ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីការបរទេសអាស៊ាន គ្រោងបង្កើតមូលនិធិអាស៊ាន ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 18
រដ្ឋមន្រ្តីការបរទេសអាស៊ាន គ្រោងបង្កើតមូលនិធិអាស៊ាន ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ រដ្ឋមន្រ្តីការបរទេសអាស៊ាន គ្រោងបង្កើតមូលនិធិអាស៊ាន ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩

(ភ្នំពេញ)៖ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានឯកភាពបង្កើតមូលនិធិអាស៊ានសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩ ក្នុងគោលបំណងដើម្បីគៀរគរធនធានហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាកង្វះខាតឧបករណ៍វេជ្ជសាស្រ្ត ផ្តល់ការគាំទ្រដល់កិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថសម្រាប់ប្រឆំាងនឹងជំងឺកូវីដ-១៩ និងប្រើប្រាស់សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពបន្ទាន់នានាក្នុងពេលអនាគត។

ការឯកភាពគ្នាបង្កើតមូលនិធីនេះ បានធ្វើឡើងនៅកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៥ ស្តីពីជំងឺកូវីដ-១៩
តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋមន្រ្តីការបរទេសអាស៊ាន បានឯកភាពបង្កើតមូលនិធិអាស៊ានសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩ ក្នុងគោលបំណងដើម្បីគៀរគរធនធានហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាកង្វះខាតឧបករណ៍វេជ្ជសាស្រ្ត ផ្តល់ការគាំទ្រដល់កិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថសម្រាប់ប្រឆំាងនឹងជំងឺកូវីដ-១៩ និងប្រើប្រាស់សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពបន្ទាន់នានាក្នុងពេលអនាគត។ រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការធានាឱ្យបាននូវសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងការបើកចំហទីផ្សារ ព្រមទាំងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់លើសេដ្ឋកិច្ចតំបន់ និងសាកលលោក ព្រមទាំងស្តារឡើងវិញនូវទំនុកចិត្តរបស់អតិថិជន និងសហគមន៍ធុរកិច្ច និងដើម្បីរក្សាឱ្យបាននូវស្ថិរភាពសង្គម-វប្បធម៌»។

ក្នុ្ងងកិច្ចប្រជុំនោះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានពិភាក្សា និងផ្លាស់ប្តូរយោបល់ ជាមួយរដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសសមាជិកអាស៊ាន លើវិធានការឆ្លើយតបរួមគ្នា ទៅនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូរូណា ឆ្នាំ២០១៩ ហៅកាត់ថា កូវីដ-១៩។ លើសពីនេះទៅទៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ក្នុងការជំរុញបន្ថែមទៀតនូវវិធានការរួមគ្នា ដើម្បីដោះស្រាយនឹងជំងឺកូវីដ-១៩ និងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច និងសង្គមដែលបណ្តាលមកពីវីរុសនេះ ជាពិសេសផលប៉ះពាល់ទៅលើដំណើរការនៃការកសាងសហគមន៍អាស៊ាន តាមរយៈ ការលើកកម្ពស់ការសម្របសម្រួលគោលនយោបាយ ការចែករំលែកនូវបទពិសោធន៍ និងឧត្តម្មានុវត្តន៍ ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយដល់គ្នាទៅវិញទៅមករវាងប្រទេសសមាជិកអាស៊ាន។

រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានទទួលស្គាល់នូវសារៈសំខាន់ នៃកិច្ចសហការប្រកបដោយភាពស្ថាបនា ជាមួយប្រទេសដៃគូខាងក្រៅ រួមទាំងដៃគូសន្ទនាអាស៊ាន និងស្ថាប័នអន្តរជាតិ ដើម្បីពង្រីកនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការប្រយុទ្ធប្រឆាំងជាសាកល ទៅនឹងជំងឺកូវីដ-១៩។ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះដែរ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនអង្គប្រជុំនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការទប់ស្កាត់វីរុសកូវីដ-១៩ និងកាត់បន្ថយបញ្ហាប្រឈម ខាងផ្នែកសេដ្ឋកិច្ច និងសង្គម និងបានអះអាងសាជាថ្មីនូវការប្តេជ្ញាយ៉ាងមុតមាំដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាសាកលប្រឆាំងនឹងជំងឺឆ្លងនេះ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានស្នើនូវអាទិភាពដែលអាស៊ានគួរផ្តោតជាសំខាន់ ដូចខាងក្រោម៖

១៖ ជំរុញការធ្វើកិច្ចសហប្រតិបត្តិការតំបន់ លើកកម្ពស់ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតបដើម្បីកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់នានា ដែលបណ្តាលមកពីវីរុសកូវីដ-១៩ តាមរយៈការលើកកម្ពស់ការសម្របសម្រួល គោលនយោបាយរវាងប្រទេសសមាជិកអាស៊ាន។

២៖ ធ្វើការរួមគ្នា ដើម្បីពង្រឹងសមត្ថភាព ក្នុងការដោះស្រាយជំងឺរាតត្បាតតាមរយៈការផ្លាស់ប្តូរជំនាញបច្ចេកទេស និងបទពិសោធន៍នានា ធ្វើការចែករំលែកឧត្តម្មានុវត្តន៍នៃវិធីសាស្រ្តព្យាបាល និងការធ្វើតេស្តស្វែងរករោគសញ្ញា និងការពិនិត្យលទ្ធភាពឱ្យមានគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា នូវឱសថ និងវ៉ាក់សាំងសម្រាប់ប្រឆាំងនឹងជំងឺនេះ។

៣៖ បន្តផ្តល់ជំនួយ និងការគាំទ្រចាំបាច់នានា ដល់ប្រជាពលរដ្ឋអាស៊ាន ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងប្រឈមមុខនឹងការលំបាក ដែលបណ្តាលមកពីការដាក់កម្រិតការធ្វើដំណើរ ការបិទរោងចក្រ និងព្រំដែនបណ្តោះអាសន្ន ព្រមទាំងប្រជាពលរដ្ឋអាស៊ាន ដែលពុំអាចស្វែងរកជំនួយ និងការគំាទ្រខាងផ្នែកកុងស៊ុល ពីបណ្តាស្ថានតំណាងនៃប្រទេសខ្លួន ប្រចាំនៅប្រទេសទី៣។

៤៖ លើកកម្ពស់ការពិគ្រោះយោបល់ឱ្យកាន់តែជិតស្និទ្ធ ដើម្បីកាត់បន្ថយឱ្យបានជាអប្បបរិមានូវឧបសគ្គនានាចំពោះសង្វាក់នៃសកម្មភាពពាណិជ្ជកម្ម និងការផ្គត់ផ្គង់ទំនិញក្នុងតំបន់ តាមរយៈការបន្តបើកចំហនូវទីផ្សារអាស៊ាន ដើម្បីធានាឱ្យបាននូវលំហូរនៃការផ្គត់ផ្គត់ទំនិញចាំបាច់នានា ជាពិសេសស្បៀងអាហារ និងសម្ភារៈវេជ្ជសាស្រ្ត។

៥៖ ធ្វើការដោយជិតស្និទ្ធ និងទាន់ពេលវេលាជាមួយនឹងបណ្តាប្រទេសដៃគូសន្ទនាអាស៊ាន និងអង្គការអន្តរជាតិ ព្រមទាំងធនាគារអភិវឌ្ឍន៍ទាំងថ្នាក់តំបន់ និងពហុភាគី ដើម្បីដោះស្រាយនូវបញ្ហាប្រឈមមិនត្រឹមតែផ្នែកសុខាភិបាលសាធារណៈនេះ ក៏ដូចជាដើម្បីដាក់ចេញនូវវិធានការ
ជាកញ្ចប់ហិរញ្ញវត្ថុ ដែលអាចប្រើប្រាស់បានភ្លាមៗ ប្រកបដោយភាពរឹងមាំ ច្បាស់លាស់ និងប្រសិទ្ធភាព ដើម្បីដោះស្រាយនូវផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម។

កិច្ចប្រជុំបានបញ្ចប់ដោយរដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ មានប្រសាសន៍បង្ហាញអំពីសាមគ្គីភាព ជាភាសាជាតិរៀងៗខ្លួន ដែលមានអត្ថន័យថា «យើងរួបរួមគ្នា ជាមួយនឹងប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។ កិច្ចប្រជុំ សង្ឃឹមថាកិច្ចប្រជុំកំពូលអាស៊ានពិសេសស្តីពីជំងឺកូវីដ-១៩ និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ នឹងប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កា៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖

អត្ថបទទាក់ទង