ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ទៀតជាសះស្បើយ ខណៈករណីឆ្លងថ្មីមានចំនួន ១ករណីប៉ុណ្ណោះ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថាអ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ថែមទៀត បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ខណៈរកឃើញករណីឆ្លងថ្មី ចំនួន ១ករណី។
អ្នកជាសះស្បើយទាំង៦នាក់រួមមាន៖
- ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជាកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
- បុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
- បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
- ស្រ្តីជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
- ស្រ្តីជនជាតិខ្មែរ អាយុ ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
រីឯអ្នកដែលវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១ករណីមួយនោះវិញ គឺជាស្ត្រីជនជាតិខ្មែរអាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៦១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤២៨នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៣៣នាក់៕
សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖