ខ្មែរប៉ុស្ដិ៍ Close

ផ្លូវជាតិលេខ៤នឹងត្រូវពង្រីកពី៧ទៅ១១ម៉ែត្រ បន្ទាប់ពីដាក់ដេញថ្លៃរួចរាល់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ នគរគំនិត 54
ផ្លូវជាតិលេខ៤នឹងត្រូវពង្រីកពី៧ទៅ១១ម៉ែត្រ បន្ទាប់ពីដាក់ដេញថ្លៃរួចរាល់ ផ្លូវជាតិលេខ៤នឹងត្រូវពង្រីកពី៧ទៅ១១ម៉ែត្រ បន្ទាប់ពីដាក់ដេញថ្លៃរួចរាល់

ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកទទឹងពី៧ម៉ែត្រ ទៅ១១ម៉ែត្រ បន្ទាប់ពីទទួលបានការអនុម័តហិរញ្ញប្បទានពីធនាគារពិភពលោកប្រមាណ១១០លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ហៅថា ឆៀក សាខាកំបូល ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកទទឹងពី៧ម៉ែត្រ ទៅ១១ម៉ែត្រ ទៅតាមទីតាំងភូមិសាស្ត្រជាក់ស្តែង ជាមួយនឹងចាក់កម្រាស់កៅស៊ូឡើងវិញ និងលើកកម្ពស់ផ្លូវដែលលិចលង់ដោយទឹកភ្លៀង ព្រមទាំងការស្តារឡើងវិញនូវស្ពានកាត់ផ្លូវមួយចំនួនផងដែរ។ ឯកឧត្តម បានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដេញថ្លៃគម្រោងស្ថាបនាផ្លូវនេះឡើងវិញ បានចំនួន២កញ្ចប់ហើយ ដោយនៅសល់តែ២ ឬ៣កញ្ចប់ទៀតប៉ុណ្ណោះ នឹងឈានទៅអភិវឌ្ឍន៍ផ្លូវនេះហើយ។

ផ្លូវជាតិលេខ៤ តភ្ជាប់ពីភ្នំពេញ ទៅក្រុងព្រះសីហនុ ប្រវែង២៣២គីឡូម៉ែត្រ ត្រូវបានធនាគារពិភពលោកអនុម័តហិរញ្ញប្បទានចំនួន១១០លានដុល្លារអារមេរិក សម្រាប់ប្រើប្រាស់លើការបង្កើនគុណភាពបណ្តោយផ្លូវឱ្យល្អជាងមុន និងការរៀបចំកែលម្អចិញ្ចើមសងខាងផ្លូវដាក់លូបង្ហូរទឹក និងធ្វើស្ពាន តាមរចនាបទបែបនវានុវត្តន៍ និងមានភាពធន់ទៅនឹងអាកាសធាតុ។ គម្រោងផ្លូវនេះ ក៏នឹងផ្តោតផងដែរ ទៅលើការបង្កើនគុណភាពស្ថានីយថ្លឹងទម្ងន់រថយន្តធំដែលមានស្រាប់ កាត់បន្ថយហានិភ័យនៃការដឹកលើសទម្ងន់ ការដំឡើងសញ្ញាតំបន់ល្បឿនមានកម្រិត សញ្ញានាំផ្លូវ ប្រព័ន្ធភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ និងកាមេរ៉ាចាប់ល្បឿនបើកបរ៕

អត្ថបទទាក់ទង