ខ្មែរប៉ុស្ដិ៍ Close

មនុស្ស ៩៨នាក់ស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅប៉ាគីស្ថាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 62

(Aljazeera)៖ យន្តហោះ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ Pakistan International Airlines (PIA) បានធ្លាក់នៅតំបន់ដែលមានមនុស្សរស់នៅទីក្រុង Karachi របស់ប្រទេសប៉ាគីស្ថាន ។ នេះបើតាមការបញ្ជាក់ពីអាកាសចរណ៍ស៊ីវិលនៃប្រទេសនេះ ។

យន្តហោះនេះបានព្យាយាមចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Jinnah របស់ទីក្រុង Karachi ប៉ុន្តែជាអកុសលយន្តហោះបានធ្លាក់ចុះចំទីតាំងមនុស្សរស់នៅទៅវិញ ។

បើតាមការអោយដឹងពីអ្នកនាំពាក្យនៃក្រុមហ៊ុនអាកាសចរណ៍ PIA គឺមានអ្នកដំណើរចំនួន ៩១នាក់ និងបុគ្គលិកនៅលើយន្តហោះចំនួន ៧នាក់ផ្សេងទៀត ។ ពួកគេបានបាត់ការទាក់ទងពីទីភ្នាក់ងារគ្រប់គ្រងចរារចរណ៍អាកាសតាំងពីម៉ោង 2:30 រសៀល (ម៉ោង 4:30 រសៀលនៅភ្នំពេញ) មកម៉្លេះ ។ លោកបានបញ្ជាក់ថា ពេលនេះនៅពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៃការធ្លាក់នេះបានទេ ។

បើតាមយោធាប៉ាគីស្ថាន ពេលនេះកងកម្លាំងសន្តិសុខត្រូវបានបញ្ជូនទៅដល់ទីតាំងកើតហេតុហើយ រួមជាមួយនឹងឧត្ថម្ភាគចក្រដែលនឹងប្រើសម្រាប់វាយតម្លៃលើមហន្តរាយនេះ និងដើម្បីធ្វើយុទ្ធនាការជួយសង្គ្រោះ ។

បើតាមមន្ត្រីសុខាភិបាលខេត្ត Sindh ឈ្មោះ Azra Pechucho បានអោយដឹងថា ក្រុមសង្គ្រោះរបស់លោកស្រីបានរកឃើញសាកសពចំនួន ១១នាក់ និងអ្នករងរបួសចំនួន ៦នាក់ ហើយពេលនេះពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ។ អាជ្ញាធរពុំអាចសន្និដ្ឋានបានទេថា អ្នកទាំង១៧នាក់នោះជាអ្នកដំណើរនៅលើយន្តហោះ ឬមួយក៏ប្រជាជននៅនឹងដី ។ លោកស្រីបន្តថា «យើងនឹងធ្វើតេស្តលើសំណាក DNA របស់ពួកគេដើម្បីដឹងថាគេជាអ្នកដំណើរ ឬអ្នកដែលនៅខាងក្រោម ហើយនឹងផ្ដល់អោយក្រុមគ្រួសាររបស់ពួកគេផងដែរ» ។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថាលោកកំពុងតែធ្វើការជាមួយនឹងប្រធានក្រុមហ៊ុនអាកាសចរណ៍ប្រចាំរដ្ឋ និងថា លោកចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារដែលបានបាត់បង់សមាជិករបស់ខ្លួននៅក្នុងឧបទ្ទវហេតុនេះ ៕

 

អត្ថបទទាក់ទង