លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាជរដ្ឋាភិបាលទទួលបានថវិកាជាង ១៣លានដុល្លារពីសប្បុរសជនសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថា ថវិកាដែលសប្បុរសជនបានបរិច្ចាគដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងដោះស្រាយបញ្ហាផ្សេងៗនោះ មានចំនួនប្រមាណ ១៣,៥៩៧,២៩៥ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។ លោកបានគូសបញ្ជាក់លើទំព័រ Facebook ទៀតថា ក្រៅពីបរិច្ចាគថវិកា ក៏នៅមានសប្បុរសជនផ្តល់ជំនួយជាសម្ភារ បរិក្ខារជាច្រើនទៀត ដូចជាម៉ាស អាកុល សាប៊ូ សម្ភារពេទ្យជាដើម។ បើតាមសម្តេចតេជោ សម្ភារទាំងនេះមានតម្លៃរាប់លានដុល្លារអាមេរិក។
ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅកម្ពុជានិងនៅលើពិភពលោកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក សាយ ឈុំ លោក ហេង សំរិន ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏បានបរិច្ចាគប្រាក់បៀវត្សទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីរាជការពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំនួន ១៤,៧៥១នាក់ហើយ បានបរិច្ចាគប្រាក់បៀវត្សជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណៈ។
លោក បានចាត់ទុកការបរិច្ចាគថវិការបស់សប្បុរសជន និងប្រាក់បៀបវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនេះ ជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុផងដែរ ហើយក៏បាន ថ្លែងអំណរព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និងអរគុណជនរួមជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ៕