ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប៖ ពលរដ្ឋនៅតែបោះឆ្នោតដោយដៃ ដូចការបោះឆ្នោតអាណត្តិមុនៗដដែល មិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញនោះទេ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 47
គ.ជ.ប៖ ពលរដ្ឋនៅតែបោះឆ្នោតដោយដៃ ដូចការបោះឆ្នោតអាណត្តិមុនៗដដែល មិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញនោះទេ គ.ជ.ប៖ ពលរដ្ឋនៅតែបោះឆ្នោតដោយដៃ ដូចការបោះឆ្នោតអាណត្តិមុនៗដដែល មិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញនោះទេ

(ភ្នំពេញ)៖ លោក សោម សូរីដា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានបញ្ជាក់ថាសម្រាប់ការបោះឆ្នោតសាកល្បងដែលនឹងប្រព្រឹត្តធ្វើឡើងនៅឆ្នាំ២០២១ ខាងមុខនេះ ចំពោះប្រជាពលរដ្ឋគឺនៅតែធ្វើការបោះឆ្នោតដោយដៃ ដូចការបោះឆ្នោតអាណត្តិមុនៗដដែល មិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញនោះទេ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា ម្យ៉ាងវិញទៀត ការបោះឆ្នោតសាកល្បងនេះ មិនត្រូវបានរៀបចំនៅទូទាំងប្រទេសទេ ដោយត្រូវធ្វើនៅតាមឃុំ សង្កាត់គោលដៅមួយចំនួនតាមការកំណត់របស់ គ.ជ.ប តែប៉ុណ្ណោះ។

លោក សោម សូរីដា បានលើកឡើងថា ពិតជាចាំបាច់ណាស់! មុននឹងឈានដល់ការរៀបចំការបោះឆ្នោតសាកល្បង នៅដើមឆ្នាំ២០២១ គ.ជ.ប ត្រូវរៀបចំបទបញ្ជា និងនីតិវិធី ហើយត្រូវរៀបចំ នូវកិច្ចប្រជុំមួយជាមួយភាគីពាក់ព័ន្ធ ដើម្បីចូលរួមពិភាក្សាពិគ្រោះយោបល់ មុននឹងអនុម័តគម្រោងរៀបចំការបោះឆ្នោតសាកល្បងនេះ ពីព្រោះ គ.ជ.ប មិនមែនធ្វើការដោយអត្តនោម័តនោះទេ ហើយការបោះឆ្នោតមួយទទួលបានជោគជ័យ ដោយសារមានការចូលរួមពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់។

បើតាមលោក សោម សូរីដា បានពន្យល់ថា គម្រោងរៀបចំការបោះឆ្នោតសាកល្បង នៅដើមឆ្នាំ២០២១ ខាងមុខនេះ គ.ជ.ប រៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើប្រសិទ្ធភាពនៃការធ្វើទំនើបកម្មដំណើរការបោះឆ្នោត ដូចខាងក្រោម៖

*ការប្រើប្រាស់កម្មវិធីចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាមប្រព័ន្ធអនឡាញ។
*កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត។
*កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលផ្លូវការនៃការបោះឆ្នោត។
*កម្មវិធីបែងចែកអាសនៈ និងស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត។

លោកបានបញ្ជាក់ថា ប្រសិនបើការបោះឆ្នោតសាកល្បងនៅដើមឆ្នាំ២០២១ ដំណើរការល្អ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព កម្មវិធីទំនើបកម្មនៃដំណើរការនេះ នឹងយកទៅអនុវត្តសម្រាប់ការបោះឆ្នោត សកលនៅឆ្នាំ២០២២ និងឆ្នាំ២០២៣៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖

អត្ថបទទាក់ទង