ក្រសួងសុខាភិបាល ប្រកាសច្រានចោលការផ្សព្វផ្សាយរបស់សារព័ត៌មានវៀតណាម ដែលថាមានជនជាតិវៀតណាម ០៣នាក់ មានវីរុសកូវីដ១៩ បន្ទាប់ពីត្រលប់ពីកម្ពុជា
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ដែលបានផ្សព្វផ្សាយថា មានជនជាតិវៀតណាមចំនួន ០៣នាក់ បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីត្រលប់ទៅប្រទេសវៀតណាមវិញ តាមច្រកព្រំដែនបាវិត-ម៉ុកបៃ។
លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់នាយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ថា ៖ « នេះជាព័ត៌មានមិនត្រឹមត្រូវទេ។ ករណីនេះគឺពួកគេអាចឆ្លងនៅប្រទេសវៀតណាមតែម្តង »។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ សារព័ត៌មានវៀតណាម VN Express បានចុះផ្សាយថា មានជនជាតិវៀតណាមចំនួន ០៣នាក់ ដែលត្រឡប់ពីកម្ពុជា កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ តាមច្រកព្រំដែនបាវិត-ម៉ុកបៃ នៃខេត្តស្វាយរៀង កម្ពុជា និងខេត្តតៃនិញ វៀតណាម ត្រូវបានរកឃើញមានវីរុសកូវីដ១៩ ក្នុងនោះការធ្វើតេស្តលើកទី១ សុទ្ធតែអវិជ្ជមាន ប៉ុន្តែការធ្វើតេស្តលើកទី២ ទើបវិជ្ជមាន៕