ខ្មែរប៉ុស្ដិ៍ Close

អគារ​ទីស្ដីការ​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែមករា ឆ្នាំ​២០២១ ខាងមុខ​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 27

នៅ​ថ្ងៃ​ពុធ ទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង​ប្រចាំ​សប្ដាហ៍​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដោយ​កិច្ចប្រជុំ​នោះ​ផ្ដោតជាសំខាន់​លើ​ការត្រៀម​រៀបចំ ផ្លាស់ប្ដូរ​ទៅ​ទីស្ដីការក្រសួង​ថ្មី និង​ការស្វែងរក​ដំណោះស្រាយ​បញ្ហា​មួយចំនួន​ដែល​ថ្នាក់ដឹកនាំ​បាន​ជួបប្រទះ​អំឡុងពេល​អនុវត្ត​ការងារ​របស់ខ្លួន និង​មិនទាន់​អាច​ដោះស្រាយបាន សំដៅ​សម្រួល​ការងារ​ឱ្យមាន​ភាពសាមញ្ញ និង​កាន់តែ​រីកចម្រើន​ទៅមុខ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ក្រសួង​នឹង​ប្ដូរ​ទៅ​អគារ​ទីស្ដីការក្រសួង​ថ្មី​នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១​ខាងមុខ តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លេខ​០៥៤ សក​.​រប​.​សជណ ចុះ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ហើយ​ការផ្លាស់ប្ដូរ​ទីស្ដីការក្រសួង​ទៅកាន់​ទីតាំង​ថ្មី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ប្រមូលផ្ដុំ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់​ឱ្យ​ស្ថិតនៅ​ទីតាំង​តែមួយ ដែលមាន​ទីធ្លា​ធំ​ទូលាយ ឆ្លើយតប​ទៅតាម​ទំហំ​ការងារ​នាពេល​បច្ចុប្បន្ន ឆ្លុះបញ្ចាំង​ចក្ខុវិស័យ​នាពេល​អនាគត ជាពិសេស​ទីតាំង​ថ្មី​នេះ​ជួយ​សម្រួល​ដល់​លំហូរ​ការងារ​ប្រចាំថ្ងៃ​របស់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​បាន​កាន់តែ​ល្អប្រសើរ និង​ផ្ដល់​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្វែងរក​សេវាសាធារណៈ​ចាំបាច់​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ទន្ទឹមនឹងនេះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​ក្រសួង ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់ខ្លួន​ប្រកបដោយ​ឆន្ទៈ​និង​មនសិការ​វិជ្ជាជីវៈ​ខ្ពស់ ក្នុង​បុព្វហេតុ​បម្រើ​ឧត្ដមប្រយោជន៍​ជាតិ និង​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ទទួលបន្ទុក​ការងារ​សាងសង់​អគារ​ទីស្ដីការក្រសួង​ថ្មី​នេះ​បាន​ចប់សព្វគ្រប់​តាម​ពេលវេលា​ដែល​បានកំណត់​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ផ្ដាំ​ផ្ញើឱ្យ​មន្ត្រី​ទាំងអស់​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​បន្ថែមទៀត ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​ថែរក្សា​អគារ​ថ្មី​នេះ និង​គ្រឿងចក្រ​នានា​ឱ្យ​បានល្អ​បំផុត ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង​។​
​សូមបញ្ជាក់ថា អគារ​ទីស្ដីការក្រសួង​ថ្មី​នេះ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ​៥៩៨ (​ផ្លូវ​ឯកឧត្ដម ជា សុផារ៉ា​) សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ដើមខែ​មករា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទទាក់ទង