ខ្មែរប៉ុស្ដិ៍ Close

ខេត្តក្រចេះប្រឹងស្រូបបានភ្ញៀវទេសចរជិត២ម៉ឺននាក់ ក្នុងពេល៣ថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន ២០២១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ កំសាន្ដ & ប្លែកៗ 211

មិនចាញ់ខេត្តគោលដៅទេសចរណ៍សំខាន់ៗដទៃឡើយ ខេត្តក្រចេះឯណោះវិញក៏កាន់តែមានសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍ ដោយក្នុងរយៈពេល៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំចិន (១២-១៣-១៤ កុម្ភៈ) ខេត្តភាគឦសាន្តប្រទេសកម្ពុជាមួយនេះក៏ទទួលបានភ្ញៀវទេសចរច្រើនណាស់ដែរ ពិសេសគឺគោលដៅសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ កសិទេសចរណ៍ និងគោលដៅទេសចរណ៍វប្បធម៌ជាច្រើន។

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានថ្លែងប្រាប់ Fresh News នាយប់ថ្ងៃទី១៤ ខែកុម្ភៈនេះថា «ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលចូលមកកម្សាន្តក្នុងខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ចាប់ពីថ្ងៃទី១២-១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២១ សរុបរួមចំនួន ១៨,៩៤៩ នាក់ ថយចុះ ១៨.៩% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៨,៧៦៤ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៨៥ នាក់»។

ពាក់ព័ន្ធនឹងការរក្សាសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ លោក ចាន់ សុគន្ធី បានបញ្ជាក់ថា គណៈកម្មការគ្រប់គ្រងរមណីយដ្ឋាន និងប្រធានសហគមន៍ទេសចរណ៍នីមួយៗបានសហការគ្នាបានល្អក្នុងការគ្រប់គ្រងផ្នែក សន្តិសុខ សណ្តាប់ធ្នាប់ និងត្រួតពិនិត្យអនាម័យ បរិស្ថាននៅតាមកន្លែងរមណីយដ្ឋានមួយចំនួនក្នុងខេត្ត ពិសេសរមណីយដ្ឋានធម្មជាតិទឹកជួរទន្លេមេគង្គ-កាំពី មានអ្នកដើរប្រមូលសំរាមជាប្រចាំ មានចងបដាផ្សព្វផ្សាយអំពីការចោលសំរាម និងមានធុងសំរាមនៅតាមផ្ទះទឹក និងបានរៀបចំបង្គន់អនាម័យសម្រាប់ភ្ញៀវទេសចរផងដែរ។

លោកប្រធានមន្ទីរបានបន្តថា នៅរមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី និងឆ្នេរខ្សាច់នៅសហគមន៍ទេសចរណ៍កោះទ្រង់ និងឆ្នេរខ្សាច់នៅឃុំចំបក់ មានកម្លាំងនគរបាល កងរាជអាវុធហត្ថ និងប្រជាការពារភូមិប្រចាំការ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពជូនភ្ញៀវ។ ពិនិត្យជារួម ពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនសម្រាប់ឆ្នាំ២០២១ ក្នុងខេត្តក្រចេះនេះបានដំណើរការល្អប្រសើរ។

រីឯការងារគ្រប់គ្រងតម្លៃសេវាកម្មទេសចរណ៍ មន្ទីរទេសចរណ៍បានចុះប្រជុំពង្រឹងលើវិធានសុវត្ថិភាពទេសចរណ៍ ផ្នែកបដិសណ្ឋាកិច្ចភ្ញៀវជូនដល់អ្នកលក់ម្ហូបអាហារ អ្នកបម្រើ សេវាផ្ទះទឹក និងអ្នកលក់វត្ថុអនុស្សាវរីយ៍នៅរមណីយដ្ឋានទឹកជួរទន្លេមេគ្គ-កាំពី និងសហគមន៍ទេសចរណ៍សង្កាត់កោះទ្រង់ ដែលមានភ្ញៀវមកលេងកម្សាន្តច្រើន ហើយបានណែនាំឱ្យរក្សាតម្លៃសមរម្យ៕ Fresh News

អត្ថបទទាក់ទង