ខ្មែរប៉ុស្ដិ៍ Close

ទីបំផុតជំនួបរវាងកូរ៉េទាំងពីរ ចាប់ផ្តើមជា​ផ្លូវការហើយ ដោយលោក គីម ជុងអ៊ុន ឆ្លងព្រំដែន​​ចូលមក​​កូរ៉េខាងត្បូង (Video inside)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 52

(​សេអ៊ូល)៖ នៅទីបំផុតកិច្ច​ប្រជុំកំពូលអន្តរកូរ៉េ រវាងប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្ដើម​ជាផ្លូវការហើយ​នៅព្រឹកថ្ងៃសុក្រនេះ​ ជាមួយការរំពឹងថា ប្រទេសទាំងពីរអាច​ស្វែងរកសន្ធិសញ្ញា​សន្តិភាព ជាអចិន្ត្រៃយ៍​នៅលើ​ឧបទ្វីបកូរ៉េ ខណៈលោក គីម ជុងអ៊ុន បានឈាន​ជើងឆ្លងព្រំដែន​ចូលមកកូរ៉េខាងត្បូង​ហើយ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។

យោងតាម​យ៉ុនហាប់ ជំនួបកំពូលនេះ​ធ្វើឡើងនៅឯតំបន់ព្រំដែន​គ្មានយោធាក្នុងភូមិ Panmunjom ប៉ែកទឹកដី​កូរ៉េខាងត្បូង ហើយ​តាមរយៈជំនួប​ជាប្រវត្តិសាស្ត្រនេះដែរ លោក គីម ជុងអ៊ុន បានក្លាយជាមេដឹកនាំ​កូរ៉េខាងជើងដំបូងគេ​បំផុត ដែលយកជើងជាន់ទឹកដី កូរ៉េខាងត្បូង។ ជាមួយគ្នា​នោះដែរ បើតាមវិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង កិច្ចប្រជុំកំពូល​អន្តរកូរ៉េបានចាប់​ផ្ដើមនៅម៉ោង ៩៖៣០នាទី ព្រឹក (ម៉ោងនៅក្នុងតំបន់) ដោយ​លោក មូន និងលោកគីម បានដើរទន្ទឹមគ្នា​ទៅកាន់ទីលានមួយ​ នៅចន្លោះអគារ​សេរីភាព និងអគារ សន្តិភាពដើម្បី​ប្រកាសបើកកិច្ច​ប្រជុំជាផ្លូវការ។

មេដឹកនាំកូរ៉េទាំងពីរ នឹងជួបគ្នានៅក្នុងជំនួប​ទល់មុខនៅម៉ោង ១០៖៣០ នាទីព្រឹក រៀបចំឡើង​នៅឯអគារ​សន្តិភាព ក្នុងភូមិ Panmunjom នៃតំបន់ព្រំដែន​គ្មានយោធារវាង​កូរ៉េទាំងពីរ​ ស្ថិតប៉ែកខាងទឹកដីកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល​អន្តរកូរ៉េ នៅថ្ងៃសុក្រនេះ​អាចនិយាយបាន​ថា ជាកិច្ចប្រជុំលើកទី០៣ រវាងបងប្អូនកូរ៉េទាំងពីរ ដែលបានរៀបចំ​ជំនួបបែបនេះ កាលពីឆ្នាំ២០០០ និងឆ្នាំ២០០៧។ ប៉ុន្តែជំនួប​ទាំងពីរនេះ មិនមានលទ្ធផល​អ្វីជាដុំកំភួន​ឡើយ រីឯកូរ៉េខាងជើង ចេះតែបន្តបាញ់​សាកល្បងអាវុធ​នុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបជា​បន្តបន្ទាប់​ រហូតដល់ចុង​ឆ្នាំ២០១៧។

គិតមកទល់បច្ចុប្បន្ន កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅតែបន្តស្ថិតនៅក្នុង​ស្ថានភាពប្រកាស​សង្រ្គាមជានិច្ច ដ្បិតក្រោយ សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) បងប្អូនកូរ៉េបង្កើតទាំងពីរ​បានត្រឹមចុះហត្ថលេខា​លើបទឈប់​បាញ់ប៉ុណ្ណោះ។ ដូច្នេះជំនួបកំពូល​អន្តរកូរ៉េ​ត្រូវបាន គេមើលឃើញថា ជាឱកាសមួយ សម្រាប់ការស្វែងរក​សន្តិភាពជាអចិន្ត្រៃយ៍​នៅលើឧបទ្វីបកូរ៉េ បើជាទោះក្រុមអ្នក​ជំនាញមាន​ជំនឿ តិចតួចថា ទីក្រុងព្យុងយ៉ាង​នឹងយល់ព្រមរំសាយ​អាវុធនុយក្លេអ៊ែរ​ទាំងស្រុង៕