ស្រ្តីសម្រាលកូនជាង ៦ពាន់នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)
យោងតាមរបាយការណ៍ពីការិយាល័យតាវកាលិក នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២១នេះ មានស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៦,៥៦៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល ក្នុងនោះកម្មករនិយោជិតក្នុងប្រព័ន្ធមានចំនួន ៦,៥៤៩នាក់ និងក្រៅប្រព័ន្ធមានចំនួន ១៤នាក់។
ដោយអនុវត្តតាមការណែនាំជាប្រចាំពីលោក អ៊ុក សម្យវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប. ស. ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ត្រីបុគ្គលិកក្នុងស្ថាប័នមួយនេះ បានខិតខំបំពេញតួនាទីរបស់ខ្លួន ក្នុងការបម្រើអត្ថប្រយោជន៍ជូនដល់កម្មករនិយោជិតដែលជាសមាជិក ប.ស.ស.។
គួរបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បងប្អូនកម្មករនិយោជិតដែលជាសមាជិក ប.ស.ស. ទាំងក្នុង និងក្រៅប្រព័ន្ធ ត្រូវបានយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមបញ្ជាក់ថា បងប្អូនកម្មការិនីទាំងអស់ដែលបម្រើការនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ភាគទានមកកាន់ ប.ស.ស. យ៉ាងតិច ៩ខែ ក្នុងរយៈពេល ១២ខែ គិតមកដល់ខែសម្រាលកូន នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល ៩០ថ្ងៃ រួមជាមួយប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពី ប.ស.ស. ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕