ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំប្រកាសថា គ្រឹះស្ថានសិក្សាណាធ្វេសប្រហែសបង្កការឆ្លងជំងឺកូវីដ-១៩ នឹងប្រឈមផ្លូវច្បាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 30
ក្រសួងអប់រំប្រកាសថា គ្រឹះស្ថានសិក្សាណាធ្វេសប្រហែសបង្កការឆ្លងជំងឺកូវីដ-១៩ នឹងប្រឈមផ្លូវច្បាប់ ក្រសួងអប់រំប្រកាសថា គ្រឹះស្ថានសិក្សាណាធ្វេសប្រហែសបង្កការឆ្លងជំងឺកូវីដ-១៩ នឹងប្រឈមផ្លូវច្បាប់

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បើគ្រឹះស្ថានសិក្សាណាធ្វេសប្រហែសបង្កឱ្យមានការឆ្លងជំងឺកូវីដ-១៩ នឹងប្រឈមចំពោះផ្លូវច្បាប់។

លោក រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ទោះបីជាក្រសួងអប់រំ បានអនុញ្ញាតឱ្យសាលារៀនបើកដំណើរការជាធម្មតាវិញក៏ដោយ តែគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជាប់នូវវិធានការសុវត្ថិភាពសុខាភិបាល ដូចជា ពាក់ម៉ាស់ មានជែលឬ អាកុលលាងដៃសម្លាប់មេរោគ និងចែកវេនសិក្សារបស់សិស្ស ដើម្បីរក្សាគម្លាតជាដើម។

អ្នកនាំពាក្យក្រសួងអប់រំ បានបន្ដថា បើគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាណាមួយមានការធ្វេសប្រហែស មិនអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រឈមវិធានការច្បាប់ និងវិធានការរដ្ឋបាល តាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

« ការអនុវត្តវិធានការផ្លូវច្បាប់ចំពោះការធ្វេសប្រហែស លើការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ថា អង្គភាពជំនាញនៅថ្នាក់ជាតិ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក-ខណ្ឌ មានភារកិច្ចគ្រប់គ្រង និងតាមដានការអនុវត្តសេចក្ដីណែនាំនេះ ក្នុងករណីគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាណាពុំបានអនុវត្តតាមដោយយកចិត្តទុកដាក់ និងបណ្ដោយឱ្យមានការផ្ទុះឆ្លងរាលដាលនៃកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សាជាយថាហេតុ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងនោះ នឹងប្រឈមវិធានការច្បាប់ និងវិធានការរដ្ឋបាលតាមលិខិតបទដ្ឋានគតិយុត្ត ជាធរមាន»។

គួររំលឹកថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ហើយតម្រូវឱ្យគ្រប់សាលារៀនរដ្ឋនៅទូទាំងប្រទេស ត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានខ្ជាប់ខ្ជាប់៕

អត្ថបទទាក់ទង