ក្រសួងប្រៃសណីយ៍ អំពាវនាវឲ្យម្ចាស់ទីតាំងទាំងអស់ប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មានថា បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ក្នុងរយៈពេល ១២ថ្ងៃ មានទីតាំងចុះឈ្មោះបង្កើត QR Code ចំនួន ៩៩២២៤កន្លែង និងមានបុគ្គលស្កេនតាមទីតាំងផ្សេងៗជិត ៥លានដង។ តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ អ្នកស្កេន អាចទទួលបានដំណឹងភ្លាមៗ ប្រសិនបើមានករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ហើយ ម្ចាស់ទីតាំង អាចដឹងពីស្ថានភាពបុគ្គលម្នាក់ៗដែលទៅដល់ទីតាំងរបស់ខ្លួន។
ក្នុងគោលបំណងបន្តការពារសុខភាពសាធារណៈ និងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអំពាវនាវដល់បុគ្គល ដែលកំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង មិនត្រូវចាកចេញពីផ្ទះ ឬកន្លែងធ្វើចត្តាឡីស័កជាកំហិត ក្នុងអំឡុងពេល ១៤ថ្ងៃ។
ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ បានបញ្ជាក់ថាតាមរយៈទិន្នន័យប្រព័ន្ធ QR Code បានបង្ហាញថា ក្នុងចំណោមបុគ្គលដែលកំពុងធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះ មានបុគ្គលខ្លះ បានចាកចេញពីផ្ទះដោយចូលទីតាំងជាច្រើនកន្លែង ដែលជាការល្មើសនឹងវិធាននៃការធ្វើចត្តាឡីស័ក។
យោងអនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អ្នកគេចវេះមិនធ្វើចត្តាឡីស័កនឹងត្រូវទទួលពិន័យពី ១លានដល់៥លានរៀល និងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។
ជាថ្មីម្ដងទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានណែនាំដល់ម្ចាស់ទីតាំងដែលមិនទាន់បានប្រើប្រាស់ QR Code នេះ សូមមេត្តារួសរាន់បង្កើត QR Code សម្រាប់ទីតាំងរបស់ខ្លួនតាមរយៈគេហទំព័រ stopcovid.gov.kh។
ម្ចាស់ទីតាំងត្រូវតម្រូវឱ្យបុគ្គលចូលទីតាំងរបស់ខ្លួន ស្កេន QR Code ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងជីងឺកូវីដ-១៩របស់បុគ្គលទាំងនោះ តាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទក្រោយពេលស្កេន ដូចខាងក្រោម៖
– ពណ៌បៃតង បញ្ជាក់ពីស្ថានភាពធម្មតា៖ លោកអ្នកអាចអនុញ្ញាតឱ្យបុគ្គលនោះចូលដោយអនុវត្តតាមវិធានសុខាភិបាល។
– ពណ៌លឿង បញ្ជាក់ពីបុគ្គលដែលបានប៉ះពាល់អ្នកជំងឺកូវីដ-១៩ដោយផ្ទាល់ ឬដោយប្រយោលក្នុងអំឡុងពេល១៤ថ្ងៃចុងក្រោយ និងមិនទាន់បញ្ចប់ការធ្វើចត្តាឡីស័ក៖ លោកអ្នកអាចសម្រេចមិនឱ្យបុគ្គលនោះចូល។
– ពណ៌ក្រហម បញ្ជាក់ពីស្ថានភាពហានិភ័យខ្ពស់ថាបុគ្គលនោះមានជំងឺកូវីដ-១៩៖ លោកអ្នកមិនត្រូវអនុញ្ញាតឱ្យបុគ្គលនោះចូលទីតាំងរបស់ខ្លួនទេ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា ការចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code នេះទាំងអស់គ្នា ដើម្បីបង្កាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសកលនេះ និងជួយឱ្យសកម្មភាពធុរកិច្ចរបស់លោកអ្នកអាចនៅដំណើរការបានជាធម្មតាតាមបែបគន្លងថ្មី។
សម្រាប់ព័ត៌មានពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ QR Code ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមឲ្យធ្វើការទាក់ទងទៅលេខទូរសព្ទ 123 (ហៅចូលដោយឥតគិតថ្លៃ) ឬ 099 888 516 ឬ 012 979 079៕