ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 86
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស

ស្របពេលដែលប្រទេសកម្ពុជា នឹងចាប់ផ្តើមរិតបន្តឹងច្បាប់ចរាចរណ៍ ដោយអនុវត្តន៍ការផាកពិន័យច្រើនជាងមុន ចំពោះបទល្មើសចរាចរណ៍ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ខាងមុខនោះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ Facebook បានថ្លែងបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូន ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្ករបួសស្នាមធ្ងន់ស្រាល រហូតដល់មានការបាត់បង់អាយុជីវិត។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ មានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «បើកបរត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ នៅពេលនេះ ការរិតបន្តឹងច្បាប់ចរាចរណ៍ គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្ត ត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗ ឲ្យបានត្រឹមត្រូវមុននឹងបញ្ជាយានយន្ត នៅលើដងផ្លូវសាធារណៈ។

ការរិតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិត បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្ករបួសស្នាមធ្ងន់ស្រាល រហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍ កើតមាននៅក្នុងក្រុមគ្រួសារ របស់បងប្អូនណាម្នាក់ឡើយ។ សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមក ដើម្បីសុខសុវត្ថិភាព ទាំងអស់គ្នានៅទូទាំងប្រទេស»៕

អត្ថបទទាក់ទង