ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីថៃ មានជំនឿយ៉ាងមុតមាំលើមិត្តភាព រវាងថៃនិងកម្ពុជាដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួមគ្នា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 35
នាយករដ្ឋមន្ត្រីថៃ មានជំនឿយ៉ាងមុតមាំលើមិត្តភាព រវាងថៃនិងកម្ពុជាដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួមគ្នា នាយករដ្ឋមន្ត្រីថៃ មានជំនឿយ៉ាងមុតមាំលើមិត្តភាព រវាងថៃនិងកម្ពុជាដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួមគ្នា

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បាន​សម្ដែងនូវជំនឿយ៉ាងមុតមាំថា មិត្តភាពរវាងថៃ និងកម្ពុជា មានភាពរឹងមាំ និងស្ថិតថេរ ហើយ​ប្រជាជន ជាពិសេសយុវជនជំនាន់ក្រោរបស់ប្រទេសទាំងពីរ នឹងបន្តធ្វើការជាមួយគ្នា ឆ្ពោះទៅ​រកអនាគតដ៏ត្រចះត្រចង់មួយ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួមគ្នា។

​ក្នុងលិខិតចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ផ្ញើជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៧០ ថ្ងៃបង្កើតទំនាក់​ទំនង​ការទូតរវាងកម្ពុជា-ថៃនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា បានថ្លែងថា នៅក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់​ទំនងការ​ទូតរបស់យើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដមមានសេចក្ដីសោមនស្សរីរាយ​និងសូម​គូសបញ្ជាក់ថា ទំនាក់ទំនងរវាងថៃ និងកម្ពុជា កាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់ ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងផលប្រយោជន៍រួមលើគ្រប់វិស័យ។

ឯកឧត្ដម​នាយករដ្ឋមន្ត្រីថៃគូសបញ្ជាក់ថា ជាប្រទេសជិតខាងជាមិត្ត តំបន់ព្រំដែនរបស់យើង​កំពុងទទួលបាននូវស្ថិរភាព និងសន្តិភាពយូរអង្វែង ដោយមានពាណិជ្ជកម្មឆ្លង​ដែនរីក​​ចម្រើន​ឥតឈប់ឈរ ដែលនាំមកនូវការងារបន្ថែម និងបានលើកកម្ពស់ជីវភាពរស់នៅរបស់​ប្រជាជន​យើងឱ្យកាន់តែល្អប្រសើរឡើង។ ទន្ទឹមនេះ ពាណិជ្ជកម្មទ្វេភាគីរបស់យើង បានកើនឡើង​យ៉ាង​​លឿនគួរឱ្យកត់សម្គាល់ ពីប្រមាណ ៣០០លានដុល្លារអាម៉េរិក កាលពី២០ឆ្នាំមុន មក​ជាង ៩ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩។ ចំពោះការវិនិយោគរបស់ថៃនៅកម្ពុជា បាន​កើន​ឡើង ដោយបានរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចថៃ​ទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន ពីកម្លាំងពលកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​របស់​ប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះ យើងក៏បានទទួលនូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការតភ្ជាប់របស់យើង ដែលស្ដែងចេញតាមរយៈ ស្ពានមិត្តភាពកម្ពុជា-ថៃ (បានណងអៀន-ស្ទឹងបត់) ដែលតភ្ជាប់​ខេត្ត​ស្រះកែវ និងខេត្តបន្ទាយមានជ័យ និងការស្ដារឡើងវិញនូវសេវាកម្មផ្លូវដែក ដែលនឹងតភ្ជាប់​សហគមន៍នៃប្រទេសថៃ និងកម្ពុជា ក្នុងពេលឆាប់ៗ ព្រមទាំងរួមចំណែកដល់​លំហូរពាណិជ្ជ​កម្មប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។

នៅក្នុងវិស័យអប់រំ វិទ្យាស្ថានបច្ចេកវិទ្យា​កំពង់​ឈើ​ទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ គឺជាគំរូនៃភាពជោគជ័យសម្រាប់​ស្ថាប័នវិជ្ជាជីវៈ​ដទៃ​ទៀត ហើយបានផ្ដល់ឱកាសជាច្រើនដល់យុវជនកម្ពុជា ដើម្បីទទួលបានភាពជោគជ័យ។ ឯកឧត្ដមបានថ្លែងសង្កត់ធ្ងន់ថា ថ្មីៗនេះ យើងក៏បានធ្វើការរួមគ្នាក្នុងការកាត់បន្ថយ​ផលប៉ះ​ពាល់ នៃការរាលដាលនៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ច និងសង្គមយើងផងដែរ ដែលបើកផ្លូវ​សម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម​ក្នុង​តំបន់ និងអន្តរជាតិនាពេលអនាគត។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា បានថ្លែងបន្ថែមថា ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនង​ការទូតរបស់យើង និងយោងទៅលើវឌ្ឍនភាពដ៏ល្អប្រសើរ ដែលយើងបានបង្កើតឡើងក្នុង​នាមជាអ្នកជិតខាងល្អ និងជាដៃគូក្នុងតំបន់ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជា​ណាចក្រថៃ ឯកឧត្ដមក៏សូមជូនពរយ៉ាងកក់ក្ដៅជាទីបំផុតជូនចំពោះ សម្ដេចតេជោ និងប្រជា​ជន​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលនេះ៕