ខ្មែរប៉ុស្ដិ៍ Close

គតិបណ្ឌិត ៥ បំប៉នគំនិតរបស់អ្នកឱ្យកាន់តែរីកចម្រើន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២០ នគរគំនិត 54
គតិបណ្ឌិត ៥ បំប៉នគំនិតរបស់អ្នកឱ្យកាន់តែរីកចម្រើន គតិបណ្ឌិត ៥ បំប៉នគំនិតរបស់អ្នកឱ្យកាន់តែរីកចម្រើន

(ភ្នំពេញ)៖ សប្ដាហ៍ថ្មីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ Fresh News Plus បានស្រាវជ្រាវរកបានគតិបណ្ឌិតចំនួន ៥ ឃ្លាថ្មីទៀត ដើម្បីយកមកបង្ហាញទស្សនិកជនបានអាន និងសិក្សាស្វែងយល់បន្ត ដែលសុទ្ធសឹងចេញពីវាចារបស់បរមបុគ្គលល្បីៗជុំវិញពិភពលោក។

គតិបណ្ឌិតទាំង៥ឃ្លានោះ រួមមាន៖

គតិបណ្ឌិតឃ្លាទី១៖ ព្រះសម្មាសម្ពុទ្ធបានមានពុទ្ធដីកាថា «ភាគជោគជ័យ ឬ ភាពបរាជ័យ មានចំណុចចាប់ផ្ដើមតែមួយ នោះគឺមកពីគំនិត»។ គតិបណ្ឌិតនេះពន្យល់យ៉ាងដូច្នេះថា មនុស្សជោគជ័យ និងមនុស្សបរាជ័យ មានពេលវេលាស្មើគ្នា កម្លាំងជំរុញនិងជំនួយដូចគ្នា តែហេតុអ្វីនៅពេលអនុវត្តធ្វើ ពួកគេបែរជាទទួលបានលទ្ធផលខុសគ្នាដូចមេឃ និងដី។ មនុស្សដែលគិតល្អ គិតវិជ្ជមាន ចេះផ្ដល់ឱ្យ នៅពេលអនុវត្តធ្វើក៏ទទួលបានជោគជ័យខ្លាំង ចំណែកអ្នកដែលគិតមិនល្អ គិតអវិជ្ជមាន គិតតែពីចង់បាន នៅពេលធ្វើអ្វីមួយតែងទទួលបរាជ័យម្ដងហើយម្ដងទៀត។

គតិបណ្ឌិតឃ្លាទី២៖ ទស្សនវិទូបុរាណចិន ខុង ជឺ (Confucius) បានពោលទូន្មានថា «ការគិតដែលប្រាសចាកពីការសិក្សារៀនសូត្រ គឺគ្រោះថ្នាក់»។ គ្រប់គ្នាដឹងយ៉ាងច្បាស់ថា ចំណេះដឹងមានប្រយោជន៍ខ្លាំងប៉ុនណា។ ពិភពលោកនេះមានចំណេះដឹងច្រើន ប៉ុន្តែគំនិតជាអ្នកមានតួនាទីចម្រាញ់ ជ្រើសរើស វែកញែក អភិវឌ្ឍឱ្យចំណេះដឹងនោះក្លាយជា «បញ្ញា»។

គតិបណ្ឌិតឃ្លាទី៣៖ អ្នកនិពន្ធជនជាតិរុស្ស៉ី លីអូ ថូលស្តូយ (Leo Tolstoy) បានលើកឡើងថា «មានតែមនុស្សនិយាយថាចង់ផ្លាស់ប្ដូរពិភពលោក តែមិនឃើញមានអ្នកណាគិតចង់ផ្លាស់ប្ដូរខ្លួនឯងសោះ»។ វាមិនមែនជារឿងងាយនោះទេដែលគេហ៊ានផ្លាស់ប្ដូរខ្លួនឯងទៅរកភាពជោគជ័យ បើរវល់តែគិតស្រមើលស្រមៃចង់ផ្លាស់ប្ដូរពិភពលោកនោះ។ ការផ្លាស់ប្ដូរខ្លួនឯងទៅរកភាពជោគជ័យ មានចំណុចចាប់ផ្ដើមពីគំនិត បើនៅតែគិតដដែល ជិវិតនឹងមានតែរឿងដដែលៗដូចដើម ឬអាចនឹងអាក្រក់ជាងមុនក៏ថាបាន ពីព្រោះការគិត ការធ្វើដដែលៗ រមែងផ្ដល់លទ្ធផលដូចដើមដដែល ដូច្នេះកុំថាឡើយផ្លាស់ប្ដូរពិភពលោក ទោះបីចង់ផ្លាស់ប្ដូរខ្លួនឯងក៏ធ្វើមិនបានឡើយ។

គតិបណ្ឌិតឃ្លាទី៤៖ អ្នកប្រាជ្ញរូបវិទ្យាជនជាតិអាល្លឺម៉ង់ អាល់បឺត អាញ់ស្តាញ (Albert Einstein) បានពោលថា «បច្ចេកវិទ្យាគ្រប់យ៉ាងនៅលើលោកនេះ អាចប្រព្រឹត្តទៅបានដោយការស្រមើលស្រមៃ»។ ការស្រមើលស្រមៃដែលវែងឆ្ងាយ គឺអាចធ្វើឱ្យកើតឡើងនូវការបង្កើតថ្មីច្រើនទៀតផ្នែកបច្ចេកវិទ្យា ដែលគេគិតថាមិនមាននៅក្នុងពិភពលោកនេះ។ លោក អាល់បឺត ដាស់តឿនទៀតថា ប្រសិនបើចង់បានជីវិតដែលល្អជាងមុន ចូររៀនប្រើការស្រមើលស្រមៃដែលវិជ្ជមាន។

គតិបណ្ឌិតឃ្លាទី៥៖ មហាឧបរាជនគរស៊ូហាន់ ជូកឺ លាំង (Zhuge Liang) បានអះអាងថា «ព្រហ្មលិខិត គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នក»។ លោក ខុងមីង ចង់បានន័យនេះ ជីវិតរបស់មនុស្សប្រព្រឹត្តទៅយ៉ាងណានោះ គឺអាស្រ័យលើគំនិតរបស់គេ នៅពេលទទួលបានលទ្ធផលល្អ ពួកគេជឿថាជាសំណាង នៅពេលទទួលបានលទ្ធផលបរាជ័យ ពួកគេជឿថានេះជាព្រហ្មលិខិត។ ខុង មីង មិនបង្រៀនឱ្យមនុស្សជឿលើព្រហ្មលិខិតនោះទេ តែត្រូវជឿលើគំនិត និងចំណេះដឹងរបស់ខ្លួន គិតឱ្យវែងឆ្ងាយ គិតក្នុងភាពវិជ្ជមាន គឺរមែងទទួលបានផលវិជ្ជមាន តែប្រសិនបើគិតមិនល្អ គិតអវិជ្ជមាន ក៏រមែងទទួលបានផលអាក្រក់ផងដែរ។ វាមិនមែនសំណាង ឬព្រហ្មលិខិតដូចការយល់ច្រឡំនោះទេ មានតែការគិត ការសិក្សារៀនសូត្រ ស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ខិតខំអភិវឌ្ឍចំណេះដឹងរបស់ខ្លួនទេ ទើបទទួលបានលទ្ធផលជោគជ័យ៕

អត្ថបទទាក់ទង