ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ពលរដ្ឋកម្ពុជាគួរតែស្វែងយល់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 56

ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ (CKFTA) បានប្រកាសបិទបញ្ចប់ហើយ តាមរយៈតំណាងនៃប្រទេសទាំងពីរ គឺរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្ត និងរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោកស្រី យូ ម្យូងហ៊ី (Yoo Myung-Hee) កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ កិច្ចព្រមព្រៀង CKFTA ត្រូវបានប្រកាសចាប់ផ្តើមសិក្សា រួមគ្នាជាផ្លូវការនៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ កិច្ចព្រមព្រៀង CKFTA នេះ មានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានភាពទូលំទូលាយ ដោយផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅបង្កើតផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាពប្រជាជន និងធុរកិច្ច នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ សម្រាប់ប្រទេសកម្ពុជាវិញ គេអាចនិយាយបានថាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី CKFTA នេះ គឺជាសមិទ្ធផលផ្លែផ្កាដ៏មានសារៈសំខាន់ដែលត្រូវបានផ្តួចផ្តើមឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា របស់ប្រធានាធិបតីកូរ៉េ គឺលោក MOON Jae-In កាលខែមីនា ឆ្នាំ២០១៩កន្លងទៅ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី CKFTA ត្រូវបានគេរំពឹងថា នឹងជួយសា្តរឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរបានឆាប់រហ័សក្នុងកំឡុងពេលនិងក្រោយពេលដែលមានការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CKFTA នឹងពង្រីកបន្ថែមទៀត លើការធ្វើសេរីភាវូបនីយកម្មទីផ្សាររវាងប្រទេសពីរ លើសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ដែលទើបចុះហត្ថលេខានាពេលថ្មីៗនេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ នឹង លើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញដែលធ្លាប់នាំ ចេញនាពេលកន្លងមកដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។ សម្រាប់សាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ ការនាំចេញរបស់ខ្លួនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា រួមមាន៖ យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្លាស្ទិក។ គួរបញ្ជាក់ថា ទំនិញដែលអាចនាំចេញបានត្រូវតែមានស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព វិធានការអនាម័យ និងភូតគាមអនាម័យ។

តើវិធានការអនាម័យ និងភូតគាមអនាម័យមានន័យដូចម្តេច?

វិធានការអនាម័យ និងភូតគាមអនាម័យ គឺជាការការទាមទារដ៏សំខាន់បំផុត ក្នុងការនាំចូលផលិតផលកសិកម្ម ដែលត្រូវតែមានសុវត្ថិភាព និងបង្ការហានិភ័យ ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។ ឆ្លងកាត់វិធានការនេះ ម្ចាស់ផលិតផល និងទទួលបានវិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ។ មូលហេតុដែលត្រូវឆ្លងការវិធានការនេះ គឺដើម្បីឲ្យប្រាកដថា ពិតជាធានាសុវត្ថិភាពអាហារ និងជៀសវាងបាននូវការឆ្លងរាលដាលជំងឺ សមាសភាព សត្វចង្រៃផ្សេងៗ។ តាមរយៈសកម្មភាពពាណិជ្ជកម្ម ការដោះដូរទំនិញទៅវិញទៅមក រដ្ឋាភិបាលនៃគ្រប់ប្រទេសបានបង្កើតឡើងនូវលិខិតបទដ្ឋានច្បាប់ ដើម្បីការពារសុខភាពមនុស្ស និងសុខភាពសត្វ ដែលហៅថា វិធានការភូត្តគាមអនាម័យ/Sanitary Measure និងដើម្បីការពារសុខភាពរុក្ខជាតិ គឺវិធានការភូតគាមអនាម័យ/Phytosanitary Measure)។ ជាមួយគ្នានេះការត្រួតពិនិត្យភូតគាមអនាម័យ មានគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាល និងការឆ្លងនូវសមាសភាពចង្រៃ ដែលបង្កគ្រោះថ្នាក់ពីតំបន់មួយទៀត ក្នុងប្រទេសកម្ពុជា ចូល-ចេញ ឬឆ្លងកាត់ប្រទេសកម្ពុជា តាមគ្រប់មធ្យោបាយ ដើម្បីការពារផលិតផលកសិកម្ម និងជីវសាស្ត្រចំរុះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (AKFTA) នឹងជួយជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកើនឡើងលើសពេលបច្ចុប្បន្ននេះ។ លោកបានបន្ថែមថា នៅពេលកម្ពុជាមានការកែច្នៃបានច្រើន ការនាំចេញនឹងមានសន្ទុះកើនឡើងលឿន ដោយរំពឹងថានឹងមានលើសពី ១០០០ លានដុល្លារអាមេរិក នៅក្នុងជញ្ជីងពាណិជ្ជកម្មក្នុងពេលឆាប់ៗនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះដែរ កម្ពុជានឹងនាំចេញទំនិញជាច្រើនប្រភេទទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង ជាពិសេសការនាំចេញកសិផល, ការកែច្នៃដែលមានពន្ធសូន្យ (០)។ នៅក្នុងនោះដែរ ដំណាំសក្ដានុពលរបស់កម្ពុជា ដែលនឹងត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូងរួមមាន៖ ស្វាយចន្ទី ម្រេច និងកៅស៊ូជាដើម ក្នុងនោះក៏មានការនាំចេញអង្ករ និងដំឡូងមីកែច្នៃផងដែរ។ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្ម លើការចរចាកិច្ចព្រមព្រៀងនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយខ្លួនជាប្រទេសឧស្សាហកម្ម មិនមែនត្រឹមតែលក់វត្ថុធាតុដើមនោះឡើយ។ បន្ទាប់ពីការប្រកាសបញ្ចប់ការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ប្រទេសទាំងពីរនឹងអនុវត្តនីតិវិធីក្នុងស្រុក សម្រាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅពាក់កណ្តាល ឆ្នាំ២០២១ ខាងមុខនេះ៕

ដោយ៖ ស ជាតិ

អត្ថបទទាក់ទង