កម្ពុជានៅតែរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុល្អប្រសើរ ទោះស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក្ដី!
ធនាគារជាតិនៃកម្ពុជា (NBC) បានអះអាងថា កម្ពុជានៅតែរក្សាបាន នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានល្អប្រសើរ ទោះបីបច្ចុប្បន្នកម្ពុជាកំពុងប្រឈម នឹងវិបត្តិនៃជំងឺកូវីដ-១៩ក្ដី។ នេះបើយោងតាមរបាយការណ៍សង្ខេបលទ្ធផលការងារប្រចាំឆមាសទី១ និងដាក់ទិសដៅ សម្រាប់ការងារឆមាសទី២ ឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ។
យោងតាមរបាយការណ៍ឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលជំងឺកូវីដ-១៩ ហើយសេដ្ឋកិច្ចកម្ពុជាក៏បានទទួលឥទ្ធិពលអវិជ្ជមានផងដែរ ពិសេសវិស័យទេសចរណ៍ កម្មន្តសាល និងសំណង់។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញវិធានការ ប្រកបដោយប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ជាមួយគ្នានេះវិធានការគាំទ្រ ចំពោះវិស័យដែលប៉ះពាល់ និងប្រជាពលរដ្ឋងាយរងគ្រោះ ដែលបានកាត់បន្ថយផលប៉ះពាល់ រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។
ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយដាក់ចេញនូវគោនយោបាយរូបិយវុត្ថុវិត្ថារកម្ម និងវិធានការក្នុងវិស័យធនាគារ សំដៅបង្កើនសាច់ប្រាក់ក្នុងវិស័យធនាគារ សម្រាប់ឆ្លើយតបនឹងសេចក្ដីត្រូវការហិរញ្ញប្បទាន គាំទ្រសកម្មភាពសេដ្ឋកិច្ចនានា និងលើកទឹកចិត្តឲ្យមានការរៀបចំឥណទានឡើងវិញ សម្រាប់រក្សានិរន្ដភាពនៃអាជីវកម្ម និងសម្រាប់ការលំបាករបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់។
តាមរបាយការណ៍បានបញ្ជាក់ថា «ទោះជាប្រឈមនឹងផលប៉ះពាល់ទាំងនេះក៏ដោយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបន្ដរក្សាបានល្អ។ អតិផរណារួមមានកម្រិតទាប ក្នុងអត្រា២.៥ភាគរយ ដោយសារតែការធ្លាក់ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ដែលបានបន្ថយសម្ពាធនៃ កំណើនថ្លៃក្រុមម្ហូបអាហារ។ អត្រាប្ដូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកមានស្ថិរភាព ទោះបីជាបានកើនឡើងបន្ដិចក៏ដោយ»។
ចំណែកឯទុនបម្រុងអន្ដរជាតិបានបន្ដកើនឡើង និងអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ប្រមាណ១០ខែ ខ្ពស់ជាងកម្រិតអប្បបរិមា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍គួរមាន៣ខែ។
របាយការណ៍បញ្ជាក់ទៀតថា «ទន្ទឹមនេះវិស័យធនាគារបន្ដមានវឌ្ឍនភាព ប្រកបដោយទំនុកចិត្ត និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ដោយឥណទានបានបន្ដកើន១៩.៦ភាគរយ ហើយប្រាក់បញ្ញើកើនឡើង១២.៣ភាគរយ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសុខភាពរឹងមាំ ហើយបានពង្រីកបណ្ដាញប្រតិបត្តិការ និងសេវាហិរញ្ញវត្ថុជាលំដាប់ និងបានលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុឲ្យកើនឡើង ប្រកបដោយចីរភាព»៕