ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២០នាក់ ខណៈអ្នកជាសះស្បើយចំនួន ៨៣នាក់
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន២០នាក់ ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជាសះស្បើយមានចំនួនរហូតដល់ទៅ ៨៣នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង ២០នាក់នោះ មាន ១ករណីជាករណីនាំចូល ១ករណីជាករណីកើតឡើងពលករមកពីថៃ និង១៨ករណីជាករណីដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍ «២០កុម្ភៈ»។ ក្នុងនោះដែរ អ្នកជំងឺទាំង២០នាក់នោះ រួមមានជនជាតិខ្មែរ ១៩នាក់ និងជនជាតិវៀតណាមចំនួន ១នាក់។
ចំណែកអ្នកជាសះស្បើយទាំង ៨៣នាក់នោះវិញរួមមាន៖
- ១១នាក់ជាអ្នកដំណើរចូលមកកម្ពុជា (ពុំមែនជាពលករមកពីថៃ) ក្នុងនោះជនជាតិខ្មែរមាន ៦នាក់ ជនជាតិចិនមាន ៥នាក់
- ៧២នាក់ជាអ្នកដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍២០កុម្ភៈ» ដែលរួមមាន ជនជាតិខ្មែរចំនួន ១៦នាក់ ជនជាតិចិនចំនួន ៥១នាក់ ជនជាតិវៀតណាមចំនួន ៣នាក់ និងជនជាតិម៉ាឡេស៊ីចំនួន ២នាក់
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១.៣២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៧៣០នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩២នាក់ ៕