លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់បទបញ្ជាឱ្យចុះរឹបអូស និងដុតបំផ្លាញចោលនូវឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលខុសច្បាប់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បទបញ្ជាឱ្យភាគីពាក់ព័ន្ធ ចុះរឹបអូសនិងដុតបំផ្លាញចោល នូវឧបករណ៍ ធ្វើតេស្តរកវីរុស Covid-19 ដែលផ្សព្វផ្សាយនិង ដាក់លក់ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល និងទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO)។ លោកបានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញសហការគ្នាធ្វើរឿងនេះឱ្យមានប្រសិទ្ធភាពដើម្បីការពារសុខភាព និងផលប្រយោជន៍របស់ប្រជាជន។
គួរបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ មានការផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ដោយខ្លួនឯងយ៉ាងព្រោងព្រាតនៅតាមបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែត្រូវបានអ្នកជំនាញអះអាងថា ឧបករណ៍នោះមិនអាចបញ្ជាក់នូវលទ្ធផលត្រឹមត្រូវនោះឡើយ ហើយអាចចេញលទ្ធផលផ្ទុយទៅការពិតទៀតផង ពោលគឺអ្នកមានជំងឺអាចពិនិត្យឃើញថាអត់ ហើយអ្នកអត់អាចពិនិត្យឃើញមានជំងឺទៅវិញ៕