ខ្មែរប៉ុស្ដិ៍ Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ ចលនាមហាសាមគ្គីជាតិខ្មែរផុសត្រដែតឡើងក្នុងសង្គមជាតិ ក្រោមការកាច់ចង្កូតរបស់សម្តេចតេជោ ហ៊ុន សែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 60
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ ចលនាមហាសាមគ្គីជាតិខ្មែរផុសត្រដែតឡើងក្នុងសង្គមជាតិ ក្រោមការកាច់ចង្កូតរបស់សម្តេចតេជោ ហ៊ុន សែន អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ ចលនាមហាសាមគ្គីជាតិខ្មែរផុសត្រដែតឡើងក្នុងសង្គមជាតិ ក្រោមការកាច់ចង្កូតរបស់សម្តេចតេជោ ហ៊ុន សែន

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូពិសេសមួយ ដែលបានបង្ហាញនូវមោទនភាពរបស់ជាតិខ្មែរ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន។
ស្មារតីជាតិនិយម នៃការរួបរួមសាមគ្គីគ្នាជាធ្លុងមួយគ្រប់ស្រទាប់វណ្ណៈបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ គឺជាមោទនភាពរបស់ជាតិទាំងមូល ដែលក្នុងវីដេអូរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានផលិតឡើង ដើម្បីផ្សព្វផ្សាយជូនសាធារណជនជាតិ និងអន្តរជាតិ។

ខ្លឹមសារនៃវីដេអូបានបង្ហាញថា ក្នុងរយៈពេលចុងក្រោយនេះ នៅពេលដែលប្រទេសជាតិជួបការលំបាកដោយសារទឹកជំនន់ និងកូវីដ-១៩ ចលនាមហាសាមគ្គីជាតិខ្មែរក៏បានផុសត្រដែតឡើងដ៏គួរឲ្យស្ញប់ស្ញែង។ ជាក់ស្តែង គ្រាន់តែសម្តេច តេជោ ហ៊ុន សែន ប្រកាសអំពីការត្រៀមទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ សម្រាប់ចាក់ឲ្យប្រជាពលរដ្ឋ ស្រាប់តែមាន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អ្នកជំនួញ អាជីវករ កម្មករ កម្មការិនី ព្រះសង្ឃ ជាពិសេសនោះ គឺព្រះករុណា សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីយ៍ នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហរទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យយ៉ាងច្រើន រួមជាមួយនិងមហាជនខ្មែរទូទៅ ក៏បានប្រកាសបរិច្ចាគថវិកាតាមលទ្ធភាពរៀងៗខ្លួនដោយស្ម័គ្រចិត្ត ដោយគ្មានការប្រកាសរៃអង្គាសឡើយ។
មានហេតុផលសំខាន់ៗចំនួន៧ចំណុចនៅក្នុងផ្ទៃរឿងនៃវីដេអូនេះ ដែលជាមូលហេតុនៃការផុសត្រដែតឡើងកម្លាំងសាមគ្គីជាតិខ្មែរតែមួយ រួមគ្នាគ្រប់ស្រទាប់សង្គម ប្រកាសបរិច្ចាគថវិកាជួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន សង្គមខ្មែរកំពុងតែស្គាល់ការវិវឌ្ឍន៍ដ៏គួរឲ្យកត់សម្គាល់ ក្នុងនោះ ចលនាមហាសាមគ្គីជាតិខ្មែរក៏កំពុងលេចត្រដែតឡើងគួរជាទីមោទនៈ។ ក្នុងន័យនេះ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ អាចនឹងត្រូវចាក់ឲ្យពលរដ្ឋខ្មែរគ្រប់រូបដោយឥតគិតថ្លៃក្នុងពេលខាងមុខនេះ ដោយសារតែកម្លាំងមហាសាមគ្គីជាតិខ្មែរក្នុងទស្សនៈ «ជួយគ្នាក្នុងគ្រាអាសន្ន» និង«វប្បធម៌ចែករំលែក»ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបណ្តុះរហូតមកក្នុងគ្រាដែលសម្តេចបាននិងកំពុងដឹកនាំរាជរដ្ឋាភិបាល។

ចលនាមហាសាមគ្គីជាតិមួយនេះ នឹងក្លាយជាកម្លាំងចលករដែលរុញច្រាននាវាកម្ពុជាឲ្យលឿនលយទៅមុខក្រោមការកាច់ចង្កូតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយតាមរយៈចលនាមហាសាមគ្គីជាតិដ៏ផុលផុសនេះ គេអាចវាយតម្លៃបានយ៉ាងច្បាស់លាស់ថា សម្តេចតេជោ ហ៊ុន សែន ពិតជាប្រមុខដឹកនាំដ៏ខ្លាំងពូកែបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជា ព្រោះមានតែប្រមុខដឹកនាំដ៏ខ្លាំងពូកែទេ ទើបអាចបង្កើតបាននូវចលនាមហាសាមគ្គីជាតិបែបនេះបាន។

ចុងបញ្ចប់ខ្លឹមសារនៃវីដេអូនេះបានពិពណ៌នាថា ក្នុងបរិបទកូវីដ-១៩ ដ៏លំបាកលំបិននេះ ចលនាមហាសាមគ្គីជាតិខ្មែរដែលកំពុងតែពុះកញ្ជ្រោលដូចទឹកបាក់ទំនប់នៅពេលនេះ នឹងក្លាយជាខឿនការពារសុខភាពពលរដ្ឋយ៉ាងរឹងមាំបំផុត ក្រោមទស្សនៈវិជ្ជាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។

សូមទស្សនាវីដេអូ ដូចតទៅ៖

អត្ថបទទាក់ទង