ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី បញ្ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារជាមួយតុលាការ ដើម្បីកាត់ទោសអ្នកបំពានលើច្បាប់ពាក់ព័ន្ធការធ្វើចត្តាឡីស័ក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 79
លោកនាយករដ្ឋមន្រ្តី បញ្ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារជាមួយតុលាការ ដើម្បីកាត់ទោសអ្នកបំពានលើច្បាប់ពាក់ព័ន្ធការធ្វើចត្តាឡីស័ក លោកនាយករដ្ឋមន្រ្តី បញ្ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារជាមួយតុលាការ ដើម្បីកាត់ទោសអ្នកបំពានលើច្បាប់ពាក់ព័ន្ធការធ្វើចត្តាឡីស័ក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាទៅកាន់លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ត្រូវធ្វើការបន្ទាន់ជាមួយស្ថាប័នតុលាការ ដើម្បកាត់ទោសអ្នកបំពានលើច្បាប់កូវីដ-១៩ ពាក់ព័ន្ធការធ្វើចត្ដាឡីស័កមិនបានត្រឹមត្រូវតាមការណែនាំ ឬគេចវេសពីការធ្វើចត្តាឡីស័ក។

ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ ពីគេហដ្ឋានផ្ទាល់នាក្រុងតាខ្មៅ ខេត្តកណ្ដាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំទៀតថា នៅពេលបើកសវនាការ ត្រូវតែពាក់ឯកសណ្ឋានគ្រូពេទ្យ ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ហើយសវនាការនេះមិនអាចពន្យាបាននោះទេ ពោលចាប់ខ្លួនភ្លាម ត្រូវបើកសវនាការភ្លាម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ការងារនេះមិនមែនលោកលូកលានក្នុងស្ថាប័នតុលាការនោះទេ ប៉ុន្ដែលោកគ្រាន់តែបញ្ជាទៅកាន់ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌តែប៉ុណ្ណោះ ព្រោះរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ក៏ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយក៏ជាសមាជិករាជរដ្ឋាភិបាល ដើម្បីចូលរួមសហការជាមួយស្ថាប័នតុលាការ ដើម្បីអនុវត្តការងារនេះកាន់តែមានប្រសិទ្ធភាព និងរហ័ស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចំណុចមួយដែលខ្ញុំសុំចេញបទបញ្ជាដាច់ណាត់ត្រួតពិនិត្យម្មត់ចត់អ្នកធ្វើចត្តាឡីស័ក កុំឲ្យចេញក្រៅកន្លែងចត្តាឡីស័ក និងត្រូវអនុវត្តច្បាប់ជាចាំបាច់។ ខ្ញុំសូមស្នើឯកឧត្តម កើត រិទ្ធ ធ្វើការជាមួយតុលាការ ដើម្បីកាត់ទោសចំពោះអ្នកធ្វើចត្តាឡីស័ក មិនបានត្រឹមត្រូវ បើទោះបីដំណាក់កាលកូវីដយើងកាត់បន្ថយចំនួនមនុស្សធ្វើការតាមស្ថាប័ន ប៉ុន្ដែសវនាការកាត់ទោសចំពោះអ្នកបំពានទៅលើករណីកូវីដ ត្រូវតែធ្វើ ហើយធ្វើដោយចាំបាច់ ចាប់យប់នេះស្អែកកាត់។ ខ្ញុំមិនមែនបញ្ជាទៅតុលាការទេ ខ្ញុំបញ្ជាទៅរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ព្រោះរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប៉ុន្ដែរដ្ឋមន្ដ្រីគឺអាចសមាជិករាជរដ្ឋាភិបាល»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា មុនបើកសវនាការក៏ត្រូវធ្វើតេស្ដបុគ្គលនោះផងដែរ ព្រោះដើម្បីដឹងច្បាស់ថា មានកូវីដ ឬគ្មានកូវីដ។ ក្នុងករណីមានកូវីដក៏ត្រូវយកទៅដាក់ពន្ធនាគារដែរ ប៉ុន្ដែត្រូវរៀបចំនៅកន្លែងណាមួយសមស្របជៀសវាងការចម្លងទៅអ្នកដ៏ទៃ។

បើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងការទប់ស្កាត់ជំងឺឆ្លងរីករាលដាលផ្សេងៗ បានចូលជាធរមានហើយ ដូច្នេះត្រូវយកមកប្រើប្រាស់ចំពោះអ្នកដែលល្មើសនឹងច្បាប់នេះ ឲ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍កម្ពុជាបន្ដទៀត៕

អត្ថបទទាក់ទង