ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារអាជ្ញាធរជាតិអប្សរាប្រទះឃើញក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតាក្នុងពេលធ្វើកំណាយបុរាណវិទ្យាជួសជុលខ្លោងទ្វារតាកាវ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 50
ក្រុមការងារអាជ្ញាធរជាតិអប្សរាប្រទះឃើញក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតាក្នុងពេលធ្វើកំណាយបុរាណវិទ្យាជួសជុលខ្លោងទ្វារតាកាវ ក្រុមការងារអាជ្ញាធរជាតិអប្សរាប្រទះឃើញក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតាក្នុងពេលធ្វើកំណាយបុរាណវិទ្យាជួសជុលខ្លោងទ្វារតាកាវ

នៅក្នុងអំឡុងពេលធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវ ដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ ក្រុមអ្នកជំនាញបានរកឃើញ ចម្លាក់យក្ស និងទេវតា លើស្ពានហាលនៃខ្លោងទ្វារតាកាវ និងបំណែកវត្ថុបុរាណមួយចំនួនទៀត ដើម្បីយកមកលាងសម្អាត និងថែរក្សា ឱ្យបានគង់វង្ស ។

លោកស្រី គឹម សេងភក្តី មន្ត្រីផ្នែកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្នុងរយៈពេល៣សប្តាហ៍នៃការធ្វើកំណាយបុរាណវិទ្យា​ស្រាវជ្រាវ ដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវឡើងវិញ ក្រុមការងារបានរកឃើញក្បាលយក្សចំនួន៣នៅពេញល្អ ឯក្បាល៣ទៀត មាន ត្រឹមតែពាក់កណ្តាល។ ចំពោះ ដងខ្លួនអាសុរៈបានរកឃើញមានចំនួន០៤។ រីឯ ព្រះសិរទេវតាបានរកឃើញចំនួន៣ ក្នុងនោះចំនួន០២ នៅពេញល្អ និង១ទៀតមានត្រឹមពាក់កណ្តាលស្មាដល់បបូរមាត់។

លោកស្រីបន្តថា ចម្លាក់ដែលបានប្រទះឃើញនេះ ក្រុមការងារបានសហការជាមួយនគរបាលបេតិកភ័ណ្ឌ ដើម្បីចុះបញ្ជើទទួលស្គាល់ ជាឯកសារ និងបានស្ទួចយកមករក្សាទុកនៅការដ្ឋាន ដើម្បីធ្វើគម្រោងជួសជុលឡើងវិញ និងរំពឹងថា អាចនឹងរកឃើញបំណែកដងខ្លួន នៅពេលខាងមុខទៀត។

ពីអាទិត្យមុនយើងរកឃើញបំណែកកំណាត់ក្បាលយក្យចំនួន៣ មួយកំណាត់ត្រឹមច្រមុះចំនួន២ មួយកំណាត់មាត់ត្រឹមក្រោមគឺ១ ទាំងអស់គឺ៦ លក្ខណៈដែលយើងរកបានពេញតាំងពីកឡើងដល់ក្បាល តែចំនួន៣ទេ ក្នុងអាទិត្យនេះយើងរកឃើញបំណែកព្រះសិរទេវតា ២ទៀត សាច់ពេញតែម្តង បន្ទាប់ពីកំណាយរកឃើញទាំងអស់ហ្នឹងរួចរាល់ហើយ យើងប្រៀបធៀបជាមួយអ័ក្សរបស់បង្កាន់ដៃយក្ស និងបង្កាន់ដៃទេវតា បន្ទាប់មកយើងវាស់វែងសម្រង់ប្លង់ តាមបញ្ជីដែលយើងផ្ទៀងផ្ទាត់ជាឯកសារមួយ បន្ទាប់មកទៀត មុននឹងយើង ស្ទួចចេញពីទីតាំងដើម យើងបានសហការជាមួយនគរបាលការពារបេតិកភ័ណ្ឌដើម្បីសហការគ្នាដឹងឮថា វត្ថុដែលទទួលយកនេះ ដាក់នៅជិតខ្លោងទ្វារ ព្រះសិរដែលយើងរកឃើញនេះ មិនបានយកទៅទីតាំងណាទេ យើងទុកនៅការដ្ឋានផ្ទាល់ យើងត្រូវការស្វែងរក បំណែកទៀត គម្រោងយើងត្រូវជួសជុលបង្កាន់ដៃយក្យ និងទេវតាឡើងវិញ ដូច្នេះក្បាលយក្សដែលជ្រោះធ្លាក់ក្បែរនេះ បានន័យថា បំណែកដងខ្លួនក៏នៅក្បែរៗហ្នឹងដែរយើងអាចរកឃើញឡើងវិញ។

សូមបញ្ជាក់ថា ខ្លោងទ្វារតាកាវ ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន។ខ្លោងទ្វារនេះ ត្រូវបានប្រារព្ធពិធីក្រុងពាលី ដើម្បីដំណើរការជួសជុលឡើងវិញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ដែលអនុវត្ត ការងារផ្ទាល់ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន៕

អត្ថបទទាក់ទង