ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេស ចេញសេចក្តីប្រកាសអំពីលទ្ធផល នៃកិច្ចប្រជុំមេគង្គ-ឡានឆាង លើកទី៣ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 48
ក្រសួងការបរទេស ចេញសេចក្តីប្រកាសអំពីលទ្ធផល នៃកិច្ចប្រជុំមេគង្គ-ឡានឆាង លើកទី៣ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រសួងការបរទេស ចេញសេចក្តីប្រកាសអំពីលទ្ធផល នៃកិច្ចប្រជុំមេគង្គ-ឡានឆាង លើកទី៣ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

លើកទី៣ ក្រោមមូលបទ «ការពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយលោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ដែលជាសហប្រធាន។

កិច្ចប្រជុំ ក៏មានការចូលរួមពី លោក វីន ម្ញីនត៍ ប្រធានាធិបមីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម ដែលជាសមាជិករបស់មេគង្គ-ឡានឆាងផងដែរ។

ថ្នាក់ដឹកនាំ បានសម្តែងការពេញចិត្ត ចំពោះ វឌ្ឍនភាពនៃការអនុវត្តលទ្ធផល នៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី១ និងទី២ និងកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៤ និងទី៥ ព្រមទាំង ការអនុវត្តផែនការ សកម្មភាព ប្រាំឆ្នាំមេគង្គ-ឡានឆាង (២០១៨-២០២២) ដែលបាននាំមកនូវលទ្ធផលជាវិជ្ជមាន និងបានរួមចំណែកយ៉ាងសំខាន់ដល់ការ លើកកម្ពស់ជំនឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ក្នុងចំណោមបណ្ដាប្រទេសមេគង្គ-ឡានឆាង ព្រមទាំងការលើកកម្ពស់ភាពសុខដុមរមនា និងវិបុលភាពរួមគ្នានៅក្នុងអនុតំបន់នេះ។

ថ្នាក់ដឹកនាំ បានស្វាគមន៍ការតម្លើង កម្រិត នៃកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡានឆាង ទៅជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី និងការចែករំលែកព័ត៌មានជលសាស្ត្រនៃទន្លេឡានឆាង រយៈពេលពេញមួយឆ្នាំរបស់ចិន ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវិធានការដ៏សកម្មដោយបានបង្កើតភាពជាដៃគូ រវាងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងគណៈកម្មការទន្លេមេគង្គ តាមរយៈ ការចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នា រវាងមជ្ឈមណ្ឌលសហប្រតិបត្តិការ ធនធានទឹកមេគង្គ-ឡានឆាង ជាមួយនឹងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោម ប្រទេសនៅតាមដងទន្លេ និងបង្កើត សហកម្មនៃ កិច្ចសហប្រតិបត្តិការធនធានទឹកក្នុងតំបន់ សម្រាប់ និរន្តរភាពនាពេលអនាគត និង អត្ថប្រយោជន៍រួម នៅក្នុងអាងទន្លេ។

ថ្នាក់ដឹកនាំ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ប្រទេសជាសមាជិកក្នុងការគ្រប់គ្រង ជំងឺរាតត្បាតកូវីដ-១៩ ដោយឈរលើស្មារតី សាមគ្គីភាព ការគាំទ្រនិងជួយគ្នាទៅវិញទៅមក ការចែករំលែក ព័ត៌មានទាន់ពេលវេលាអំពីការផ្ទុះឡើងនៃជំងឺ និងគោលការណ៍ណែនាំ បច្ចេកទេសសម្រាប់ការបង្ការ គ្រប់គ្រងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។ កិច្ចប្រជុំ បានស្វាគមន៍ចិន ដែលបានប្រកាសបង្កើតមូលនិធិពិសេសសម្រាប់វិស័យសុខភាពសាធារណៈ ស្ថិតក្រោមក្របខ័ណ្ឌមូលនិធិពិសេស កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាមរយៈការគាំទ្រគម្រោងកិច្ច សហប្រតិបត្តិការក្នុងវិស័យសុខភាពសាធារណៈនៃប្រទេសសមាជិក។

ថ្នាក់ដឹកនាំ បានបញ្ជាក់សារជាថ្មីនូវឆន្ទៈដ៏មោះមុត និងការប្តេជ្ញារួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបណ្ដាល មកពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាដោះស្រាយបញ្ហាផ្សេងៗ ទាំងក្នុងកម្រិតតំបន់ និងសកល សំដៅធានាឱ្យបាននូវការងើបឡើងវិញនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ប្រកបដោយក្តីសង្ឃឹមខ្ពស់ ក្រោយពីវិបត្តិនេះត្រូវបានបញ្ចប់។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ សមេ្តចតេជោនាយករដ្ឋមន្រ្តី បានចែករំលែកនូវទស្សនៈដូចតទៅ៖ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវសមានចិត្ត និងការចូលរួមរំលែកទុក្ខ ចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់នាពេលថ្មី្ៗនេះ។

១៖ ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ សមេ្តចតេជោ បានអំពាវនាវប្រទេសជាសមាជិកបន្តរួបរួមសាមគ្គីគ្នា និងមានជំនឿទុកចិត្តទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថាជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈ ព្រមទាំងជំរុញការធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ និងប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគីនិយម។ លើសពីនេះ សមេ្តចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការផលិតវ៉ាក់សាំង និងការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃមួយសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

២៖ ស្ថិតក្នុងបរិការណ៍ដែល កំណើនសេដ្ឋកិច្ចសកល មានការធ្លាក់ចុះ សមេ្តចតេជោ បានគូសបញ្ជាក់ ពីភាពចាំបាច់ ក្នុងការរក្សាឱ្យបាននូវប្រភពកំណើនថ្មីនៅក្នុងអនុតំបន់។ សមេ្តចតេជោ បានជំរុញឱ្យពន្លឿនការសម្រេចឱ្យបាននូវ ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ច មេគង្គ-ឡានឆាង ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មី នៃកំណើន សម្រាប់អនុតំបន់មេគង្គ-ឡានឆាង ក្នុងការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការ ផ្នែកឧស្សាហកម្ម ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការធ្វើសមាហរណកម្ម ខ្សែច្រវាក់ ផ្គត់ផ្គង់នៃអនុតំបន់ចូលទៅក្នុងខ្សែច្រវាក់ តម្លៃសកល។ សមេ្តចតេជោ បានសង្កត់ធ្ងន់លើការជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរយៈពេលវែងនៃអនុតំបន់ផងដែរ។

ក្នុងន័យនេះ សមេ្តចតេជោ បានបង្ហាញការគាំទ្រចំពោះគ្រប់វិធានការដូចមានចែងក្នុងសេចក្តីប្រកាសសហប្រធាន ស្តីពីកិច្ចសហប្រតិបត្តិការនៃការធ្វើសហកម្មរវាង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក-សមុទ្រ។ លើសពីនេះ ស្ថិតក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ សម្តេចតេជោ បានចូលរួមជាមួយលោក លី ខឺឈាង ដោយបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការធានានូវសនិ្តសុខស្បៀងនៅក្នុងប្រទេសចិន និងអនុតំបន់ និងការជំរុញការនាំចេញផលិតផលកសិកម្ម ពីបណ្តាប្រទេសមេគង្គទៅប្រទេសចិន។

៣៖ ដើម្បីធានានូវប្រសិទ្ធភាពនៃក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង សមេ្តចតេជោ បានស្នើឱ្យមានការផ្តួចផ្តើមយន្តការតាមដាន និងវាយតម្លៃច្បាស់លាស់ លើការអនុវត្តវិស័យអាទិភាពនីមួយៗ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងការអនុវត្តគម្រោងចាប់តាំងពីពេល ដែល ដាក់
ឱ្យ ដំណើរការ នូវមូលនិធិពិសេសនៃកិច្ច សហប្រតិបត្តិការ នេះក្នុងឆ្នាំ២០១៦មក សំដៅនាំមកនូវ ការអភិវឌ្ឍជាក់ស្តែង និងលើកកម្ពស់សុខុមាលភាពរបស់ ប្រជាជន ។

កិច្ចប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍ នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៣ និងបានកត់សម្គាល់របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៨ និង២០១៩ នៃការអនុវត្តផែនការសកម្មភាពរយៈពេលប្រាំឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)។

សហប្រធានក៏បានអនុម័តលើសេចក្តីប្រកាស ស្តីពីកិច្ចសហប្រតិបត្តិការនៃការធ្វើសហកម្ម រវាងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក-សមុទ្រផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុង អំពីលទ្ធផល នៃកិច្ចប្រជុំមេគង្គ-ឡានឆាង លើកទី៣ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ៖

អត្ថបទទាក់ទង