ខ្មែរប៉ុស្ដិ៍ Close

ប្រទះឃើញត្រីសូល៍ ចម្លាក់នាគ និងថ្មគ្រីស្តាល់នៅប្រាសាទកណ្តាលស្រះស្រង់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 52
ប្រទះឃើញត្រីសូល៍ ចម្លាក់នាគ និងថ្មគ្រីស្តាល់នៅប្រាសាទកណ្តាលស្រះស្រង់ ប្រទះឃើញត្រីសូល៍ ចម្លាក់នាគ និងថ្មគ្រីស្តាល់នៅប្រាសាទកណ្តាលស្រះស្រង់

ការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ ដែលដឹកនាំដោយឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលមានលោក ម៉ៅ សុខនី ប្រធានការដ្ឋាន បានរាយការណ៍ស្ដីពី ក្រុមបុរាណវិទូកំពុងកំណាយស្រាវជ្រាវ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។

តាមការបញ្ជាក់ពីក្រុមការងារបានឱ្យដឹងថា ចាប់តាំងពីផ្តើមកំណាយរហូតមកដល់ពេលនេះ ក្រុមការងារបានរកឃើញបុរាណវត្ថុជាច្រើនដែលស្ថិតនៅរាយប៉ាយលើដីជុំវិញទួលប្រាសាទ។

ក្នុងនោះបុរាណវត្ថុចំនួនបីប្រភេទដែលគេពុំធ្លាប់បានប្រទះឃើញនៅទីនេះមានជាអាទ៍៖ ត្រីសូល៍ធ្វើពីលោហៈចំនួន២ ដែល១នៅមានរូបរាងពេញលេញ និង១ទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។ ខ្វាតពណ៌ស (គ្រីស្តាល់?) ជាច្រើនគ្រាប់ ដូចធ្លាប់រកឃើញនៅក្នុងរណ្តៅកំណាយទីតាំងផ្សេងៗពីមុនដែរ និងបំណែកចម្លាក់ក្បាលនាគមួយធំដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ។

ការរកឃើញសំណល់បុរាណវិទ្យាទាំងនេះ ក្រុមបុរាណវិទូ នៅមិនទាន់អាចសន្និដ្ឋានបានថាស្ថិតនៅក្នុងសម័យកាលណា គេដាក់ដើម្បីអ្វី និងមានអ្វីបន្ថែមទៀតនោះទេ ព្រោះទើបតែជាដំណាក់កាលដំបូងនៃការធ្វើកំណាយស្រាវជ្រាវ។ លទ្ធផលនឹងបង្ហាញច្បាស់លាស់ជាងនេះនៅក្រោយបញ្ចប់ការងារស្រាវជ្រាវ។ បើសិនជាមិនមានអ្វីរារាំង និងរំខានក្នុងអំឡុងពេលកំណាយ កិច្ចការស្រាវជ្រាវនេះគ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៦សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០មក។

ក្នុងការរក្សាទុកដាក់វត្ថុបុរាណវិញ ឯកឧត្ដមអគ្គនាយករងបានឱ្យដឹងថា បច្ចុប្បន្នដើម្បីរក្សាពីសុវត្ថិភាព ក្រុមការងារបាននាំយកវត្ថុទាំងនោះមកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជួសជុល សម្អាត និងរក្សាទុក ៕

អត្ថបទទាក់ទង