សម្តេចតេជោហ៊ុនសែនណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្កើនកិច្ចការពារសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ
ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនកិច្ច ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យ កាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លានិងសប្បាយរីករាយ។
សម្តេចតេជោបញ្ជាក់ថា នៅថ្ងៃទី៣ ខែ កញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យ ប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូន ប្រជាពលរដ្ ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែង ជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។
ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះសម្តេចតេជោនាយករដ្ឋមន្រ្តីសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ ឱ្យបាន ល្អប្រសើរដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។
ជាមួយគ្នានេះសម្តេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល និងពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ ដោយកុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩ឱ្យសោះ ព្រោះវាជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ បន្ថែមពីនេះទៀតសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០៕