ខ្មែរប៉ុស្ដិ៍ Close

ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពីការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយ ព័ត៌មានមិនពិត និងសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ បច្ចេកវិទ្យា 42
ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពីការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយ ព័ត៌មានមិនពិត និងសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពីការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយ ព័ត៌មានមិនពិត និងសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាននៅថ្ងៃ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា ជូនមន្ត្រីរាជការមកពីអគ្គនាយកដ្ឋាននានា នៃក្រសួងបរិស្ថាន នៅទីស្តីការក្រសួង។

នៅក្នុងឱកាសបើកវគ្គនេះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា យើងត្រូវបន្តបង្កើនការផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជាទៅកាន់សាធារណជន ផ្តល់ព័ត៌មានជាប្រចាំអំពីកិច្ចការដែលថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះក្រសួងបរិស្ថាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលបានធ្វើក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងដោយប្រើប្រាស់ទាំងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងទំនើបព្រោះប្រសិនបើយើងមិនផ្សព្វ ផ្សាយ នោះពលរដ្ឋនឹងមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយដែលមជ្ឈដ្ឋានអគតិមួយចំនួនតូចនឹងបំភ្លៃការពិត បំផ្លើស បំប៉ោងស្ថានការណ៍ដោយប្រើប្រាស់ព័ត៌មានក្លែងក្លាយ ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន មានការចូលរួមចែករំលែកបទពិសោធន៍ពីមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយរៀបចំឡើងក្នុងគោលបំណងកសាងសមត្ថភាពមន្ត្រីជំនាញដែលគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្កើនសុវត្ថិភាពលើការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា មន្ត្រីរាជការទាំងអស់ ត្រូវយល់ដឹងពីប្រព័ន្ធសុវត្ថិភាព នៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងត្រូវចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ខណៈប្រព័ន្ធបច្ចេកវិទ្យារីកចម្រើនខ្លាំង ពលរដ្ឋបានផ្លាស់ប្តូរឥរិយាបថ ទទួលព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយទំនើប ជាពិសេសតាម រយៈបណ្តាញទំនាក់ទំនងសង្គម ធ្វើឱ្យជនមួយចំនួនងាយស្រួលក្នុងការបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីមូលហេតុផ្សេងៗ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងប្រកបដោយប្រសិទ្ធភាព គឺយើងត្រូវផ្សព្វផ្សាយពីការពិតឱ្យបានលឿនបំផុត ។ ព្រោះប្រសិនបើយើងទុកឱ្យព័ត៌មានក្លែងក្លាយដឹកមុខកាន់តែយូរ នោះហានិភ័យនិងការខូចខាតបង្កឡើងដោយព័ត៌ មានក្លែងក្លាយ ក៏កាន់តែមានទំហំធំ។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍បន្តថា យើងមិនត្រូវជឿលើការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់នោះឡើយ ហើយយើងចាំបាច់មិនត្រូវស្មាន ឬធ្វើបុរេវិនិច្ឆ័យឡើយ ពោលគឺត្រូវពិនិត្យឱ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយ ឬស៊ែរសារនោះបន្ត។

ឯកឧត្តមរដ្ឋលេខាធិការថ្លែងថា ក្រសួងស្ថាប័នចាំបាច់ត្រូវបន្តការផ្សព្វផ្សាយព័ត៌មានឱ្យបានច្រើន ព្រោះការផ្តល់ព័ត៌មានពិត គឺជាវិធានការដ៏មានប្រសិទ្ធភាពប្រឆាំងនឹងព័ត៌ មានក្លែងក្លាយផង និងជាការបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ហើយពេលប្រជាពលរដ្ឋយល់ដឹង នោះពួកគាត់នឹងចូលរួមគាំទ្រនូវបុព្វហេតុរបស់ស្ថាប័នកាន់តែសកម្មថែមទៀត៕