អាជ្ញាធរជាតិអប្សរា ក្រុងពាលីជួសជុលខ្លោងទ្វារខាងលិចនៃប្រាសាទចៅស្រីវិបុល
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានរៀបចំពិធីក្រុងពាលី សែនព្រេន បួងសួងសុំសេចក្តីសុខចម្រើន ដើម្បីរុះរើខ្លោងទ្វារខាងលិចនៃប្រាសាទចៅស្រីវិបុលមុននឹងជួសជុលឱ្យដំណើរការបានរលូន សុវត្ថិភាព និងជោគជ័យក្នុងការបំពេញការងារអភរិក្សសម្បត្តិដូនតា។
តាមការបញ្ជាក់របស់លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ខ្លោងទ្វារខាងលិចនេះ គឺរងនូវការខូចខាតដោយសារអាយុកាល ធម្មជាតិ និងការបំផ្លាញរបស់មនុស្សក្នុងសម័យសង្គ្រាមផង ធ្វើឱ្យរលុះរចនាសម្ពន្ធសំណង់ខូចរូបរាងខ្លោងទ្វារ។ កិច្ចការដំបូង ក្រុមការងារនឹងរុះរើសំណង់ខ្លោងទ្វារនេះសិន រួចទើបដំណើរការជួសជុលឱ្យស្របតាមបទដ្ឋានធម្មនុញ្ញអង្គរ។
ក្នុងឱកាសនោះដែរ លោកអគ្គនាយករង ក៏បានណែនាំដល់ក្រុមការងារ ឆ្មាំ ពលករទាំងអស់ឱ្យខិតខំបំពេញ ការងារឱ្យបានល្អប្រសើរក្នុងនាមជាអ្នកជំនាញថែរក្សាអង្គរ៕