ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខេត្តព្រះសីហនុ ជាតំបន់សក្តានុពលសេដ្ឋកិច្ចជាតិ និងទាក់ទាញភ្ញៀវទេសចរណ៍នៅតំបន់ទិសនិរតី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 47
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខេត្តព្រះសីហនុ ជាតំបន់សក្តានុពលសេដ្ឋកិច្ចជាតិ និងទាក់ទាញភ្ញៀវទេសចរណ៍នៅតំបន់ទិសនិរតី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខេត្តព្រះសីហនុ ជាតំបន់សក្តានុពលសេដ្ឋកិច្ចជាតិ និងទាក់ទាញភ្ញៀវទេសចរណ៍នៅតំបន់ទិសនិរតី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឱ្យដឹងថា នៅពេលដែលលោកចុះអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះក្នុងករណីបាក់រលំអាគារកន្លងមក លោកបានកត់សម្គាល់ឃើញពីភាពស្កឹមស្កៃនៃអាគារខ្ពស់ៗក្នុងខេត្តព្រះសីហនុ ប៉ុន្តែបើសម្លឹងទៅផ្នែកខាងក្រោមវិញ គឺដើរដោយភក់ដីជ្រាំ ដោយសារការដឹកទំនិញធ្ងន់ៗ នាំឱ្យខូចផ្លូវអស់។ លោកថា ត្រង់ចំណុចនេះធ្វើឱ្យលោកគិត និងពិភាក្សាជាមួយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ អំពីគម្រោងវិនិយោគស្ថាបនាផ្លូវគោក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុដែលជាផ្លូវផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា ថវិកាវិនិយោគដែលនៅសល់ពីការចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធជាតិមាននៅសល់ចំនួន ៣០ពាន់លាន គ្រោងនឹងដាក់ភ្លាម ដើម្បីស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុ តែលោករដ្ឋមន្ត្រីថា អាចដោះស្រាយនៅនឹងកន្លែងបាន មានន័យថា យកស្លឹកត្នោតខ្ចប់ស្ករត្នោតតែម្តង។

លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា បើយើងយកគម្រោងកសាងផ្លូវទៅកសាងស្ពានវិញ គឺទទួលបាន ២ទៅ៣ខ្សែរ តភ្ជាប់ពីទន្លេគង្គទៅកាន់តំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញ ប៉ុន្តែយើងបែរជាបង្វែរថវិការនេះទៅកសាងផ្លូវគោក គឺបានចំនួន ៣៤ខ្សែរ ក្នុងក្រុងព្រះសីហនុ។

លោកនាយករដ្ឋមន្ត្រីពន្យល់ថា ការកសាងផ្លូវទាំង ៣៤ខ្សែរនេះ ដោយសារក្រុងព្រះសីហនុ គឺជាតំបន់ប៉ូលសេដ្ឋកិច្ចដោយធ្វើការតភ្ជាប់ទៅកាន់តំបន់សំខាន់ដទៃទៀត ដូចនេះត្រូវធ្វើយ៉ាងណាឱ្យខេត្តព្រះសីហនុ មានផ្លូវគមនាគមន៍ឱ្យបានគ្រប់គ្រាន់ មិនត្រឹមតែជាតំបន់មានសក្តានុពលសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាប្រកបដោយភាពទាក់ទាញប្រចាំនាទិសនិរតីផងដែរ៕

អត្ថបទទាក់ទង