អ្នកវិភាគចៅចាក់ស្មុក៖ អង្គការមាតាធម្មជាតិជាបណ្តាញក្រុមចលនាវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា
បើទោះបីជាត្រូវបានបណ្តេញចេញ ចាប់បញ្ជូនទៅក្រៅប្រទេស ព្រមទាំងដាក់ឱ្យស្ថិតក្នុងបញ្ជីខ្មៅមិនអនុញ្ញាតឱ្យចូលកម្ពុជាដោយសារតែប្រព្រឹត្តខុសច្បាប់ក៏ដោយ ក៏អាឡិច ហ្គន់សាឡេស ដេវិតសុន ជាជនជាតិអេស្បាញដែលធ្លាប់សម្ងំស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ ២០១៥ ក្រោមស្លាក «អង្គការមាតាធម្មជាតិ» នៅតែបន្តសកម្មភាពសងសឹកប្រឆាំងនឹងកម្ពុជា តាមរយៈការញុះញង់បញ្ជាក្រុមយុវជនយុវនារីមួយចំនួន ដែលខ្លះជាសមាជិកមកពីចលនាមាតាធម្មជាតិ ខ្លះមកពីក្រុមយុវជនអតីតសិស្សរបស់សពបណ្ឌិត កែម ឡី និងខ្លះទៀតជាយុវជនអតីតបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពខុសច្បាប់ក្នុងចេតនាធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា។
ពួកគេផលិត និងផ្សព្វផ្សាយព័ត៌មានមិនពិត និងមានលក្ខណៈបំភ្លៃ បំផ្លើស បំភ័ន្តនិងបំប៉ោងទាក់ទងធនធានរ៉ៃ បរិស្ថាន ធនធានធម្មជាតិនៅក្នុងខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែងជាដើមបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម និងចែកផ្សព្វផ្សាយដល់បណ្តាញព័ត៌មានដែលមាននិន្នាការប្រឆាំងដែលមានវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងប្រជាធិបតេយ្យក្នុងន័យបំផ្លាញកិត្តិយសកម្ពុជាញុះញង់ឱ្យពលរដ្ឋស្អប់ និងប្រឆាំងនឹងអាជ្ញាធរមានសមត្ថកិច្ច ធ្វើសកម្មភាពប្រឆាំងនឹងការរីកចម្រើនរបស់ជាតិ ប្រឆាំងការវិនិយោគរបស់វិនិយោគិនជាតិ និងអន្តរជាតិនៅកម្ពុជា។ តើហេតុអ្វីបានជាជនជាតិអេស្បាញរូបនេះ បន្តការញុះញង់និងធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា?
ទី១៖ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន
អាឡិច ហ្គន់សាឡេស ដេវិតសុនបានសហការជាមួយនឹង ភិក្ខុ ព្រហ្ម ធម្មជាតិ បង្កើតអង្គការឈ្មោះថា មាតាធម្មជាតិ និងស្នើសុំការចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅខែកញ្ញា ឆ្នាំ ២០១៣ ឃ្លាំមើល ការពារធនធានធម្មជាតិ និងបរិស្ថានដោយធ្វើសកម្មភាពចាប់ផ្តើមពីតំបន់ឱរ៉ាល់ និងតំបន់អារ៉ែង។ ទោះបីជា ភិក្ខុ ព្រហ្ម ធម្មជាតិ មានតួនាទីជាប្រធានអង្គការពិតមែន ប៉ុន្តែមិនអាចគ្រប់គ្រងអនុប្រធាន អាឡិច នេះបានឡើយទេ។ អាឡិច បានបោកប្រាស់យកភិក្ខុ ព្រហ្ម ធម្មជាតិ ឱ្យឈរឈ្មោះជាប្រធានអង្គការប៉ុន្តែរាល់សកម្មភាពផ្សេងៗគឺអាឡិច ជាអ្នកគ្រប់គ្រងនិងចាត់ចែង ហើយថែមទាំងបានដណ្តើមយកត្រារបស់អង្គការទៅប្រើប្រាស់ និងកាន់គណនីធនាគារសម្រាប់ទទួលជំនួយថែមទៀត។
អាឡិចក្នុងនាមជាអនុប្រធានអង្គការមាតាធម្មជាតិ បានធ្វើសកម្មភាពផ្ទុយនឹងលក្ខន្តិកៈរបស់អង្គការ និងបង្កការស្មុគស្មាញជាច្រើនដល់ថ្នាក់ដឹកនាំអង្គការ ព្រោះធ្វើសកម្មភាពបំពានច្បាប់ដូចជា ការរារាំងមន្ត្រីរាជរដ្ឋាភិបាលមិនឱ្យបំពេញការងារ នៅក្នុងដែនអធិបតេយ្យជាតិខ្មែរក្នុងតំបន់អារ៉ែងក្នុងខេត្តកោះកុង និងការ ញុះញង់ប្រជាពលរដ្ឋធ្វើសកម្មភាពប្រឆាំងនឹងអាជ្ញាធរសាធារណៈជាដើម។ ការធ្វើសកម្មភាពទាំងអស់នេះ ត្រូវបានគេជឿថា អាឡិចបានទទួលការគាំទ្រថវិកាពីប្រភពផ្សេងៗដើម្បីបំពេញគោលដៅចម្បងរបស់គេ។ មានការសង្ស័យផងដែរថា អាឡិចបានកឹបកេងថវិកាម្ចាស់ជំនួយ និងធ្វើស្រែលើខ្នងក្រុមយុវជនមួយចំនួន ដែលផលិតវិដេអូឃ្លីបតាមបញ្ជា និងការណែនាំរបស់ខ្លួនដោយវាយប្រហារមកលើអាជ្ញាធររាជរដ្ឋាភិបាលឱ្យកម្រៃតិចតួចបំផុត មិនអាចរស់បានឡើយ។
ក្រុមយុវជនទាំងនោះ ខ្លះបានត្អូញត្អែរពីការរកកម្រៃមិនបាន ច្រើនពីការបង់ថ្លៃពីការចេញវីដេអូឃ្លីបនេះ និងខ្លះថែមទាំងបានអំពាវនាវឱ្យមានការផ្តល់ជំនួយបន្ថែមដល់គេ។ ដូច្នេះទាំងអាឡិច និងក្រុមយុវជនដែលអះអាងខ្លួនថាជាសកម្មជនស្រឡាញ់ជាតិ ស្រឡាញ់បរិស្ថាន គឺគ្រាន់តែជាយកពាក្យទាំងនេះមកបិទបាំងនឹងការស្វែងរកការគាំទ្រថវិកា សម្រាប់ខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែពួក គេហាក់ជាដូចធ្វើមែនទែនថាខ្លួនជាអ្នកយកចិត្តទុកដាក់លើបរិស្ថាន និងធនធានធម្មជាតិ និងអនាគតជាតិ ខ្លាំងសម្បើមណាស់។ តាមពិតគឺជាគីង្គក់លក់ថ្នាំស្រែងតែប៉ុណ្ណោះ! បើពួកគេគ្មានទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនទេ សូម្បីតែអាឡិច ក៏មិនខាំស្មៅដេកស៊ីកេររបស់អង្គការមាតាធម្មជាតិ ដែលត្រូវបានភិក្ខុ ព្រហ្ម ធម្មជាតិ ស្នើសុំរំលាយចោលនោះទេ។ ការប្រកាសរំលាយអង្គការមាតាធម្មជាតិពីថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៧។ នេះជាចរិតពិតរបស់អាឡិច ដែលពលរដ្ឋមួយចំនួនឱ្យតម្លៃ ដោយខុសឆ្គងថាជាអ្នកការពារបរិស្ថានធនធានធម្មជាតិ ប៉ុន្តែគឺជាឈ្លើងសង្គមដែលជញ្ជក់ផលប្រយោជន៍ពីកម្ពុជាតែប៉ុណ្ណោះ។
ទី២៖ បន្តអនុវត្តផែនការបដិវត្តន៍ពណ៌នៅកម្ពុជា
ទោះបីជាគណបក្សសង្គ្រោះជាតិដែលជាអង្គការ ចាត់តាំងផ្នែនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបានរំលាយក៏ដោយ ប៉ុន្តែផែនការចាស់របស់ពួកគេនៅតែបន្តអនុវត្ត ហើយពួកគេបានធ្វើសកម្មភាពដោយជ្រកនៅក្រោមស្លាកសមាគមនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។ ក្នុងក្រុមការងាររបស់អាឡិចបច្ចុប្បន្នត្រូវគេដឹងថាមានបណ្តុំដោយក្រុមយុវជនដែលមានការ ពាក់ព័ន្ធនឹងអតីតបក្សសង្គ្រោះជាតិ ដូចជា លឹម គីមស័រ ថុន រដ្ឋា ឡុង សុគន្ធា នឿន ដាវីន ផេង ស្រីសរ រាជព្រឹកអារ៉ែង ជាដើម។ ពួកគេបានប្រើប្រាស់រូបភាពជាអ្នកស្នេហាជាតិ ស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិដើម្បីធ្វើសកម្មភាពដុតបញ្ឆេះ កំហឹងប្រជាពលរដ្ឋ ញុះញុង និងបង្កកំហឹង និងចលាចលរបស់ប្រជាពលរដ្ឋក្នុងសំណុំរឿងបរិស្ថាន និងធនធានធម្មជាតិ ក្រោមការបញ្ជាផ្ទាល់ពីជនដែលមិនត្រូវស្វាគមន៍ អាឡិច ហ្គន់សាឡេស ដេវិតសុន។
អាឡិចត្រូវបានគេដឹងថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងក្រុមប្រឆាំង ទាំងនៅក្នុងនិងក្រៅប្រទេសហើយបានធ្វើសកម្មភាពបំពេញទៅនឹងផែនការ ដែលក្រុមប្រឆាំងដាក់ចុះ គឺការឡើង គ្រប់គ្រងអំណាចមិនតាមបែបប្រជាធិបតេយ្យ។ ចំណុចមួយទៀត យុវនារីឈ្មោះ លីម គីមស័រ រួមនឹងយុវជនមួយចំនួនដែលកំពុងធ្វើសកម្មភាពក្រោមឆ័ត្រ អង្គការមាតាធម្មជាតិ ត្រូវបានគេស្គាល់ថាជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ចូលរួមនៅក្នុងការឃោសនាបោះឆ្នោត និងសកម្មភាពផ្សេងៗ។ ដូច្នេះអ្វីដែលក្រុមយុវជន និងអាឡិច បានផលិតជាព័ត៌មានឬជាឃ្លីបវីដេអូឡើង ទោះបីពេលខ្លះជាការពិត ប៉ុន្តែពួកគេបានបង្កប់នូវទស្សនៈនយោបាយលម្អៀងមួយទៅរកក្រុមប្រឆាំង និងបម្រើមហិច្ឆតានយោបាយ របស់ក្រុមប្រឆាំង និងចៅហ្វាយនាយរបស់ពួកគេ។
ហេតុដូច្នេះហើយបានជាព័ត៌មាននិងវិដេអូឃ្លីបដែលពួកគេបានផ្សព្វផ្សាយ សុទ្ធតែបង្កប់ដោយការបំផ្លិចបំផ្លាញ រិះគន់មិនមែនដើម្បីស្ថាបនា ប៉ុន្តែជាការរិះគន់ ដើម្បីជាន់ពន្លិច និងបំផ្លាញទំនុកចិត្តប្រជាពលរដ្ឋមកលើអាជ្ញាធររាជរដ្ឋាភិបាល បន្ថែមពីផលប្រយោជន៍ ផ្សេងៗដែលពួកគេទទួលបានសម្រាប់ក្រុមនិងបក្ខពួកគេ។ ទោះបីជាអង្គការមាតាធម្មជាតិត្រូវបានស្នើសុំឱ្យរំលាយពីប្រធានរបស់ខ្លួនហើយក្តី ប៉ុន្តែអង្គការចាត់តាំងរបស់អង្គការនេះនៅតែដំណើរការដដែលក្រោមការបញ្ជាផ្ទាល់របស់អាឡិច និងមានអ្នកទទួលបញ្ជាដើម្បីអនុវត្តនៅកម្ពុជា។
ទី៣៖ ធ្វើសកម្មភាពវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា
អាឡិចបានបញ្ចូលមនោគមវិទ្យាតួឯកនិយមដល់ក្រុមយុវជនរបស់ខ្លួនលើផ្នែកបរិស្ថាននិងធនធានធម្មជាតិ និងបានញុះញង់ឱ្យយុវជនទាំងនោះចេញមុខក្នុងការវាយប្រហាររិះគន់បែបជាន់ពន្លិចជាសាធារណៈ ខណៈខ្លួនបានដឹងច្បាស់ហើយថា សកម្មភាពដែល ក្រុមយុវជនបាននិងកំពុងធ្វើរាល់ថ្ងៃ គឺជាសកម្មភាពខុសច្បាប់ ព្រោះបានយកឈ្មោះអង្គការមាតាធម្មជាតិដែលគ្មានក្នុងបញ្ជីរបស់ក្រសួងមហាផ្ទៃ មកធ្វើសកម្មភាពបំភ័ន្តសាធារណៈមតិ។ ប៉ុន្តែវាជាចេតនារបស់អា ឡិចនិងក្រុមបក្សប្រឆាំងតែម្តង ដើម្បីទាញយកចំណេញនយោបាយ នៅក្នុងករណីអាជ្ញាធរចាត់វិធានការប្រឆាំងទង្វើល្មើសច្បាប់របស់ពួកគេដោយឃោសនាបែបវាយប្រហារលើប្រព័ន្ធផ្សាយរបស់ពួកគេថាជាការ រំលោភសិទ្ធិមនុស្ស និងបិទសិទ្ធិសេរីភាពជាដើម។ តាមពិតយុវជនយុវនារីទាំងអស់នេះគឺជាជនស្លូតត្រង់ ប៉ុន្តែត្រូវបានធ្វើអាជីវកម្មនយោបាយដោយក្រុមប្រឆាំងតាមរយៈអាឡិច ទៅលើយុវជនមួយចំនួនដែលបានស្រើបស្រាល និងពាក្យបញ្ជោរពាក្យសរសើរបង្កបដោយន័យនយោបាយរបស់អាឡិច និងក្រុមប្រឆាំងដែលមានគោលដៅច្បាស់លាស់គឺ ការផ្លាស់ប្តូររបបតាមបែបបដិវត្តន៍ពណ៌ដែលពួកគេបានបរាជ័យយ៉ាងអាម៉ាស់ ក្រោយបែកការណ៍តាមរយៈការទម្លាយរបស់ កឹម សុខា។
តាមពិតនៅក្នុងសង្គមមួយមិនអាចដំណើរការល្អឥតខ្ចោះនោះឡើយ តែងតែមានបញ្ហាកើតឡើង ហើយអាជ្ញាធររាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដោះស្រាយបញ្ហា ប៉ុន្តែក្រុមប្រឆាំងនិងចៅហ្វាយនាយបរទេសរបស់ពួកគេមិនត្រូវកេងចំណេញនយោបាយ រហូតដល់យកបញ្ហាដែលកើតឡើងមក ដុតបញ្ឆេះកំហឹងពលរដ្ឋ បំភ័ន្តប្រជាពលរដ្ឋ ដើម្បីបម្រើគោលដៅនយោបាយខ្លួនឡើយ។ គ្មាននរណាស្រឡាញ់ខ្មែរជាងពលរដ្ឋ ខ្មែរខ្លួនឯងឡើយ ហើយអាឡិចដែលអះអាងថាស្រឡាញ់ខ្មែរក៏ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
កម្ពុជាឥឡូវនេះបានបោះជំហានមកជាប្រទេសដែលមានការអភិវឌ្ឍ មានកំណើនសេដ្ឋកិច្ច ប្រមាណ៧,៥% ជារៀងរាល់ឆ្នាំ និងមានតួនាទីសំខាន់ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក ជាប្រទេស ស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសនានាលើសកលលោក សូមក្រុមប្រឆាំងរួមនឹងជនបរទេសមួយចំនួន គួរទុកឱ្យកម្ពុជាបានសុខ សន្តិភាព និងបន្តអភិវឌ្ឍជាតិ ពីព្រោះកម្ពុជាមានបទពិសោធឆ្អែតឆ្អន់រួចហើយនៃការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការផ្ទៃក្នុង និងសូមពលរដ្ឋដែលមាននិន្នាការ ប្រឆាំងកុំងុបងុល និងកុំ ជឿបរទេសពេក ព្រោះជម្រើសតាមក្រុមជនបរទេសកាលពីអតីតកាល កម្ពុជាមិនដែលមានវាសនាល្អនោះទេ សន្តិភាពរបស់កម្ពុជាបាន ត្រឹមជាង ១០ឆ្នាំប៉ុណ្ណោះក៏វិលទៅរកសេចក្តីវិនាសហិនហោចដោយសារតែក្រុមប្រឆាំង និងបណ្តាញក្រុមវិទ្ធង្សនាដែលធ្វើ សកម្មភាពដូចសព្វថ្ងៃនេះ។ ដូច្នេះ កម្ពុជាមិនត្រូវការក្រុមជនបំផ្លាញជាតិ ធ្វើវិទ្ធង្សនាដូចក្រុមអាឡិច និងក្រុមប្រឆាំងក្បត់ជាតិរត់ចោលស្រុកឡើយ ហើយរាជរដ្ឋាភិបាលបានព្រមានរួចជាស្រេចហើយថា ទោះក្នុងតម្លៃណាក៏ដោយ នឹងមិនអនុញ្ញាតឱ្យក្រុមជនមួយក្តាប់តូច ធ្វើវិទ្ធង្សនាប្រឆាំងកម្ពុជា បំផ្លាញសន្តិភាព ការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះជាដាច់ខាត៕
ដោយ៖ ចៅចាក់ស្មុក