ខ្មែរប៉ុស្ដិ៍ Close

ក្រុម​ជម្រើសជាតិ​មាន​អាទិភាព​ក្នុងការ​ទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 42
ក្រុម​ជម្រើសជាតិ​មាន​អាទិភាព​ក្នុងការ​ទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្រុម​ជម្រើសជាតិ​មាន​អាទិភាព​ក្នុងការ​ទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​សម្តែង អំណរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ក្រុម​កីឡាករ កីឡា ការិនី ជម្រើសជាតិ​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ចំណោម មនុស្ស​សំខាន់ៗ​ជា​អាទិភាព ដែល​ប្រឈម​ខ្ពស់​នឹង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្តម​បន្ថែមថា អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​កីឡា​មាន​បញ្ហា​ប្រឈម​ខ្ពស់​នឹង​ហានិភ័យ នៃ​ការឆ្លង​ជំងឺ​នេះ ជាពិសេស​គឺ​ក្រុម​គ្រូបង្វឹក គ្រូ​ជំនួយ មន្ត្រី​កីឡា ក្នុង​ក្រុម​ជម្រើសជាតិ​តែម្តង ដែល​ពួកគាត់​ត្រូវការ​ហ្វឹកហាត់​ប្រមូលផ្តុំ​ជាប់​ជាប្រចាំ ហើយ​ការទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នាពេល​ខាងមុខនេះ គឺជា​រឿង​ល្អ ដែល​ធ្វើឱ្យ​ពួកគាត់​លែង​ខ្វល់ខ្វាយ​ពី​ការ​ចម្លងជំងឺ​នេះ​។ ទន្ទឹមនេះ ពួកគេ​ប្រមូល​អារម្មណ៍​តែ​ទៅលើ​ការហ្វឹកហាត់​បង្កើន​គុណភាព​បច្ចេកទេស​ឱ្យ​កាន់តែ​ប្រសើរ សម្រាប់​ត្រៀម​ការប្រកួត​ជា​អន្តរជាតិ នៅក្រៅ​ប្រទេស​នានា​។ ឯកឧត្ដម​បានលើកឡើង​ថា ផលប្រយោជន៍​ការចាក់​វ៉ាក់សាំង​បាន​មុននេះ គឺ​មិនមាន​ការផ្អាក​ការប្រមូលផ្តុំ​ហ្វឹកហាត់ ដោយ​ធ្វើឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាច​ហ្វឹកហាត់​បានជា​ប់លាប់ ហើយ​សិទ្ធ​ផល​នឹង​ល្អ​ទៅតាម​នោះដែរ​។​

​ឯកឧត្តម​រំពឹងថា ក្រោយពី​ការប្រមូលផ្តុំ​ឡើងវិញ ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​អាច​បង្កើនបាន​នូវ​គុណភាព​បច្ចេកទេស​កាន់តែ​ល្អប្រសើរ ឡើងវិញ តាមរយៈ​ការហ្វឹកហាត់​ពិសេស ដើម្បី​ចូលរួម​ការប្រកួត​អន្តរជាតិ​ធំៗ ក្នុង​ឆ្នាំ​២០២១​ខាងមុខ ដូចជា​ការប្រកួត កីឡា​អូឡាំពិក​ហ្គេម ដែលជា​ព្រឹត្តិការណ៍​ធំជាងគេ​នៅលើ​ពិភពលោក​រៀងរាល់​៤​ឆ្នាំ​ម្តង នា​ខែកក្កដា ឆ្នាំ​២០២១ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​, ការប្រកួត​កីឡា​ថ្នាក់​តំបន់​អាស៊ី​អា​គ្នេ​ហ៍ ស៊ី​ហ្គេម លើក​ទី​៣១ នា​ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម និង​ការហ្វឹកហាត់​ជាប់​ជាប្រចាំ​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ ២០២៣ នៅ​កម្ពុជា​។ ចំពោះ​ការត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ចុងឆ្នាំ ២០២១​ខាងមុខនេះ គឺ​ម្ចាស់ផ្ទះ​បានកំណត់​បង្ហាញ​នូវ​ប្រភេទ​កីឡា​ចំនួន​៤០ លើ​៥០០​វិញ្ញាសា ហើយ​កម្ពុជា​បាន​ត្រៀម​ជិត​៣០​ប្រភេទ​កីឡា​។​

​សូមបញ្ជាក់ថា ដោយសារ​ការរីក​រាល​ដាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​បានធ្វើឱ្យ​គ្រប់​សកម្មភាព​កីឡា ដូចជា​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ការប្រមូលផ្តុំ​ហ្វឹកហាត់​លក្ខណៈ​ប្រមូលផ្តុំ​នៃ​ក្រុម​ជម្រើសជាតិ​ទាំងអស់​ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា​ផ្អាក​ជាច្រើនលើក គិត​ចាប់​តាំ​ពី​ខែមីនា ឆ្នាំ​២០២០​មក​ម្លេះ ហើយ​ជា​បន្តបន្ទាប់​សកម្មភាព​កីឡា​ទាំងអស់​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រកួត និង​ហ្វឹកហាត់​ឡើងវិញ ប៉ុន្តែ​សកម្មភាព​កីឡា​ទាំងអស់​ក៏ត្រូវ​ផ្អាក​ម្តង​ហើយ​ម្តងទៀត ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​គឺ​ព្រឹត្តិការណ៍​៣​វិច្ឆិកា និង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ដែល​មកដល់ពេលនេះ​សកម្មភាព​កីឡា​មិនទាន់​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​នៅឡើយ​។ បច្ចុប្បន្ន ក្រុម​ជម្រើសជាតិ​កម្ពុជា​ទាំងអស់​ផ្អាក​ការហ្វឹកហាត់​ប្រមូលផ្តុំ ដោយ​បន្ត​ការហ្វឹកហាត់​ដោយ​ខ្លួនឯង នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ប៉ុណ្ណោះ ដែល​នេះ​គឺជា​កង្វល់​ធំ​ក្នុងការ​ធ្លាក់ចុះ​នៃ​គុណភាព​បច្ចេកទេស​៕​

អត្ថបទទាក់ទង