ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈវិភាគ៖ ល្បិចរាក់កំផែល «ចាក់ទឹក ចេញចង្រឹត»!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 37
ទស្សនៈវិភាគ៖ ល្បិចរាក់កំផែល «ចាក់ទឹក ចេញចង្រឹត»! ទស្សនៈវិភាគ៖ ល្បិចរាក់កំផែល «ចាក់ទឹក ចេញចង្រឹត»!

កាលពីប៉ុន្មានថ្ងៃមុននេះ មេឧទ្ទាមក្រៅច្បាប់ដែលកំពុងសំងំលាក់ខ្លួនពួនក្នុងរូងដូចសត្វកណ្តុរនៅឯប្រទេសបារាំងនោះ បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា «ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងរៃអង្គាសលុយពីប្រជាពលរដ្ឋដើម្បីទិញវ៉ាក់សាំង» ។ តាមការពិត នរណាក៏គេបានដឹងច្បាស់ដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានប្រកាសឬអំពាវនាវរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋសូម្បីតែមួយម៉ាត់ឡើយ ប៉ុន្តែ គឺមេឧទ្ទាមក្រៅច្បាប់ទៅវិញទេដែលកំពុងនិយាយមួលបង្កាច់លោក ហ៊ុន សែន ថារៃអង្គាស និងហ៊ានបន្តប្រមាថអង្គព្រះមហាក្សត្រសារជាថ្មី ម្តងហើយម្តងទៀតយ៉ាងងងើល ដែលចំណុចនេះបានរុញឱ្យខ្មោចអតីតបក្សប្រឆាំងមិនអាចប្រោះរស់ឡើងវិញបានជាដាច់ខាតដោយសារតែកំហុសខាងផ្នែកចិត្តសាស្ត្រនេះឯង។ គេអាចវាយតម្លៃបានថា ភាពល្ងង់ខ្លៅរបស់មេឧទ្ទាមក្រៅច្បាប់នាពេលនេះគឺមានមូលហេតុមួយចំនួនដូចខាងក្រោម៖

១/ ក្នុងគំនិតច្រណែននឹងប្រជាប្រិយភាពរបស់លោក ហ៊ុន សែន៖
ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ អំពីវិធានការក្នុងការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃក្នុងជំហានដំបូងចំនួន១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់ដោយឥតគិតថ្លៃមក គេសង្កេតឃើញមានសប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគថវិកា ជាពិសេស អង្គព្រះមហាក្សត្រ សម្តេចម៉ែ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជនពិការ និងកុមារផងដែរ ពោលគឺប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ ។

២/ ការបន្តចងគំនុំគ្រួសារតពីឪពុកជាមួយរាជវង្សានុវង្ស៖
ក្នុងន័យនេះ មេឧទ្ទាមក្រៅច្បាប់ ហ៊ានចេញមុខជាចំហដើម្បីប្រមាថវាយប្រហារអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃប្រជាពលរដ្ឋកម្ពុជា ដោយបានប្រើប្រាស់នូវពាក្យអសុរសក្រៃលែងដែលមិនអាចអត់ឱនឱ្យបានឡើយ រហូតដល់ស្ថាប័នតុលាការបានចាត់វិធានការច្បាប់ចំពោះជនល្ងង់ខ្លៅនេះដែលហ៊ានប្រព្រឹត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ ដែលបានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ» ទៀតផង។ គួររំលឹកថា ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់សព្វព្រះរាជហរទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះអង្គទ្រង់សព្វព្រះរាជហរទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកផងដែរ ក្នុងការស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ព្រះអង្គ ដើម្បីជួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩។

៣/ ការគិតខុសពីចិត្តសាស្ត្ររបស់ប្រជាពលរដ្ឋក្នុងការចង់បានវ៉ាក់សាំងមកចាក់ការពារជីវិត៖
ស្ថិតក្នុងស្ថានភាពដែលជំងឺកូវីដ-១៩ នៅបន្តរាតត្បាតទាំងនៅកម្ពុជា និងក្នុងពិភពលោក ប្រជាពលរដ្ឋកម្ពុជាចង់ទទួលបាននូវការចាក់វ៉ាក់សាំងបង្ការគ្រប់ៗគ្នា ដូច្នេះហើយទើបប្រជាពលរដ្ឋស្ម័គ្រចិត្តបរិច្ចាគថវិកាដោយគ្មានការបង្ខិតបង្ខំជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ ផ្ទុយមកវិញមេឧទ្ទាមក្រៅច្បាប់ បែរជាមានចេតនាមិនចង់ឱ្យប្រជាពលរដ្ឋឆាប់ទទួលបានវ៉ាក់សាំងចាក់បង្ការជំងឺទៅវិញ ដោយលាបពណ៌ថាលោកនាយករដ្ឋមន្ត្រី ជាអ្នកបោកលុយប្រជាពលរដ្ឋទៅវិញ។ បើប្រជាពលរដ្ឋមិនជឿជាក់លើលោក ហ៊ុន សែន មិនជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះប្រជាពលរដ្ឋនឹងមិនលះបង់ប្រាក់របស់គេដោយស្ម័គ្រចិត្តនោះទេ ដូច្នេះគឺមេឧទ្ទាមក្រៅច្បាប់ទៅវិញទេដែលកំពុងដើរបញ្ច្រាស់ទិសនៃការចង់បានរបស់ប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ ការនិយាយមួលបង្កាច់របស់មេឧទ្ទាមថា លោក ហ៊ុន សែន បោកលុយប្រជាពលរដ្ឋនាពេលនេះ គឺប្រៀបដូចជាព្រនង់កំពុងសំពងក្បាលខ្លួនឯងទៅវិញទេ ពីព្រោះទង្វើបោកប្រាស់លុយកាក់ពីប្រជាពលរដ្ឋរបស់មេឧទ្ទាមក្រៅច្បាប់ និងគូកនរបស់ខ្លួននាពេលកន្លងមក គឺហាក់ដូចជានៅថ្មីៗនៅឡើយ។ គួររំលឹកថា ថវិការបស់ប្រជាពលរដ្ឋជាច្រើនលានដុល្លារអាមេរិកដែលក្រុមមេឧទ្ទាមក្រៅច្បាប់ និងបក្ខពួកបានបោកប្រាស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស រួមទាំងថវិកាបរទេសជាច្រើនទៀតត្រូវបានក្រុមមេឧទ្ទាមស៊ីដាច់ខ្ទេចដោយគ្មានលទ្ធផលអ្វីទាំងអស់ ក្នុងនោះរួមមាន មូលនិធិទូរទស្សន៍ព្រះអាទិត្យ មូលនិធិចលនាសង្គ្រោះជាតិ មូលនិធិវិលត្រឡប់ ៩វិច្ឆិកា ២០១៩ និងពេលនេះទៀតចេញក្បួនបោកថ្ងៃ ៤មករា ២០២០ ទៀតហើយ។

៤/ ដើម្បីមានបំណងនយោបាយរបស់ខ្លួនឱ្យលោក ហ៊ុន សែន ឆ្លើយឆ្លងក្នុងន័យសង្គ្រោះជីវិតនយោបាយរបស់ខ្លួនដែលកំពុងស្លាប់៖
ការប្រើសារ «ឥឡូវនេះ ហ៊ុន សែន ស្ងាត់ច្រៀប» របស់មេឧទ្ទាមក្រៅច្បាប់ គឺជាល្បិចរាក់កំផែល ដើម្បីចង់បានសារឆ្លើយតបពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងន័យជួយប្រោសជីវិតនយោបាយរបស់ខ្លួនឱ្យគេឯងបានឮសំលេងខ្លះៗវិញប៉ុណ្ណោះ។ បច្ចុប្បន្ន នៅកម្ពុជាកុំថាឡើយឈ្មោះរបស់មេឧទ្ទាមនេះ សូម្បីតែស្រមោលខ្មោចអតីតបក្សប្រឆាំងក៏គ្មានប្រជាពលរដ្ឋណាជឿថារស់នោះដែរ គឺរលាយខ្សុលបាត់ទៅហើយ និងបានក្លាយទៅជាក្រុមឧទ្ទាមក្រៅច្បាប់ដែលរង់ចាំតែការអនុវត្តទោសប៉ុណ្ណោះ។ នៅក្រៅប្រទេសឯណោះវិញគ្មានការទទួលស្គាល់ពីអន្តរជាតិណាមួយនោះឡើយ គេបានត្រឹមតែឆ្លើយរបៀបការទូតថានឹងឃ្លាំមើលតែប៉ុណ្ណោះ ចំណែកថវិកាគឺលែងផ្តល់ឱ្យដូចមុនទៀតឡើយ ដោយសារការបោកប្រាស់គេច្រើនលើកច្រើនសារពេក ហើយពេលនេះប្រទេសគេក៏កំពុងរងនូវការរាតត្បាតនៃជំងឺកូវីដ-១៩ ផង។

សរុបមក ការចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា «ឥឡូវនេះ ស្ងាត់ជ្រាបក្នុងរឿងរៃអង្គាសលុយពីប្រជាពលរដ្ឋដើម្បីទិញវ៉ាក់សាំង» នោះគឺជាល្បិចកូនក្មេង «ចាក់ទឹក ចេញចង្រឹត» របស់មេឧទ្ទាមក្រៅច្បាប់ដែលចង់ឱ្យមានការឆ្លងឆ្លើយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ ដែលល្បិចរាក់កំផែលនេះត្រូវបានលោក ហ៊ុន សែន ខ្ចប់ស្លឹកឈូកគ្រវាត់ចោលបាត់ទៅហើយ ដូច្នេះវាច្បាស់ណាស់ថាជីវិតនយោបាយរបស់មេឧទ្ទាមក្រៅច្បាប់គឺបានស្លាប់រួចទៅហើយ។ ម្យ៉ាងទៀត ក្រុមឧទ្ទាមក្រៅច្បាប់ និងគូកនគឺជាក្រុមចង្រៃ ជាក្រុមដែលញុះញង់ អុជអាល បំបែកបំបាក់សាមគ្គីជាតិ ដែលប្រជាពលរដ្ឋកម្ពុជាមិនត្រូវការវត្តមានរបស់ពួកគេឡើយ៕

ដោយ៖ យី វិត (ប្រជាពលរដ្ឋរស់នៅខេត្ត សៀមរាប)