ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ជាថ្មីថា ទោះមិនប្រារព្ធបុណ្យអុំទូក តែពិធីអកអំបុក និងសំពះព្រះខែនៅតែធ្វើដដែល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 49
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ជាថ្មីថា ទោះមិនប្រារព្ធបុណ្យអុំទូក តែពិធីអកអំបុក និងសំពះព្រះខែនៅតែធ្វើដដែល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ជាថ្មីថា ទោះមិនប្រារព្ធបុណ្យអុំទូក តែពិធីអកអំបុក និងសំពះព្រះខែនៅតែធ្វើដដែល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា ទោះបីកម្ពុជាមិនប្រារព្ធព្រះរាជពិធីបុណ្យអុំទូកក៏ដោយ ប៉ុន្ដែពិធី អកអំបុក និងសំពះព្រះខែ នៅតាមផ្ទះ និងវត្តអារាមនៅតែប្រារព្ធធ្វើដដែល។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃខាងមុខនេះ មន្ត្រីរាជការ និយោជិក កម្មករ និងប្រជាពលរដ្ឋអាចឈប់សម្រាកតាមធម្មតា។ «យើងគ្រាន់តែមិនចាត់តាំងអុំទូកតែប៉ុណ្ណោះ ប៉ុន្ដែរឿងសំពះព្រះខែ នៅតាមផ្ទះ អកអំបុកនៅតាមផ្ទះ គឺនៅតែធ្វើ។ មន្ដ្រីរាជការរបស់យើង កម្មករ-កម្មការិនី ទទួលបានការឈប់សម្រាក ក៏នៅតែបន្ដការឈប់សម្រាកដដែល»។

លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន បានបន្ដថា ក្នុងឱកាសពិធីបុណ្យអុំទូក នាពេលខាងមុខនេះ នឹងមានភ្ញៀវទេសចរដើរកម្សាន្ដតាមបណ្ដា រាជធានី-ខេត្ត ដូច្នេះ អាជ្ញាធរត្រូវសម្របសម្រួលភ្ញៀវទេសចរ។ លោក ថា បញ្ហាទាំងនេះ ហើយបានធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជានៅតែដើរ ទោះបីមានការថយបន្ដិចក៏ដោយ៕

អត្ថបទទាក់ទង