ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យរក្សាថ្លៃទំនិញលើទីផ្សារ ក្នុងកាលៈទេសៈដែលប្រទសកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 38
ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យរក្សាថ្លៃទំនិញលើទីផ្សារ ក្នុងកាលៈទេសៈដែលប្រទសកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យរក្សាថ្លៃទំនិញលើទីផ្សារ ក្នុងកាលៈទេសៈដែលប្រទសកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីអំពាវនាវ ស្តីពីការរក្សាថ្លៃទំនិញលើទីផ្សារ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំង នឹងជំងឺ COVID-19 ។

បើតាមសេចក្ដីអំពាវនាវ ក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា ម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញ តាមប្រព័ន្ធអ៊ីនធើណែត (Online) មួយចំនួន បានឆ្លៀតឱកាស លក់ដំឡើង ថ្លៃទំនិញ ដូចជា ម៉ាស់ការពារមុខ អាល់កុលលាងដៃ ចាហួយជាតិអាល់កុលលាងដៃ ឧបករណ៍ស្ទង់កំដៅ និងគ្រឿងឧបភោគ បរិភោគចាំបាច់ សម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃលើទីផ្សារទូទាំងប្រទេស ដែលសកម្មភាពទាំងនេះ អាចបង្កឲ្យមានផលប៉ះពាល់ ដល់សន្តិសុខសង្គមធ្ងន់ធ្ងរ។
ក្នុងស្ថានភាពនេះ ក្រសួងពាណិជ្ជកម្ម សូមធ្វើការអំពាវនាវ ដូចខាងក្រោម៖
១-សូមសាធារណជន មេត្តារក្សានូវភាពហ្នឹងនរ កុំជ្រួលច្របល់ហួសហេតុ នាំឲ្យជនឱកាសនិយម អាចឆ្លៀតយកចំណេញ តាមរយៈការលក់ដំឡើងថ្លៃ ទំនិញដោយមិនសមហេតុផល។
២- សូមម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញ តាមប្រព័ន្ធអ៊ីនធើណែត (Online) ទាំងអស់ ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាស ដំឡើងថ្លៃទំនិញ កេងចំណេញហួសហេតុ
៣-សូមម្ចាស់ហាងលក់ទំនិញ និងអាជីវករទាំងអស់ ត្រូវបិទស្លាកថ្លៃ ជាប្រាក់រៀលលើមុខទំនិញ ដែលចរាចរនៅលើទីផ្សារ សំដៅធានាបាននូវយន្តការ សេដ្ឋកិច្ចទីផ្សារសេរី ការប្រកួតប្រជែងដោយសមធម៌ និងលើកស្ទួយ ដល់ចរាចររូបិយវត្ថុក្នុងស្រុក ក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រជាជនទូទៅ។
ចំពោះមុខទំនិញជា ម៉ាស់ការពារមុខ អាល់កុលលាងដៃ ចាហួយជាតិអាល់កុលលាងដៃ និងឧបករណ៍ស្ទង់កំដៅ អ្នកលក់ត្រូវលើកស្លាកថ្លៃជាប្រាក់រៀល ដែលមានទំហំធំ អាចឲ្យសាធារណជនមើលឃើញច្បាស់ពីចំងាយ។
ក្រសួងពាណិជ្ជកម្មសង្កត់ធ្ងន់ថា នឹងចាត់មន្រ្តីជំនាញ ចូលរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវ ត្រួតពិនិត្យ គុណភាព សុវត្ថិភាព និងថ្លៃទំនិញ ព្រមទាំងអនុវត្ត នូវវិធានការតាមផ្លូវច្បាប់ ក្នុងករណីរកឃើញជនខិលខូច ដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ កេងចំណេញហួសហេតុ។
ក្រសួងសង្ឃឹមយ៉ាងមុតមាំថា សាធារណជន ម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញតាមប្រព័ន្ធអ៊ីនធើណែត (Online) ទាំងអស់ ចូលរួមអនុវត្ត តាមសេចក្តីអំពាវនាវនេះ ដើម្បីអនុវត្តច្បាប់ជាធរមាន និងបង្ហាញពីស្មារតីសាមគ្គីជាតិខ្មែរ ក្រោមដំបូលសន្តិភាព ដែលយើងកំពុងទទួលបាន៕

សូមអានសេចក្តីអំពាវនាវរបស់ក្រសួងពាណិជ្ជកម្មនៅខាងក្រោមដូចតទៅ៖

អត្ថបទទាក់ទង