ខ្មែរប៉ុស្ដិ៍ Close

ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ ឆ្នាំ២០២០ នឹងរៀបចំឡើងវិញនៅថ្ងៃទី២៤-មករា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 17
ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ ឆ្នាំ២០២០ នឹងរៀបចំឡើងវិញនៅថ្ងៃទី២៤-មករា ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ ឆ្នាំ២០២០ នឹងរៀបចំឡើងវិញនៅថ្ងៃទី២៤-មករា

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ លើកទី២៥ ឆ្នាំ២០២០ នឹងត្រូវរៀបចំឡើងវិញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ខាងមុខ បន្ទាប់ពីធ្វើការពន្យារពេលអស់រយៈពេលជាង ១ខែកន្លងទៅ ក្រោយផ្ទុះនូវព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដែលរាជរដ្ឋាភិបាលទើបប្រកាសបិទបញ្ចប់ដោយជោគជ័យ កាលពីដើមសប្ដាហ៍មុន។

ជុំវិញការសម្រេចចិត្តរៀបចំឡើងវិញនេះ លោក វ៉ាត់ ចំរើន បានពន្យល់ថា គឺគោរពតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានធ្វើការចង្អុលបង្ហាញចំពោះសកម្មភាពកីឡា មានទីលានធំទូលាយ គឺអាចរៀបចំបានច្រើន គ្រាន់តែគោរពតាមវិធានសុវត្ថិភាព ដោយរក្សាគម្លាត ១ម៉ែត្រកន្លះ។ ម្យ៉ាងដោយសារនេះគឺជាខួបលើកទី២៥ ទោះបីឆ្លងឆ្នាំបន្ដិចក្ដី តែគណៈកម្មការបានខិតខំរៀបចំឡើងវិញ ដើម្បីជាការអបអរសាទរផង និងអនុញ្ញាតឲ្យអ្នកចុះឈ្មោះក្នុងស្រុកបានចូលរួមរត់កម្សាន្ដផង។

លោកបន្ដថា «ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍ ២៨វិច្ឆិកា ជាមួយនឹងស្ថានភាពកូវីដ-១៩ ធូរស្រាល សម្ដេចតេជោនាយករដ្ឋមន្ដ្រីមានប្រសាសន៍ហើយ ការប្រកួតកីឡាមានទីលានធំ អាចចូលរួមបានច្រើន តែត្រូវគោរពគម្លាតសុវត្ថិភាពពីគ្នា ១ម៉ែត្រកន្លះទៅ។ ចឹងយើងអាចធ្វើបាន ហើយគណៈកម្មការបច្ចេកទេសទាំងអស់ កំពុងតែមមាញឹករៀបចំ ហើយចំពោះអ្នករត់ទាំងអស់ ក៏រង់ចាំតែគណៈកម្មការផ្ដល់ដំណឹងឲ្យនឹងរៀបចំថ្ងៃណា? ចឹងយើងគ្រោងថ្ងៃទី២៤ ខែមករា ត្រូវនឹងថ្ងៃអាទិត្យ យើងចាប់ផ្ដើមទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិហ្នឹងឡើងវិញ»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានបន្ដថា «យើងត្រូវតែធ្វើ ដោយសារនេះជាខួបលើកទី២៥ ផង ហើយយើងបានឆ្លងឆ្នាំមកមែន ក៏ប៉ុន្ដែវាមិនដាច់ឆ្ងាយពីឆ្នាំចាស់ពេកនោះទេ ចឹងក្នុងខែមករានេះ យើងត្រូវតែធ្វើ យើងមិនអាចទុកឲ្យអ្នកចុះឈ្មោះក្នុងប្រទេស និងជនបរទេស ដែលរស់នៅកម្ពុជា គាត់រង់ចាំដល់ទៅរាប់ខែ ឬឆ្លងឆ្នាំយូរពេកទេ។ យើងត្រូវតែធ្វើដើម្បីបំពេញកាតព្វកិច្ចក្នុងការរៀបចំហ្នឹង ហើយឲ្យពួកគាត់ទទួលបានភាពកក់ក្ដៅផង និងចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុកបន្ថែមទៀត ពិសេសគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាបតែម្ដង»

យ៉ាងណាក្ដីលោកបានសង្កត់ធ្ងន់ថា «ដើម្បីធានានូវសុវត្ថិភាព និងចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ វិធានសុវត្ថិភាពក្នុងការរៀបចំ យើងត្រូវតែអនុវត្តយ៉ាងម៉ឹងម៉ាត់ ទាំងគម្លាតសុវត្ថិភាព ទឹកអាល់កុល និងការពាក់ម៉ាសមុនពេលរត់ និងក្រោយពេលរត់ចប់ជាដើម ទាំងអស់ហ្នឹងយើងនៅតែរក្សា។ ចំពោះកម្មវិធីជួបជុំគ្នា និងកម្មវិធីផ្សេងៗទៀត ក្រៅពីការត់ហ្នឹង យើងនៅតែរក្សាការកាត់ចោលទាំងអស់ ពោលគឺរៀបចំក្រោមរបត់ថ្មី ហើយអ្នកចុះឈ្មោះត្រូវកំណត់អត្តសញ្ញាណទាំងអស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង នៅពេលមានបញ្ហាណាមួយ»

សូមបញ្ជាក់ថា ដំបូងឡើយ ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ លើកទី២៥ នៅខេត្តសៀមរាប គ្រោងរៀបចំនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្ដែដោយកម្ពុជាជួបប្រទះនូវព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គណៈកម្មការរៀបចំ ក្រោមការចង្អុលបង្ហាញរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានសម្រេចលើកពេលភ្លាមៗ ហើយក៏បានសុំការអភ័យទោសពីអ្នកចុះឈ្មោះទាំងអស់ផងដែរ មុនការកំណត់កាលបរិច្ឆេទរៀបចំឡើងវិញនៅចុងខែមករា ឆ្នាំ២០២១ ខាងមុខនេះ៕

អត្ថបទទាក់ទង