ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរស្រុកសេសានបើកឱ្យមានការប្រកួតប្រជែងការផលិត បន្លែមានគុណភាព និងសុវត្ថិភាព

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 49
អាជ្ញាធរស្រុកសេសានបើកឱ្យមានការប្រកួតប្រជែងការផលិត បន្លែមានគុណភាព និងសុវត្ថិភាព អាជ្ញាធរស្រុកសេសានបើកឱ្យមានការប្រកួតប្រជែងការផលិត បន្លែមានគុណភាព និងសុវត្ថិភាព

ស្ទឹងត្រែង ៖ អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែងបានបើកឱ្យមានការប្រកួតប្រជែងការផលិតបន្លែដែលមានគុណភាពនិងសុវត្ថិភាព ដើម្បីទទួលបានរង្វាន់ពីអាជ្ញាធរ និងងាយ ស្រួលលក់នៅលើទីផ្សារ។

អាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែង លើកទឹកចិត្តកសិករបង្កើតសួនបន្លែជាលក្ខណៈគ្រួសារ ឱ្យបានច្រើនគ្នា ហើយគ្រួសារណាមួយអនុវត្តទៅបានល្អជាងគេ អាជ្ញាធរនិងអង្គការដៃគូនឹងមានជូនរង្វាន់លើកទឹកចិត្ត។ក្នុងឱកាសចុះជួបកសិករនៅឃុំកំភុននិងឃុំសាមឃួយ ស្រុកសេសានខេត្តស្ទឹងត្រែង លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា៖ អាជ្ញាធរសហការជាមួយអង្គការដៃគូ បើកឱ្យមានការប្រកួតប្រជែងគ្នាក្នុងការដាំបន្លែសរីរាង្គ ដូចនេះកសិករដែលមានផ្ទៃដីអំណោយផលល្អនិងមាន ប្រភពទឹកត្រូវបង្កើតឱ្យមានសួន បន្លែ ។

លោកថា៖ បន្លែដាំដុះប្រើជីធម្មជាតិ កំពុងទទួលបានការគាំទ្រពីទីផ្សារនៅក្នុងខេត្ត ដូចនេះបងប្អូនយើង ដែលសល់ពេលទំនេរពីស្រែចម្ការ ត្រូវដាំបន្លែបន្ថែមទៀត ក្នុងពេលដែលរាជ រដ្ឋាភិបាលកំពុងលើកកម្ពស់វិស័យកសិកម្មនិងការចិញ្ចឹមសត្វ -ចិញ្ខឹមត្រីផងដែរ។

លោកស្រី ស៊ីន ចិន្តា កសិករដាំម្ទេស នៅឃុំកំភុនបានគាំទ្រចំពោះការក្រើនរំលឹកនេះព្រោះនៅតាមតំបន់ជួរដងទន្លេសេសាន ផ្ទៃដីអំណោយផលល្អ ទៅលើការដាំដុះបន្លែ ហើយទឹកក៏មានគ្រប់គ្រាន់។

លោកស្រីបន្តថា៖បច្ចុប្បន្នមានកសិករមួយចំនួនបានបង្កើនការផលិតបន្លែបានជាប្រចាំក្នុងនោះ មានបន្លែស្លឹកចំនួន១០មុខ និងបន្លែផ្លែចំនួន១២មុខដូចជាស្ពៃគ្រប់មុខ- សាឡាដ៍- ខាត់ណា- ត្រកួន -ស្លឹកកគ្រៃ-ម្ទេស-សណ្តែក -ននោង -ត្រសក់-ត្រប់- ត្រឡាច-ម្រះ-ពោត -ល្ហុង- ពោតបារាំង -ប៉េងប៉ោះជាដើម។

លោកឃីម ប៊ុនឡត កសិករគំរូដាំបន្លែប៉េងប៉ោះនៅឃុំសាមឃួយ បានអះអាងថា៖ បន្លែសរីរាង្គដែលកសិករផលិតបាននេះ មានអតិថិជន និយមទិញទៅបរិភោគច្រើន ទាំងនៅតាមភូមិនិងនៅទីផ្សារ ។លោកបន្តថា៖នេះជាការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋយើង ដើម្បីលើកកម្ពស់សុខភាព និងបញ្ចៀសគ្រោះថ្នាក់ដែលបណ្តាលមកពីការទទួលទានបន្លែមានកាកសំណល់ថ្នាំពុលកសិកម្មហួសកំរិត។

សូមបញ្ចាក់ថា៖នៅខេត្តស្ទឹងត្រែងមានកសិករជាង៦០ក្រុម កំពុងផលិតបន្លែសរីរាង្គនាំយកមកផ្គត់ផ្គង់នៅទីផ្សារស្ទឹងត្រែង។ តែការផ្គត់ផ្គង់នេះមិនទាន់បានឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅឡើយទេ ទើបអាជ្ញាធរស្រុកសេសានបំផុសឱ្យបងប្អូនកសិករបង្កើនផែនការដាំដុះបន្ថែមទៀត៕

អត្ថបទទាក់ទង