ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញសក្តានុពលទេសចរណ៍កម្ពុជា និងជំរុញឲ្យមានការវិយោគបន្ថែមទៀតលើវិស័យទេសចរណ៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 52
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញសក្តានុពលទេសចរណ៍កម្ពុជា និងជំរុញឲ្យមានការវិយោគបន្ថែមទៀតលើវិស័យទេសចរណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញសក្តានុពលទេសចរណ៍កម្ពុជា និងជំរុញឲ្យមានការវិយោគបន្ថែមទៀតលើវិស័យទេសចរណ៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាត្រូវបង្កើតតំបន់ទេសចរណ៍អោយបានច្រើនតំបន់ ដែលក្នុងតំបន់មួយអាចមានទីតាំងកំសាន្តច្រើនកន្លែងផងដែរ ។ លោកបានជំរុញដល់ភ្ញៀវជាតិ និងអន្តរជាតិ មានដំណើរកំសាន្តក្នុងស្រុកអោយបានច្រើន ដើម្បីបានសប្បាយផង និងបានស្គាល់ពីតំបន់កំសាន្តទាំងនោះផង ពីព្រោះសកលលោកទទួលរងនូវការគម្រាមគំហែងដោយសារវិបត្តិជំងឺកូវីដ-១៩ ធ្វើអោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មិនអាចធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសបានដោយងាយស្រួលនោះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ថ្លែងក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរដល់អ្នកវិនិយោគិនចិន ដែលបានបង្កើតមជ្ឈមណ្ឌលកំសាន្ត ព្រីនស៍ ម៉ាណ័រ សម្រាប់អ្នកទេសចរណ៍ចូលទស្សនាកម្សាន្ត។ លោកក៏ថ្លែងអំណរគុណដល់វិស័យពាក់ព័ន្ធនានា បានចូលរួមជួយសម្រួលដល់កិច្ចការងារបង្កើតមជ្ឈមណ្ឌលនេះអោយបានដំណើរការបានល្អប្រសើរ ដែលជាគម្រោងសួនកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា វិបត្តិជំងឺកូវីដ-១៩ មិនអាចបំផ្លាញពិភពលោកទាំងមូលបានទេ ទោះបីជាប្រទេសផ្សេងៗរួមទាំងកម្ពុជាផងកំពុងទទួលរងនូវការគំរាមគំហែងដល់អាយុជីវិតមនុស្សក៏ពិតមែន។ លោកថា ជំងឺកូវីដ-១៩ មិនអាចជាកត្តារារាំងដល់ការហូបចុកដែលជាតម្រូវការចាំបាច់បំពេញអោយក្រពះបានទេ ហើយក៏មិនអាចទប់ស្តាត់ដល់ការកំសាន្តបាននោះដែរ ពីព្រោះថា នេះជាតម្រូវការដែលមនុស្សគ្រប់រូបត្រូវការសម្រាប់ជីវិតរស់នៅ និងបង្កើតអនុស្សាវរីយ៍សប្បាយជួបជុំគ្រួសារ ដោយដើរកម្សាន្តក្នុងគន្លងថ្មី ឥរិយាបថថ្មី និងប្រុងប្រយ័ត្នបង្ការ ការពារ ជំងឺឆ្លងជំងឺកូវីដ-១៩ ទៅតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន៕

អត្ថបទទាក់ទង