ខ្មែរប៉ុស្ដិ៍ Close

ប្រព័ន្ធ QR Code Stop Covid19 ត្រូវបានផ្សព្វផ្សាយ និងណែនាំឱ្យប្រើប្រាស់នៅទីតាំងក្នុងក្រុងសៀមរាប ដែលមានសាធារណៈជនចេញចូលច្រើន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 23

អនុវត្តតាមការណែនាំពី លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ដ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក៏ដូចជាក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ក្រុមការងាររបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប បានសហការជាមួយមន្ទីរ អង្គភាពនានាក្នុងខេត្តព្រមទាំងសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត និងក្រុមយុវជនស្ម័គ្រចិត្ត តោះទៅលេងសៀមរាប បានចុះផ្សព្វផ្សាយអំពីរបៀបបង្កើត និងការប្រើប្រាស់ប្រព័ន្ធ QR Code Stop Covid19 នៅតាមសាលារៀន ស្ថាប័ន និងគ្រឹះស្ថានសាធារណៈទីតាំងលក់ដូរ ហាងធំៗ និងនៅតាមសួនសាធារណៈក្នុងក្រុងសៀមរាប និងតាមបណ្តាទីប្រជុំជនក្រុង ស្រុកទាំង១២ក្នុងខេត្ត។

នាឱកាសនោះ លោក សុខ សីហា ប្រធានមន្ទីរប្រៃណីយ និងទូរគមនាគមន៍ខេត្ត បានថ្លែងថា រដ្ឋបាលខេត្តសៀមរាបបានចូលរួមយ៉ាងសកម្មក្នុងការជំរុញផ្សព្វផ្សាយដល់គ្រប់ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ក្នុងខេត្តឱ្យប្រើប្រាស់ប្រព័ន្ធ QR Code Stop Covid-19 បន្ថែមលើវិធានការនានាដែលមានស្រាប់ ដើម្បីចូលរួមជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងនឹង Covid-19 ទប់ស្កាត់និងគ្រប់គ្រងទិន្នន័យអ្នកឆ្លង Covid-19 ដោយបានចុះផ្សព្វផ្សាយការបង្កើត និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code Stop Covit19 ដល់បណ្តាមន្ទីរអង្គភាព-គ្រឹះស្ថានសាធារណ៖

  • សាលារៀន
  • ភោជនីយដ្ឋាន
  • ផ្សារទំនើប
  • ហាងអាជីវកម្មផ្សេងក្នុងក្រុងសៀមរាប

រហូតមកទល់ពេលនេះទីកន្លែងដែលកំពុងប្រើប្រាស់ QR code មាន៖

  • សាលាខេត្ត
  • មជ្ឈមណ្ឌលរដ្ឋបាលមន្ទីរខេត្ត
  • ក្រុងស្រុកទាំង១២
  • អធិការនគរបាលស្រុក
  • ឃុំ,សង្កាត់
  • គ្រឹះស្ថាន
  • ផ្សារ
  • និងទីតាំងសាធារណៈជាច្រើនទៀត

លោកបានបន្ដថាក្រុមការងារក៏បានណែនាំឱ្យបណ្តាអង្គភាព មន្ទីរ គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ផ្សារនានា ឬអ្នកគ្រប់គ្រងនៅតំបន់ដែលមានឃ្យូអរកូដ ឱ្យជួយផ្សព្វផ្សាយបន្តទៅមន្ត្រីឬបុគ្គលិក អតិថិជនរបស់ខ្លួន ឱ្យស្គែន QR-Code នៅពេលពួកគាត់ចូលក្នុងទីកន្លែង ផ្សារ និងនៅតាមទីសាធារណៈដែលបានបិទ QR-Code នេះ ដើម្បីងាយស្រួលតាមដាន គ្រប់គ្រងនិងប្រមូលទិន្នន័យសម្រាប់ឆ្លយតបទៅនឹងការឆ្លងកូវីដ-១៩ចូលក្នុងសហគមន៍ជាយថាហេតុ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់នៅក្នុងខេត្ដសៀមរាប ត្រូវចូលរួមទប់ស្កាត់ការពារការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈស្គែនឃ្យូអរកូដនេះ នៅតាមកន្លែងដែលពួកគាត់បានបំពេញការងារ ឬនៅកន្លែងណាដែលពួកគាត់ចូលទៅដល់តំបន់ណាមួយ។ ករណីអ្នកមិនមានទូរស័ព្ទ ឬមិនចេះប្រើកម្មវិធី សូមអ្នកគ្រប់គ្រងទីកន្លែងកត់ឈ្មោះនិងកត់លេខទូរស័ព្ទគាត់ទុកងាយស្រួលក្នុងការប្រមូលទិន្នន័យ ហើយរាល់ការប្រើប្រព័ន្ឋនេះ មិនមែនជាការតាមដានលើឯកជនភាពបុគ្គលឡើយ គឺសម្រាប់តាមដានតែស្ថានភាពជំងឺកូវីដ-១៩តែប៉ុណ្ណោះ៕

អត្ថបទទាក់ទង