ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរស្រុកសូទ្រនិគម រួមគ្នាអប់រំផ្សព្វផ្សាយបញ្ឈប់ការជីកកាយយកអាចម៍ដីពីទំនប់ព្រែកជីកបុរាណ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 32
អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរស្រុកសូទ្រនិគម រួមគ្នាអប់រំផ្សព្វផ្សាយបញ្ឈប់ការជីកកាយយកអាចម៍ដីពីទំនប់ព្រែកជីកបុរាណ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរស្រុកសូទ្រនិគម រួមគ្នាអប់រំផ្សព្វផ្សាយបញ្ឈប់ការជីកកាយយកអាចម៍ដីពីទំនប់ព្រែកជីកបុរាណ

កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា រួមទាំងសហការី និងមន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន បានចូលរួមប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋប្រកបអាជីវកម្មដុតឥដ្ឋនិងក្បឿង កុំជីកការជីកកាយយកអាចម៍ដី ពីទំនប់ព្រែក។

កិច្ចប្រជុំបានប្រព្រឹតទៅនៅសាលាឃុំដានរុន ស្រុកសូទ្រនិគម មានគោលបំណងអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលមានអាជីវកម្មដុតឥដ្ឋនៅលើខ្នងទំនប់ព្រែកស្រមោច ឬហៅថាផ្លូវសំពៅ ដែលជាទំនប់បុរាណមានប្រភពពីជើងភ្នំគូលែន ដល់បឹងទន្លេសាប ដើម្បីសុំកុំឲ្យមានការជីកកាយយកអាចម៍ដីពីខ្នងទំនប់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបជាបន្តទៀត។

លោក គឹម សុធិន លើកឡើងថា ដើម្បីចូលរួមថែរក្សាកេរដំណែលរបស់ដូនតាក៏ដូចជាសម្បត្តិបេតិកភណ្ឌជាតិ សូមបងប្អូនអាជីវករផលិតឥដ្ឋនិងក្បឿងអាចប្រើប្រាស់ទីតាំងរបស់ខ្លួនដូចដើម ប៉ុន្តែត្រូវយកអាចម៍ដីពីកន្លែងផ្សេងមកធ្វើ ជៀសវាងការខូចខាត ឬធ្វើឲ្យបាត់បង់ស្លាកស្នាមប្រវត្តិសាស្រ្ត។ លោកក៏បានស្នើសុំឲ្យជួយថែរក្សាបុរាណដ្ឋានមួយចំនួនផ្សេងៗទៀត មានដូចជាប្រាសាទ បឹងបុរាណ ទួលបុរាណ សម្រាប់កូនចៅជំនាន់ក្រោយ។

សូមបញ្ជាក់ថា ព្រែកជីកខាងលើនេះមានប្រភពពីជើងភ្នំគូលែន រហូតដល់បឹងទន្លេសាប។ ថ្វីត្បិតសព្វថ្ងៃបានបាត់ដានខ្លះៗនៅជិតភ្នំ ប៉ុន្តែផ្នែកខាងក្រោម មានដានកាន់តែច្បាស់មានទឹកប្រើប្រាស់ជាព្រែកនៅឡើយ។ កាលពីសម័យបុរាណ ព្រែកជីកនេះមានតួនាទីសំខាន់ ក្រៅពីផ្តល់ទឹកសម្រាប់កសិកម្មដល់សហគមន៍ជុំវិញ គឺជាផ្លូវដឹកជញ្ជួនថ្មពីភ្នំគូលែនមកតំបន់អង្គរ និងសម្រាប់ធ្វើជំនួញផង។ល៕

អត្ថបទទាក់ទង