ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចឲ្យពលករជាង២០០នាក់ ដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី អាចត្រឡប់មកកម្ពុជា បើសិនម៉ាឡេស៊ីបញ្ជាក់ថាគ្មានជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 33
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចឲ្យពលករជាង២០០នាក់ ដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី អាចត្រឡប់មកកម្ពុជា បើសិនម៉ាឡេស៊ីបញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចឲ្យពលករជាង២០០នាក់ ដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី អាចត្រឡប់មកកម្ពុជា បើសិនម៉ាឡេស៊ីបញ្ជាក់ថាគ្មានជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅពេលនេះរាជរដ្ឋាភិបាល សម្រេច ឲ្យពលករជាង២០០នាក់ ដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី អាចត្រឡប់មកកម្ពុជា បើសិនអាជ្ញាធរម៉ាឡេស៊ីបញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ទេនោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើពលករខ្មែរដែលកំពុងស្នាក់នៅម៉ាឡេស៊ី ត្រូវបានរកឃើញថាមានជំងឺកូវីដនោះ តម្រូវឲ្យព្យាបាលនៅទីនោះជាំសះស្បើយសិន ទើបអនុញ្ញាតឲ្យត្រឡប់មកកម្ពុជាវិញ។ ដោយឡែកសម្រាប់បងប្អូន ដែលគ្មានជំងឺកូវីដ-១៩ ពេលមកដល់កម្ពុជា ក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ (រស់នៅដាច់ដោយឡែក) សិន ដើម្បីតាមដានសុខភាពជាបន្ត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «អរគុណកូនក្មួយនៅម៉ាឡេស៊ី ដែលយោគយល់ដល់វិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា។ មកទល់ថ្ងៃនេះកម្ពុជានិងពិភពលោកកំពុងសកម្មនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ហើយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះនៅឡើយទេ។

រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណកូនក្មួយពលករជាង២០០នាក់ ដែលក្នុងនោះក៏មានកូនក្មួយអ្នកទោសចំនួន៧៣នាក់ផងដែរ ដែលត្រូវបានផ្អាកការធ្វើដំណើរ វិលត្រឡប់មកកម្ពុជា កាលពីពេលថ្មីៗក្នុងពេលដែលប្រទេសយើងកំពុងដាក់បម្រាមតឹងរឹងក្នុងការធ្វើដំណើរ។ ប៉ុន្តែនៅពេលនេះបម្រាមការធ្វើដំណើរ ក្នុងប្រទេសក៏បានលើក ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យកូនក្មួយពលករខ្មែរជាង២០០នាក់ អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ប៉ុន្តែសូមកូនក្មួយទុកពេលវេលា ឲ្យខាងអាជ្ញាធរម៉ាឡេស៉ី គេធ្វើតេស្តសុខភាពសិន ដើម្បីបញ្ជាក់ថា កូនក្មួយគ្មានសញ្ញាវិជ្ជមាននៃជំងឺកូវីដ-១៩។ យើងទាំងអស់គ្នា ទាំងអ្នកនៅក្នុងប្រទេស និងក្រៅប្រទេស គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច កុំនាំរោគឆ្លងពីក្រៅចូលក្នុង និងពីម្នាក់ទៅម្នាក់ ព្រោះជំងឺកូវីដ-១៩ នេះ គឺងាយឆ្លងខ្លាំងណាស់។

សូមកូនក្មួយកុំបារម្ភអ្វី ប្រសិនបើកូនក្មួយគ្មានជំងឺឆ្លងកូវីដ-១៩ទេ គឺកូនក្មួយអាចវិលត្រឡប់មកកម្ពុជាវិញបានក្នុងពេលឆាប់ៗនេះ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញមានកូវីដ-១៩ ទៅលើកូនក្មួយណា គឺត្រូវនៅសម្រាកព្យាបាល នៅទីនោះសិនរហូតដល់ជាសះស្បើយ ទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ។ ចំពោះកូនក្មួយដែលនឹងមកដល់កម្ពុជាវិញ គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ (រស់នៅដាច់ដោយឡែក) សិន ដើម្បីតាមដានសុខភាពជាបន្ត ហើយក៏មានការធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅតាមផ្ទះផងដែរ»៕

អត្ថបទទាក់ទង