ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសាធារណការ កំពុងរិះរកគ្រប់មធ្យោបាយក្នុងការផ្ដល់សេវាសាធារណៈចាំបាច់ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 28
ក្រសួងសាធារណការ កំពុងរិះរកគ្រប់មធ្យោបាយក្នុងការផ្ដល់សេវាសាធារណៈចាំបាច់ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងសាធារណការ កំពុងរិះរកគ្រប់មធ្យោបាយក្នុងការផ្ដល់សេវាសាធារណៈចាំបាច់ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព

ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងរិះរកគ្រប់មធ្យោបាយក្នុងការផ្ដល់សេវាសាធារណៈចាំបាច់ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព បានលឿន និងតម្លាភាព ។ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងកំពុងអភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យាមួយចំនួនដែលសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការតភ្ជាប់ប្រព័ន្ធរួមគ្នា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការផ្ដល់សេវាសាធារណៈ រួមមាន៖ ឆៀកចល័ត មណ្ឌលប្ដូរនិងពន្យារបណ្ណ បើកបរនៅផ្សារទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ និងផ្សារទំនើបជីបម៉ុង ជាដើម ព្រមទាំងបានបំពាក់កាមេរ៉ា ឆ្លាតវៃ និងប្រព័ន្ធព័ត៌មានវិទ្យាទំនើបដើម្បីចាប់រថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបានធ្វើបច្ចុប្បន្នភាពអំពី គម្រោងបំពាក់ប្រព័ន្ធជញ្ជីងឆ្លាតវៃ បង្កប់នៅក្រោមដីដើម្បីទប់ស្កាត់ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ការសិក្សាគម្រោងអភិវឌ្ឍ កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ កិច្ចព្រមព្រៀងក្របខណ្ឌនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី៤ គម្រោងលើកកម្ពស់កម្រិតគុណភាពផ្លូវទាំង៣៨ខ្សែក្នុងខេត្តសៀមរាបដែលទទួលបានការអនុម័តពីរាជរដ្ឋាភិបាលនាពេលថ្មីៗនេះ គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញដើម្បីកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ គម្រោងដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះរួមជាមួយនឹងការបង់ពន្ធប្រថាប់ត្រានៅទីតាំងតែមួយ សំដៅកាត់បន្ថយភាពស្មុគស្មាញដល់ប្រជាពលរដ្ឋ និងគម្រោងផ្សេងៗជាច្រើនទៀត។

លើសពីនេះទៅទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការធ្វើទំនើបកម្មហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក និងស្ពានឱ្យបានលឿនបំផុត ដើម្បីដោះស្រាយកំណើនយានយន្តដែលកើនចំនួនយ៉ាងលឿនពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ភូមិសាស្ត្រ អំណោយផល មានសម្បត្តិវប្បធម៌អរិយធម៌អច្ឆរិយៈដែលអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនជាតិ អន្តរជាតិច្រើនលើសពីការរំពឹងទុក និងចំណូលប្រជាពលរដ្ឋកើនឡើង មានទីផ្សារលក់ផលិតផល ជាពិសេស កម្ពុជាជាប្រទេសងាយស្រួលក្នុងការធ្វើជំនួញក្នុងតំបន់ក្រោមផែនការមេតភ្ជាប់អាស៊ាន៕

អត្ថបទទាក់ទង