ខ្មែរប៉ុស្ដិ៍ Close

កុលាលភាជន៍ចំនួន៦៤វត្ថុ ផលិតក្នុងសម័យអង្គរមកពីខេត្តបុរីរម្យត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរារក្សាទុក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 62

កុលាលភាជន៍ចំនួនប្រាំកេស ស្មើចំនួន៦៤វត្ថុ មានដូចជាចាន ក្រឡ ដន្លាប់ ខួច មានស្រទាប់រលោងពណ៌បៃតងនិងពណ៌ត្នោត ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាដោយវិទ្យាស្ថាន Smitsonian តាមរយៈស្ថានទូតសហរដ្ឋអាមេរិក ដើម្បីរក្សាទុក អភិរក្ស និងសិក្សា។ កុលាលភាជន៍ទាំងនេះផលិតនៅសម័យអង្គរ មានប្រភពមកពីខេត្តបុរីរម្យប្រទេសថៃនាពេលបច្ចុប្បន្ន។

លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ អ្នកតំណាងអាជ្ញាធរជាតិអប្សរាក្នុងការទទួលកុលាលភាជន៍ទាំងនេះ បានឱ្យដឹងថា ប្រវត្តិនៃវត្ថុខាងលើ ត្រូវបានអ្នកស្រឡាញ់វត្ថុបុរាណជនជាតិជប៉ុននិងអាមេរិកប្រមូលទិញពីខេត្តបុរីរម្យយកទៅសហរដ្ឋអាមេរិកក្នុងទសវត្សឆ្នាំ១៩៧០ ហើយបន្ទាប់មកបានប្រគល់ជូនវិទ្យាស្ថាន Smithsonian។ ដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរជាតិអប្សរា វិទ្យាស្ថាន Smithsonian ក៏បានប្រគល់កុលាលភាជន៍ទាំងនេះឱ្យអង្គភាពកុលាលភាជន៍អង្គរជាអ្នកមើលការខុសត្រូវ។

ទាក់ទងនឹងភាជន៍ទាំងអស់ ចំពោះភាជន៍មួយចំនួនដែលល្អៗ អាជ្ញាធរជាតិអប្សរានឹងយកទៅតាំងពិព័ណ៌បង្ហាញជាសាធារណៈ ព្រោះអាជ្ញាធរជាតិអប្សរាមានគម្រោងតាំងពិព័រណ៌វត្ថុបុរាណដែលស្រាវជ្រាវបានជាង២០ឆ្នាំពីតំបន់អង្គរ។ លើសពីនោះ វត្ថុទាំងនោះនឹងត្រូវរក្សាទុកដើម្បីសិក្សាប្រៀបធៀបពីសម័យកាលបច្ចេកទេស និងគុណភាព រវាងកុលាលភាជន៍ដែលមានប្រភពពីបុរីរម្យនិងតំបន់អង្គរព្រោះកុលាលភាជន៍អាចឆ្លុះបញ្ចាំងពីសម័យកាលមួយនៃប្រវត្តិសាស្ត្រខ្មែរ និងបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនសម័យអង្គរ ថាតើខ្មែរយើងមានលទ្ធភាពផលិតភាជន៍បានល្អកម្រិតណា។ នាសម័យបុរាណ ភាជន៍ត្រូវបានគេប្រើប្រាស់ប្រចាំថ្ងៃ ធ្វើជាគ្រឿងតាំងលម្អក្នុងផ្ទះ និងសម្រាប់ប្រើក្នុងពិធីសាសនាផ្សេងៗ ដូចជាពិធីសែនព្រេន និងបួងសួងជាដើម។

ពិធីប្រគល់កុលាលភាជន៍នេះប្រព្រឹត្តទៅស្ថានទូតសហរដ្ឋអាមេរិក កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ រវាងលោកបណ្ឌិត អ៊ា ដារិទ្ធ និងលោក ធី សេរីវុឌ្ឍ (តំណាងអាជ្ញាធរជាតិអប្សរា) និងលោកស្រី Monica Davis (តំណាងស្ថានទូតអាមេរិក)។ នេះជាលើកទី១ហើយដែលកុលាលភាជន៍ដ៏ច្រើនបែបនេះត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរា។ អាជ្ញាធរជាតិអប្សរាសំណូមពរដល់ប្រជាពលរដ្ឋដែលរើសបានវត្ថុបុរាណ សូមកុំរក្សាទុកឬលក់ដូរខុសច្បាប់ សូមយកវត្ថុបុរាណនោះមកប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកអភិរក្ស និងសិក្សាពីប្រវត្តិនៃវត្ថុសិល្បៈទាំងនោះ ដើម្បីចងក្រងជាឯកសារសម្រាប់ឱ្យអ្នកជំនាន់ក្រោយបានយល់ដឹងអំពីបុរាណវត្ថុខ្មែរ។

សូមបញ្ជាក់ថា ដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរជាតិអប្សរា វិទ្យាស្ថាន Smithsonian ក៏ធ្លាប់បានរៀបចំសិក្សាសាលាមួយស្តីអំពីថ្មនិងកុលាលភាជន៍ (Petrography workshop) ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨កន្លងទៅ នៅអាជ្ញាធរជាតិអប្សរា មានអ្នកចូលរួម១៦នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ ដែលក្នុងនោះអ្នកជំនាញជនជាតិខ្មែរមានចំនួន០៨នាក់។ ក្រៅតែពីបានប្រគល់កុលាលភាជន៍ដ៏ច្រើន វិទ្យាស្ថាន Smithsonian ក៏បានផ្តល់ជូននូវសម្ភារៈមួយចំនួនដូចជា ម៉ាស៊ីនមីក្រូទស្សន៍ សម្ភារៈមន្ទីរពិសោធន៍ និងសៀវភៅស្តីពីការវិភាគថ្មនិងកុលាលភាជន៍ផងដែរ៕

 

អត្ថបទទាក់ទង