ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន ៖ «ក្រុមឧទ្ទាមក្រៅច្បាប់កាន់តែងងឹតត្បិតចាញ់ពន្លឺនយោបាយឈ្នះឈ្នះ»

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 1691
    លិខិតមិត្តអ្នកអាន ៖ «ក្រុមឧទ្ទាមក្រៅច្បាប់កាន់តែងងឹតត្បិតចាញ់ពន្លឺនយោបាយឈ្នះឈ្នះ»លិខិតមិត្តអ្នកអាន ៖ «ក្រុមឧទ្ទាមក្រៅច្បាប់កាន់តែងងឹតត្បិតចាញ់ពន្លឺនយោបាយឈ្នះឈ្នះ»

    លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្របក្ស ប្រឆាំងដែលជាប់បំរាមធ្វើនយោបាយត្រូវបាន ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទារនយោបាយឡើងវិញហើយតាម សំណើររបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ មិនត្រឹមតែទទួល បាននីតិសម្បទារនយោបាយឡើងវិញ ប៉ុណ្ណោះទេ លោកស្រី លី ស្រីវីណាក៏ត្រូវបានលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចទទួលឲ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចតាមសំណើររបស់សាមីខ្លួនផងដែរ។

    ក្នុងលិខិតសរសេរដោយផ្ទាល់ដៃផ្ញើទៅកាន់លោក ហ៊ុន សែន និងភរិយា លោកស្រី លី ស្រីវីណា បានបញ្ជាក់ថា «លោកស្រីចងចាំមិនភ្លេចនូវគុណូបការៈរបស់លោកនាយករដ្ឋមន្ត្រីដែលបានបញ្ជូន លោក ស្រីទៅរៀននៅបរទេស នៅឆ្នាំ ១៩៨៩ ។ ដើម្បីតបស្នងមហាគុណនេះ លោក ស្រីចង់យក ចំណេះដឹងរបស់ខ្លួនដែល បានរៀនសូត្រពីបរទេស ទៅជួយលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងស្របតាម នយោបាយឈ្នះឈ្នះដ៏ត្រឹមត្រូវនឹងភ្លឺស្វាងក្នុងសន្តិភាពរបស់លោក នាយករដ្ឋមន្ត្រី»។

    លោកស្រី លី ស្រីវីណា ក៏បានគូសបញ្ជាក់ផងដែរថា «លោក ស្រីមិនពេញចិត្តទាល់តែសោះចំពោះការវាយប្រហារដោយអយុត្តិធម៌របស់មនុស្សមួយចំនួនទាំងក្នុងនិងក្រៅប្រទេសទៅលើ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។

    ក្នុងន័យនេះ ការសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺលោកស្រីចង់ចូលរួមចំណែកកសាងប្រទេសតាមមាគ៌ាដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

    ពាក្យពេចន៍ដែលបង្ហូរ ចេញពីស្លាបប៉ាការបស់លោកស្រី លី ស្រីវីណា អាចបញ្ជាក់បានថា លោកស្រីជាមនុស្សដែល មានការពិចារណាខ្ពស់និងចេះបែងចែកដាច់ពីគ្នារវាងគុណនិងទោស ហើយបានធ្វើការ សម្រេចចិត្តយ៉ាងច្បាស់ក្នុងការផ្តល់យុត្តិធម៌ដល់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលមិនត្រឹមតែបាន រំដោះប្រជាជនខ្មែររាប់លាននាក់ឲ្យរួចផុតពី សេចក្តីស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែនៅបានផ្តល់ឱកាសជូនពលរដ្ឋខ្មែររួមទាំងលោកស្រី លី ស្រីវីណាផងឲ្យបានស្រូបយក ចំណេះវិជ្ជានិងទទួលបាន សន្តិភាពនិងភាពសម្បូរ សប្បាយរហូតដល់សព្វថ្ងៃ។

    អ្វីដែលសំខាន់បំផុតគឺ នយោបាយឈ្នះឈ្នះដែលធ្វើឲ្យខ្មែរគ្រប់គ្នា គ្រប់និន្នាការបាន ទទួលផលពីសុខសន្តិភាព របស់ប្រទេស។ នេះជា ហេតុផលជាក់ស្តែងមិនអាចប្រកែកនិងកាឡៃ បានដែលលោកស្រី លី ស្រីវីណាបានសម្រេច ចិត្តចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

    ទន្ទឹមនឹងនេះ លោកស្រីក៏មិនភ្លេចទះកំភ្លៀងក្រុមប្រឆាំងក្រៅច្បាប់យ៉ាងដំណំផងដែរដើម្បីឲ្យសមនឹងអំពើ ដែលពួកគេបានធ្វើមក លើប្រទេសជាតិ។ ការសម្រេចចិត្តរបស់លោកស្រី លី ស្រីវីណា សបញ្ជាក់ថា ទស្សនៈវិជ្ជា នយោបាយឈ្នះឈ្មះ របស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន កាន់តែមានពន្លឺបំភ្លឺខ្លាំងឡើងៗជាលំដាប់ ហើយក៏ បានក្លាយជាប្រទីបបំភ្លឺផ្លូវខ្មែរឲ្យមើលឃើញកាន់តែ ច្បាស់នូវមុខមាត់ពិតរបស់ក្រុមប្រឆាំងជ្រុលនិយមក្រៅច្បាប់។

    ពន្លឺនៃនយោបាយឈ្នះឈ្នះក៏កំពុងតែដក់ជាប់កាន់តែជ្រៅទៅៗនៅក្នុងចិត្តនិងបេះដូងរបស់ ពលរដ្ឋខ្មែរ ក្នុងនោះក៏មានអ្នកដែលលង់ជឿក្រុមប្រឆាំងជ្រុលនិយមជាច្រើនផងដែរ។ ជាក់ស្តែង កន្លងមកនេះ មានអតីតមន្ត្រីជាន់ខ្ពស់ សកម្មជន និងអ្នកគាំទ្រក្រុមប្រឆាំងក្រៅច្បាប់ជាច្រើនបាននាំគ្នាភ្ញាក់រលឹកជាបន្តបន្ទាប់ ដោយអ្នកខ្លះងាកមកសុំសិទ្ធធ្វើនយោបាយឡើងវិញដើម្បីបង្កើតគណបក្សនយោបាយថ្មី, អ្នកខ្លះបោះបង់ចោលក្រុមឧទ្ទាមដោយស្ងាត់ស្ងៀម ខណៈ ដែលអ្នកខ្លះទៀតក៏បានមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា វិញដើម្បីរួមចំណែកកសាងប្រទេសដូច លោកស្រី លី ស្រីវីណា ជាឧទាហរណ៍ស្រាប់។

    ដោយសារតែនយោបាយឈ្នះឈ្នះនេះហើយ ទើបពួកគេបានទទួលសេចក្តី សុខនិងភាពចម្រុងចម្រើនជាបន្តបន្ទាប់ពីសុខ សន្តិភាពរបស់ប្រទេស។ សុខសន្តិភាពនិងការអភិវឌ្ឍនេះបានកើតមានចំពោះពលរដ្ឋខ្មែរគ្រប់រូបមិនថា អ្នកនោះស្ថិតក្នុងគណបក្សនយោបាយណាឡើយឲ្យតែពួកគេខិតខំ ប្រកបមុខរបរនិងការងារ ហើយមិនប្រព្រឹត្តអំពើខុសច្បាប់។

    សុខសន្តិភាពរយៈពេលយូរដែលមិនធ្លាប់មាន ពីមុននិងភាពសម្បូរ សប្បាយផ្នែកជីវភាព និងសេរីភាពដែល ពលរដ្ឋខ្មែរមិនដែលជួបប្រទះ គឺជាផ្លែផ្កានៃ នយោបាយឈ្នះឈ្នះនិងកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយគ្មានអ្នកណាអាចកាឡៃបំភ្លៃបានឡើយ។ នៅពេលដែល នយោបាយឈ្នះឈ្នះកាន់តែជះពន្លឺ ក្រុមប្រឆាំងជ្រុលនិយមក៏កាន់តែងងឹត សូន្យសុងពីមួយថ្ងៃទៅ មួយថ្ងៃដែរ។ លើការជាក់ស្តែង បច្ចុប្បន្ន ក្រុមប្រឆាំងក្រៅច្បាប់បានបាក់បែកគ្នាជាច្រើនចំរៀក ជាកង់ៗ អ្នកខ្លះរត់គេចខ្លួនពីសំណាញ់ ច្បាប់ ហើយមួយចំនួនធំរួមមានទាំងមន្ត្រីជាន់ខ្ពស់ សកម្មជន និងអ្នកគាំទ្រថ្នាក់មូលដ្ឋានក៏បានងាកមកចូលរួមការពារសន្តិភាពនិងភាព សុខសានរបស់ប្រទេសជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

    មិនថានៅក្នុងឬក្រៅ ប្រទេសឡើយ ក្រុមអ្នកគាំទ្រពួកប្រឆាំងជ្រុលនិយម គឺស្ថិតក្នុងស្ថានភាពស្ងាត់ ទាំងអ្នក ចេញមុខនិងស្ងាត់ទាំងអ្នកឧបត្ថម្ភថវិកា។ ជាក់ស្តែងកន្លងមកនេះ ពេលពួកគេចង់ប្រមូលផ្តុំមនុស្សធ្វើបាតុកម្ម ពួកគេត្រូវប្រើលុយដើម្បីជួល ពួកបាតុករស៊ីឈ្នួលហើយទោះជាប្រើលុយកាក់ក៏ដោយ ក៍នៅតែមិនអាច ប្រមូលមនុស្សបានច្រើន ដែរ។

    នៅឯក្រៅប្រទេសវិញក៏ ដូចគ្នាដែរ ។ ពេលពួកគេ រៀបចំបាតុកម្មម្តងៗ មានមនុស្សតែមួយដំបរស្វាប៉ុណ្ណោះចូលរួម ហើយចំណែកឯប្រភពថវិកា ដែលធ្លាប់តែប្រមូលបានច្រើនកាលពីមុន ក៏កាន់តែខ្សត់ខ្សោយទៅៗ ។ ស្ថានភាពដែលបានធ្លាក់ចុះដុនដាបទាំងនេះ ក៏ដោយសារតែពន្លឺនៃ នយោបាយឈ្នះឈ្នះដែលកាន់តែជះចូលដល់គ្រប់ទិសទីដែលធ្វើឲ្យគេ បានមើលឃើញនូវ មុខមាត់ពិតកាន់តែច្បាស់របស់ក្រុមបំផ្លាញជាតិ ដែលជ្រកក្រោមស្លាក «ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស»ក្លែងក្លាយ។

    សរុបមកវិញ អំពើល្អដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានធ្វើ កំពុងទទួលបាន ការតបស្នងវិញពី ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។ យុត្តិធម៌ក៏ត្រូវបានផ្តល់ជូនរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពាក្យចាស់បូរាណ ពោលថា «អំពើល្អមិនដែលសាបសូន្យ » យ៉ាងណាមិញ គុណូបការៈដែលគណបក្សប្រជាជនកម្ពុជាបានសាងដើម្បីប្រទេសជាតិនិងប្រជាជនដ៏កំសត់នេះ កំពុងទទួលបានការតបស្នងវិញហើយ។ ផ្ទុយទៅវិញ អំពើអាក្រក់តែងតែវិនាសសូន្យសុង ប្រៀបដូចក្រុម ឧទ្ទាមក្រៅច្បាប់ដែលកាន់តែងងឹតត្បិតចាញ់ពន្លឺនយោបាយឈ្នះឈ្នះ៕

    ដោយ : អ្នកនយោបាយតុកាហ្វេ

    អត្ថបទទាក់ទង