញ”។

ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាចំនួន ៣៤០ ០០០ ០០០ យេន (ប្រមាណ​ជា ៣ ០៩០ ៩០៩ ដុល្លារអាម៉េរិក) ដល់យូនីសេហ្វសម្រាប់គម្រោងនេះ។ ការ​ផ្ដល់ថវិកានេះ ក្នុងគោល​បំណងរបស់គម្រោងគឺដើម្បីធានាថាកុមារា និងកុមារី នៅកម្ពុជា​ទទួល​បានការការពារពីអំពើហិង្សា ការកេងប្រវ័ញ្ចនិងការរំលោភបំពានក្នុងអំឡុងពេល​រាត​ត្បាត​នៃជំងឺកូវីដ-១៩និងការស្តារឡើងវិញ ដើម្បីពង្រឹងសន្តិសុខមនុស្សជាតិ។ នេះបើតាម​សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានគូសបញ្ជាក់ថា សេវាកម្មកិច្ចការពារកុមារមួយចំនួន​បាន​ប្រឈមនឹងការរំខានក្នុងអំឡុងពេលមានជំងឺរាតត្បាតដូច្នេះគម្រោងនេះមានគោលបំណងធានានូវការស្តារនិងការបន្តសេវាកម្មកិច្ចការពារទាំងនេះឡើងវិញ។ គម្រោងនេះ​ នឹង​បង្កើត​នូវយុទ្ធសាស្រ្តនិងការអន្តរាគមន៍ដែលមានស្រាប់ដើម្បីពង្រឹងសេវាកម្មកិច្ចការពារ​កុមារ​ដែលងាយរងគ្រោះខ្លាំង​និងក្រុមគ្រួសាររបស់ពួកគេនៅទូទាំងប្រទេសកម្ពុជាក្នុង​អំឡុង​ពេល​រាតត្បាតនៃជំងឺកូវីដ-១៩ និងការស្តារឡើងវិញ។ ទន្ទឹមនេះ គម្រោងក៏នឹង​គាំទ្រ​រាជរដ្ឋាភិ​បាលកម្ពុជាក្នុងការបង្កើត និងអនុវត្តន៍ក្របខ័ណ្ឌស្ថាប័ន និងក្របខ័ណ្ឌគតិយុត្ត ដើម្បីលើកឡើងពីកត្តាហានិភ័យនានាដែលអាចកើតមានឡើងដោយសារជំងឺ​​កូវីដ-១៩ ទៅ​ លើកិច្ចការពារកុមារ។ ក្រៅពីនេះ គម្រោងនេះក៏នឹងគាំទ្រដល់លោកគ្រូអ្នកគ្រូ បុគ្គលិក​សិក្សា ឪពុកម្តាយ និងអ្នកមើលថែទាំក្នុងការរៀនពីវិធីថ្មីៗដើម្បីបង្កើនចំណេះដឹង​ឥរិយាបថ​និងការអនុវត្តរបស់ពួកគេដើម្បី​ទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។

ក្នុងសេចក្ដីប្រកាសបានលើកឡើងដែរថា អ្វីដែលសំខាន់បំផុតនោះគឺគម្រោងនេះ​នឹងធានាថាកុមារងាយរងគ្រោះអាចទទួលបាន​សេវាកម្ម​ការពារប្រកបដោយគុណភាព​រួម​មាន​ការគ្រប់គ្រងករណី ការគាំទ្រសុខភាពផ្លូវចិត្តនិងការគាំទ្រផ្នែកចិត្តសាស្ត្រ​ និងសង្គម ជំនួយផ្នែកច្បាប់និងសេវាសុខភាព។ លើសពីនេះទៀត ខ្សែបណ្តាញ​ជំនួយ​ និងលេខ​ទំនាក់​ទំនងទាន់ហេតុការណ៍ នឹងត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវ​បណ្តាញ​សុវត្ថិភាព​ដែលមានភាពងាយស្រួលទាក់ទងសម្រាប់កុមារនិងមនុស្សពេញវ័យដើម្បីរាយការណ៍អំពីអំពើហិង្សារួមទាំងការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពាន។ ក្រៅពីនេះ សុវត្ថិភាព​របស់កុមារតាម​ប្រព័ន្ធអ៊ិនធើណេតនឹងត្រូវបានលើកកម្ពស់តាមរយៈការពង្រឹងភាពជាដៃគូ​ជាមួយឧស្សាហកម្មព័ត៌មាននិងបច្ចេកវិទ្យា (ICT) និងការលើកកម្ពស់ការយល់ដឹង​និង​សកម្ម​ភាពអប់រំសម្រាប់កុមារនិងអ្នកថែទាំ។ ចំពោះការគ្រប់គ្រងទិន្នន័យ​និងការបង្កើត​ភស្តុតាងនឹងត្រូវបានពង្រឹងតាមរយៈការធ្វើឱ្យប្រសើរឡើងនូវរបាយការណ៍និងគុណភាពនៃទិន្នន័យដែលទាក់ទងនឹងអំពើហិង្សាលើកុមារ។

តែទោះបីយ៉ាងណាក៏ដោយ សម្រាប់គោលដៅចុងក្រោយនោះគឺការ​គាំទ្ររាជរដ្ឋាភិ​បាលកម្ពុជាក្នុងការបង្កើតប្រព័ន្ធការពារកុមារដែលមានការសម្របសម្រួលសមស្របនិងប្រកបដោយចីរភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបង្កឡើងកាន់តែខ្លាំងដោយសារជំងឺកូវីដ-១៩ ក្រោមកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល (CSOs) និងដៃគូពាក់ព័ន្ធដទៃទៀត។

លោកស្រី ហ្វ័រូហ្គ​​ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា “រាល់ទម្រង់នៃអំពើហិង្សាដែលកុមារបានជួបប្រទះអាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ និងពេញមួយជីវិត ហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំងដែលពួកគេអាចមាន​ហានិ​ភ័យ​ខ្ពស់ក្នុងការទទួលរងនូវអំពើហិង្សានិងការរំលោភបំពានក្នុងអំឡុងពេលដ៏លំបាកនៃ​ជំងឺរាតត្បាតកូវីដ-១៩”។ លោកស្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន​ដែលបាន​ចូលរួមចំណែកយ៉ាងសំខាន់និងទាន់ពេលវេលា។

លោកស្រីបានបន្ថែមថា “គម្រោងនេះមានគោលបំណងពង្រឹងប្រព័ន្ធ​និងសេវាកម្ម​កិច្ចការពារកុមារនិងចូលរួមចំណែកសម្រេចឱ្យបាននូវសិទ្ធិលូតលាស់របស់កុមារកម្ពុជានៅក្នុងបរិស្ថានប្រកបដោយសុវត្ថិភាពនិងកិច្ចការពារ”។

ឯកឧត្តម មិកាមិ​​ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុន​ប្រចាំកម្ពុជាបានគូសបញ្ជាក់ថា អំពើហិង្សាក្នុងវ័យកុមារភាព​​ អាចបង្កគ្រោះថ្នាក់ជាច្រើន​ដល់​កុមារ​ និងពេញមួយជីវិតរបស់ពួកគេ ហើយការទទួលរងគ្រោះនូវអំពើហិង្សានៅ​វ័យ​កុមារភាព ជារឿយ​ៗ​នាំឱ្យមានផលអវិជ្ជមានខាងអាកប្បកិរិយាផ្លូវចិត្ត​និងរាងកាយនៅ​ក្នុង​វ័យជំទង់និងពេញវ័យដែលជាបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ ឯកឧត្តមឯកអគ្គរាជទូតបានលើកឡើងថា​ “អង្គការយូនីសេហ្វមានសកម្មភាពនៅកម្ពុជា​ចាប់តាំងពីឆ្នាំ ១៩៥២ និងមានបទពិសោធន៍លេចធ្លោរក្នុងការធ្វើការដើម្បី​បញ្ចប់អំពើ​ហិង្សា​លើកុមារ។ ឯកឧត្ដមបានអះអាងថា នេះជាមូលហេតុដែល​រដ្ឋាភិបាល​ជប៉ុន​ចាត់ទុក​យូនីសេហ្វជាដៃគូដែលគួរឱ្យទុកចិត្តបំផុតដើម្បីសម្រេចគោលដៅនេះ។

ឯកឧត្ដមឯកអគ្គរាជទូតបានថ្លែងបញ្ជាក់ថា៖

“រដ្ឋាភិបាល​ជប៉ុន​និងយូនីសេហ្វប្តេជ្ញា​ចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ចប់អំពើហិង្សាលើកុមារហើយនឹងបន្តរហូតដល់យើងបានជួយបង្កើតពិភពលោកមួយដែលគ្មានកុមារណាម្នាក់ត្រូវបានទុកចោល។ យើងនឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បី​ជួយស្តារ​ប្រទេស​​ឡើងវិញពីជំងឺកូវីដ ១៩”៕

អត្ថបទទាក់ទង