ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងហូជីមិញ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលវៀតណាម រកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍
ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងហូជីមិញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានវត្តមាននៅទីក្រុងហូជីមិញ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលវៀតណាម រកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ នៅទីក្រុងហូជីមិញ។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅក្រុងហូជីមិញ បានឲ្យដឹងថា ការអំពាវនាវខាងលើ បានធ្វើឡើង បន្ទាប់ពីនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សារព័ត៌មាន Thanhnien.vn បានចុះផ្សាយតាមគេហទំព័រថា មានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅទីក្រុងហូជីមិញ គឺអ្នកជំងឺទី ១៣៤៧ ជាជនជាតិវៀតណាម។
ក្នុងសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ក្នុងកំឡុងពេលពីថ្ងៃទី១៨-២៥ ខែវិច្ឆិកា តាមការសើបអង្កេតបឋម អ្នកជំងឺ ១៣៤៧ បានធ្វើដំណើរទៅកាន់ទីកន្លែងមួយចំនួនដូចជាទៅបង្រៀន ភាសាអង់គ្លេស នៅមជ្ឈមណ្ឌល KEY English នៅខណ្ឌតិនឋិញ និងសាខាផ្សេងទៀត នៅខណ្ឌទី១០ ទៅហាងកាហ្វេ និងទៅការ៉ាអូខេនៅទីក្រុងហូជីមិញ។
ជាមួយគ្នានោះ អាជ្ញាធរមានសមត្ថកិច្ចវៀតណាម កំពុងសស្រាក់សស្រាំ តាមប្រមូលអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលដទៃទៀត ដើម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យរកមេរោគកូវីដ-១៩៕