ខ្មែរប៉ុស្ដិ៍ Close

លោក ស៊ុន សុភ័ក្រ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ១រូបទៀត ទទួលបាននីតិសម្បទាធ្វើ នយោបាយឡើងវិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 33
លោក ស៊ុន សុភ័ក្រ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ១រូបទៀត ទទួលបាននីតិសម្បទាធ្វើ នយោបាយឡើងវិញ លោក ស៊ុន សុភ័ក្រ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ១រូបទៀត ទទួលបាននីតិសម្បទាធ្វើ នយោបាយឡើងវិញ

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានចេញព្រះរាជក្រឹត្យមួយ ផ្ដល់នីតិសម្បទាធ្វើនយោបាយដល់ លោក ស៊ុន សុភ័ក្រ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្តីទី​ ដែលផ្ដល់នីតិសម្បទាធ្វើនយោបាយដល់អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយរូបនេះ បានធ្វើឡើងបន្ទាប់ពីមានការក្រាបបង្គំទូលថ្វាយរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អតីតគណបក្សសង្រ្គោះជាតិសរុប១១៨នាក់ ត្រូវបានតុលាការកំពូលចេញសាលដីកា សម្រេចផ្អាកមិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ទោះជាយ៉ាងនេះក្តី ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាច្រកតែមួយគត់ក្នុងការបើកផ្លូវឲ្យ អ្នកនយោបាយជាប់បម្រាមធ្វើនយោបាយដោយការសម្រេចរបស់តុលាការ ដើម្បីអាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះត្រូវបាន ព្រះមហាក្សត្រចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។

ដើម្បីបាននីតិសម្បទាឡើងវិញនោះ អ្នកនយោបាយដែលជាប់បម្រាមតុលាការក្នុងការធ្វើនយោបាយ ត្រូវស្នើលិខិតទៅក្រសួងមហាផ្ទៃ ហើយបន្ទាប់ពីពិនិត្យពិច័យ ក្រសួងមហាផ្ទៃនឹងដាក់ស្នើនាយករដ្ឋមន្រ្តី ដើម្បីពិចារណាធ្វើលិខិតទូលថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាផ្តល់នីតិសម្បទានយោបាយឡើងវិញ។

រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៣រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន៖

  • ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ
  • ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ
  • ទី៣៖ លោក ស៊ីម សុវណ្ណនី
  • ទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ
  • ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន
  • ទី៦៖ លោកស្រី ទេព សុទ្ធី
  • ទី៧៖ លោក កង គឹមហាក់
  • ទី៨៖ លោក ជីវ កត្តា
  • ទី៩៖ លោក ច័ន្ទ សិលា
  • ទី១០៖ លោក សុន ឆ័យ
  • ទី១១៖ លោក តាវ គឹមឈន
  • ទី១២៖ លោកវ៉ា សាម៉ុន
  • ទី១៣៖ លោក ស៊ុន សុភ័ក្រ

សូមអានព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាដល់ លោក ស៊ុន សុភ័ក្រ ខាងក្រោម៖

អត្ថបទទាក់ទង