អ្នកកាសែតជាច្រើននាក់រងការវាយប្រហារ ក្នុងបាតុកម្មយ៉ាងក្តៅគគុក នៅទូទាំងសហរដ្ឋអាមេរិក
អំឡុងពេលបាតុកម្មដ៏កក្រើកមួយរយៈកន្លងទៅនេះ នៅសហរដ្ឋអាមេរិកគេសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួន ត្រូវបានឃាត់ខ្លួន និងរងការវាយប្រហារថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០។
កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ក្រុមការងាររាយការណ៍ព័ត៌មានរបស់ទូរទស្សន៍ CNN ត្រូវបានប៉ូលិសអាមេរិកឃាត់ខ្លួន ពេលកំពុងផ្សាយផ្ទាល់អំពីទិដ្ឋភាពនៃបាតុកម្ម ដែលបានផ្ទុះឡើងក្រោយការស្លាប់របស់ពលរដ្ឋអាមេរិកស្បែកខ្មៅ លោក ចច ហ្វ្លយដ៍ (George Floyd) ក្រោមស្នាដៃប៉ូលិសនៅទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋ មីននីសូតា (Minnesota)។ ក្នុងថ្ងៃដដែល ក្រុមអ្នករាយការណ៍ព័ត៌មានរបស់ស្ថានីយទូរទស្សន៍ Fox News បានរងការប៉ុន ប៉ងវាយប្រហារពីសំណាក់ក្រុមបាតុករ នៅក្បែរសេតវិមាន។
ចំណែកកាលពីថ្ងៃសៅរ៍ អ្នកសារព័ត៌មានម្នាក់របស់សារព័ត៌មាន WAVE News និងក្រុមការងារក៏ត្រូវបានប៉ូលិស បាញ់គ្រាប់កាំភ្លើងបង្ហូរទឹកភ្នែកដាក់ពួកគេផងដែរ។ នៅក្នុងថ្ងៃដដែលនោះ បុគ្គលិកពីរនាក់របស់ទីភ្នាក់ងារព័ត៌មាន Reuters ក៏ត្រូវបានប៉ូលិសបាញ់គ្រាប់ជ័រមកលើពួកខ្លួនដូចគ្នា បណ្តាលឲ្យរងរបួស។
គួរជម្រាបថា យោងតាមរបាយការណ៍ពីបណ្តាអង្គការ ដែលតាមដានការប្រើអំពើហិង្សាលើអ្នកសារព័ត៌មាន កំឡុងការធ្វើបាតុកម្មដ៏ក្តៅគគុកនៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន គឺមានករណីវាយប្រហារជាច្រើនមកលើអ្នកកាសែត៕