ខ្មែរប៉ុស្ដិ៍ Close

សំណាកថ្ម ដំរីសភ្លុកខៀវនៅខេត្តស្ទឹងត្រែង ជាសម្បត្តិមរតកធម្មជាតិ ត្រូវបានព្រះសង្ឃនិងពុទ្ធបរិស័ទកំពុងអភិរក្ស

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 84
សំណាកថ្ម ដំរីសភ្លុកខៀវនៅខេត្តស្ទឹងត្រែង ជាសម្បត្តិមរតកធម្មជាតិ ត្រូវបានព្រះសង្ឃនិងពុទ្ធបរិស័ទកំពុងអភិរក្ស សំណាកថ្ម ដំរីសភ្លុកខៀវនៅខេត្តស្ទឹងត្រែង ជាសម្បត្តិមរតកធម្មជាតិ ត្រូវបានព្រះសង្ឃនិងពុទ្ធបរិស័ទកំពុងអភិរក្ស

ស្ទឹងត្រែង ៖ នៅតំបន់ភ្នំចាបភ្លើង ហៅថាភ្នំនាគខៀវ ស្ថិតនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង មានរូបសំណាកដំរីសភ្លុកខៀវ និងរូបសំណាកដំរីកណ្តឹង សាមពាន់ ហើយព្រះសង្ឃនិងប្រជាពលរដ្ឋនៅតំបន់នោះ កំពុងរួមគ្នាអភិរក្សអភិវឌ្ឍឱ្យប្រែ ក្លាយទៅជាតំបន់ទេសចរណ៍បែបវប្បធម៌ដ៏ទាក់ទាញ។

ក្នុងសកម្មភាពសម្អាតបរិស្ថាននៅភ្នំនាគខៀវ លោក សួន កែវ មេភូមិស្រឡៅបាន បញ្ជាក់ថា តំបន់ភ្នំនេះត្រូវបានព្រះសង្ឃចៅអធិការវត្តថាឡាបរិវ៉ាត់ ផ្តួចផ្តើមគំនិតរៀបចំ អភិរក្សនិងធ្វើជាទីកន្លែងមជ្ឈមណ្ឌលវិបស្សនាធុរៈដើម្បីប្រែក្លាយទៅជាទីកន្លែងអភិរក្សនិងបម្រើឱ្យវិស័យទេសចរណ៍បែបសាសនា។

លោកមេភូមិអះអាងថា តំបន់ភ្នំនេះមានរូបសំណាកដំរីសភ្លុកខៀវុំ,ដំរីកណ្តឹងសាមពាន់, ល្អាងថ្មធំៗបង្ហាញពីភស្តុតាងមានមនុស្សសម័យដើមរស់នៅ ដើមឈើធំៗគ្រប់ប្រភេទ និងមានទឹកស្រក់ចេញពីល្អាងថ្មជាដើម ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃ។

ព្រះតេជគុណពុទ្ធ យ៉ាំចៅអធិការវត្តថាឡាបរិវ៉ាត់មានសង្ឃដីការថាផ្តើមចេញពី សក្តានុពលដ៏មានតម្លៃនេះ ប្រជាពលរដ្ឋបានឯកភាពគ្នាប្រឹងប្រែងអភិរក្ស ទុកសម្រាប់ ទាញយកប្រយោជន៍សហគមន៍។ សម្បត្តិមរតកនេះជាសញ្ញាមួយបង្ហាញថាតំបន់ភ្នំនាគខៀវ ជាទីកន្លែងមនុស្សសម័យ នគរភ្នំរស់នៅ ក្នុងសតវត្សទី១ក្នុងចន្លោះឆ្នាំ៥៥០ទៅ៨០២ឯណោះ។

លោក ពេជ្រ ជុំ ប្រធានក្រុមប្រជាការពារ នៅភូមិស្រឡៅបានទទួលស្គាល់ថា មរតកទាំងនេះពិតជាកេរ្តិ៍តំណែលនៅសេសសល់ពីដូនតាយើងមែន ហើយសម្បត្តិ ធម្មជាតិនេះ សូមបងប្អូនយើងជួយថែរក្សាការពារឱ្យបានគង់វង្ស ដើម្បីទុកបង្ហាញ ដល់កូនចៅជំនាន់ក្រោយ និងភ្ញៀវទេសចរបានឃើញនិងបានស្គាល់។

សូមបញ្ជាក់ថា តំបន់ភ្នំនាគខៀវនេះ បច្ចុប្បន្ន ត្រូវបានព្រះសង្ឃនៅវត្តថាឡាបរិវ៉ាត់ រៀបចំធ្វើជាកន្លែងមជ្ឈមណ្ឌលវិបស្សនា ព្រោះទីនេះជាកន្លែងវប្បធម៌បែបប្រវត្តិសាស្ត្រ និងជាកេរ្តិ៍តំណែលនៅសល់ពីបុព្វបុរសខ្មែរក្នុងសម័យនគរភ្នំ និងសម័យចេនឡា ចន្លោះឆ្នាំ៥៥០ទៅ៨០២៕